អន្តរជាតិ
អាមេរិក​ប្រាប់​អ៊ុយ​ក្រែ​ន​៖ ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ត្រូវ​នៅ​ជា​ធរមាន​រហូតដល់​រុស្ស៊ី​ព្រម​ចុះ​ញ៉ម​
25, Aug 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អាមេរិក​ប្តេជ្ញា​រក្សាទុក​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​រហូតដល់​មហាអំណាច​មួយ​នេះ​ផ្លាស់ប្តូរ​ឥរិយាបថ​របស់ខ្លួន​សិន ហើយ​ខ្លួន​បន្ត​គាំទ្រ​ការ​។ ទណ្ឌកម្ម​អាមេរិក​ប្រឆាំង​រុស្ស៊ី គឺ​ឆ្លើយតប​នឹង​ការ​លូកលាន់​ការបោះឆ្នោត​នៅ​អាមេរិក​កាលពី​ឆ្នាំ ២០១៦ និង ការឈ្លានពាន​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ ២០១៤​។​



​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​គៀវ​ប្រទេស​អ៊ុយ​ក្រែ​ន ទីប្រឹក្សា​ប្រធានាធិបតី​អាមេរិក  ច​ន បុល​តុ​ន បានប្រកាសថា អាមេរិក​មិនមាន​គោលការណ៍​បន្ធូរបន្ថយ​ឬ​ដក​ទណ្ឌកម្ម​រុស្ស៊ី​ទេ​។ ការដក​ទណ្ឌ​កម្មនេះ​អាចធ្វើ​ទៅបាន​ដរាបណា អាមេរិក​បានឃើញ​ឥរិយាបថ​វិជ្ជមាន​របស់​រុស្ស៊ី​ជាមុនសិន​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក បុល​តុ​ន និយាយ​ដូច្នេះ​៖ ទណ្ឌកម្ម​ដែលមាន​ទាំង​អម្បាលម៉ាន​ស្ថិតនៅ​ជា​ធរមាន​ដដែល​រហូតដល់​ពេលដែល​មានការ​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​ក្រុង​ម៉ូស្គូ​»​។

​លោក បុល​តុ​ន បាន​និយាយ​ដូច្នេះ​បន្ទាប់ពី​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Petro Poroshenko ជុំវិញ​បញ្ហា​ប្រឈម​ដូច​វិបត្តិ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន និង​លទ្ធភាព​នៃ​ការចូល​ជា​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ​។ លោក បុល​តុ​ន ក៏​ឆ្លៀត​ប្រាប់​មេដឹកនាំ​អ៊ុយ​ក្រែ​ន​ឲ្យ​ប្រុងប្រយ័ត្ន​រឿង​រុស្ស៊ី​លូកលាន់​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំក្រោយ​ដូចគ្នា​។​

​ទាក់ទិន​នឹង​បញ្ហា​សមាជិកភាព​អ៊ុយ​ក្រែ​ន​ក្នុង​អង្គការ​ណា​តូ ទីប្រឹក្សា​សន្តិសុខ​រូបនេះ​បាន​គូស​បញ្ជាក់ដែរថា អ៊ុយ​ក្រែ​ន​កំពុង​ប្រឹងប្រែង​ខ្លាំង​ដើម្បី​ចូល​ជា​សមាជិក​សម្ព័ន្ធ​យោធា​នេះ​ប៉ុន្តែ​វា​នៅមាន​កិច្ចការ​ច្រើន​ដែល​ត្រូវធ្វើ​។

«​បញ្ហា​នៅ​ច្រើន​ទៀតហើយ​វា​ពឹង​ផ្អែកលើ​ការប្រឹងប្រែង​របស់​អ៊ុយ​ក្រែ​ន​ក្នុង​ការបំពេញ​លក្ខខណ្ឌ​ទាំង​ផ្នែក​នយោបាយ និង​យោធា​ដែល​ចាំបាច់​ដើម្បី​ក្លាយជា​សមាជិក​អង្គការ​ណា​តូ​បាន​នោះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក បុល​តុ​ន​។​

​យ៉ាងណាក៏ដោយ ចេតនា​ចង់​ក្លាយជា​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ និង​ជា​សមាជិក​សហភាព​អឺរ៉ុប​របស់​អ៊ុយ​ក្រែ​ន​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ៊ុយ​ក្រែ​ន​ធ្លាក់ខ្លួន​ជួប​វិបត្តិ​នយោបាយ​ឆ្នាំ ២០១៤ និង​ត្រូវ​រុស្ស៊ី​ឈ្លានពាន និង​ត្របាក់​យក​ឧបទ្វីប​គ្រី​មៀ ជា​បន្តបន្ទាប់​។ រុស្ស៊ី​ជំទាស់​ដាច់ខាត​រាល់​ការចូល​រួមជាមួយ​អឺរ៉ុប​ជាពិសេស​សម្ព័ន្ធ​យោធា​នេះ​ព្រោះ​មហាអំណាច​នេះ​ចាត់ទុកថា វា​ជា​គ្រោះថ្នាក់​សម្រាប់​សន្តិសុខរ​បស់​ខ្លួន​ទៅ​ថ្ងៃមុខ​ផង​។ ដូច្នេះហើយ ការឈាន​ជើង​របស់​អ៊ុយ​ក្រែ​ន​ចូលក្នុង​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ជា​រឿង​លំបាក និង​ស្មុគស្មាញ​បំផុត​មួយ​។​

​ជុំវិញ​សមាជិកភាព​របស់​អ៊ុយ​ក្រែ​ន​នេះដែរ លោក បុល​តុ​ន បាន​ពន្យល់​បន្ថែមថា វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវមាន​ការដោះស្រាយ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​ដែល​នៅមាន​ជាមុនសិន​។ ទីប្រឹក្សា​លោក ត្រាំ នេះ​ក៏​ព្រមាន​ដែរ​ថា បើសិនជា​បណ្តោយ​ឲ្យ​បញ្ហា​គ្រី​មៀ និង​ជម្លោះ​ប្រដាប់អាវុធ​ភាគ​ខាងកើត​នៅ​បន្ត​រ៉ាំរ៉ៃ វា​នឹង​កាន់តែ​គ្រោះថ្នាក់​ខ្លាំង​នៅពេល​អនាគត​ផង​៕


Tag:
 អាមេរិក​
  អ៊ុយ​ក្រែ​ន​
  ច​ន បុល​តុ​ន​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com