ជាតិ
សេដ្ឋកិច្ច
ដូនពេញ​, ចំការមន​, ៧​មករា មានតម្លៃ​ដី​ខ្ពស់​ជាងគេ​នៅ​ភ្នំពេញ តែ​ពុំ​សូវ​មាន​កំណើន​
25, Aug 2018 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុងចំណោម​ខណ្ឌ​ទាំង​១២ ក្នុង​រាជធានី​ភ្នំ​ព​ញ ខណ្ឌដូនពេញ​មានតម្លៃ​ដី​ខ្ពស់​ជាងគេ បន្ទាប់មក​ខណ្ឌចំការមន ៧​មករា និង​ខណ្ឌទួលគោក​។ តម្លៃ​ដីធ្លី​ក្នុង​តំបន់​ទាំងនេះ លើកលែងតែ​ខណ្ឌទួលគោក គឺមាន​កំណើន​តិចតួច​បំផុត ក្នុង​ឆមាស​ទី​១​ឆ្នាំនេះ ធៀប​នឹង​ឆមាស​ទី​២​ឆ្នាំ​២០១៧ ដែល​ផ្ទុយ​ពី​ខណ្ឌ​ដែល​កំពុងមាន​អភិវឌ្ឍ​ថ្មីៗ​មួយចំនួន​។ នេះ​បើតាម​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Key Real Estate ។​



អត្ថបទទាក់ទង


​ខណ្ឌដូនពេញ ដី​នៅជាប់​ផ្លូវធំ​មាន​ថ្លៃ​ចន្លោះ​ពី ៣០០០ ទៅ ១២០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រក្រឡា ដែល​ក្នុងនោះ​តំបន់​ផ្សារ​ថ្មី​មានតម្លៃ​ខ្ពស់បំផុត​។ រីឯ​ដី​នៅ​ផ្លូវធំ​បន្ទាប់ គឺមាន​តម្លៃ​ពី ២០០០ ទៅ​៥០០០​ដុល្លារ​។

​ខណ្ឌចំការមន ដី​ជាប់​ផ្លូវធំ​មានតម្លៃ​ពី ២៥០០ ទៅ ៩៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រក្រឡា​។ សង្កាត់​បឹង​កេងកង​១​មានតម្លៃ​ចន្លោះ​ពី ៤០០០ ទៅ ៩៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​។ រីឯ​ដី​នៅ​ផ្លូវធំ​បន្ទាប់ គឺមាន​តម្លៃ​ពី ១៥០០ ទៅ ៤៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រក្រឡា​។​

​ខណ្ឌ​៧​មករា ដី​នៅជាប់​ផ្លូវធំ​មានតម្លៃ ៣៨០០ ទៅ ៧៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រក្រឡា ក្នុងនោះ​សង្កាត់​អូរឫស្សី​មានតម្លៃ​ខ្ពស់​ជាងគេ​។ ចំពោះ​ដី​នៅ​ផ្លូវធំ​បន្ទាប់​ថ្លៃ ២២០០ ទៅ ៥៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រក្រឡា​។

​ខណ្ឌទួលគោក ដី​ជាប់​ផ្លូវធំ​មានតម្លៃ ២៥០០ ទៅ ៥០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រក្រឡា​។ ដី​ជាប់​ផ្លូវធំ​បន្ទាប់ គឺមាន​តម្លៃ​ពី ១៧០០ ទៅ ៣០០០​ដុល្លារ​។
​លោក ស៊ន សៀ​ប នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Key Real Estate ថ្លែងថា ក្រៅពី​ខណ្ឌទួលគោក ខណ្ឌ​ទាំងបី​ខាងលើ​មាន​កំណើន​តម្លៃ​ដី​តិចតួច​ណាស់ ព្រោះ​តំបន់​ទាំងនោះ​មានការ​អភិវឌ្ឍ​រួច​ស្រាប់​ហើយ​។ លោក​បន្ថែមថា​៖«​លើកលែងតែ​ខណ្ឌទួលគោក ដែលមាន​កំណើន​តម្លៃ​ដី ៦,៣​ភាគរយ ព្រោះ​ខណ្ឌ​នេះ​មាន​ដីធ្លី​សក្ដា​ស​នុព​ល​សម្រាប់​ការអភិវឌ្ឍ​បន្តទៀត ពិសេស​គម្រោង​ធំៗ​នៅ​ទីនោះ ដូចជា​នៅ​បឹងកក់​ជាដើម​»​។​

​ដោយឡែក​ដីធ្លី​នៅ​ខណ្ឌ​ដែលមាន​ការអភិវឌ្ឍ​ថ្មីៗ​មួយចំនួន បន្ត​មាន​កំណើន​ខ្ពស់​។ «​ខណ្ឌមានជ័យ​មាន​កំណើន​ប្រមាណ ៦​ភាគរយ ព្រោះ​ខណ្ឌ​នេះ​បាន​ផ្សាភ្ជាប់​ការអភិវឌ្ឍ​ថ្មីៗ​ដូចជា ផ្លូវ​៦០​ម៉ែត្រ​ជាដើម ខណៈ​ខណ្ឌ​សែន​សុខ​មាន​កំណើន ៦,៧​ភាគរយ ដែលមាន​គម្រោង​លំនៅឋាន​ជាច្រើន និង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​នៅ​ទីនោះ​។ ខណ្ឌ​ព្រែក​ព្នៅ​មាន​កំណើន ៧,១​ភាគរយ ព្រោះ​ខណ្ឌ​នេះ​បាន​តោងការ​អភិវឌ្ឍ​ពី​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ជ្រោយចង្វារ និង​មាន​គម្រោង​ពុះ​ដីឡូត៍​លក់​ច្រើន​នៅ​ទីនោះ​»៕


Tag:
 អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com