កីឡាជាតិ
ជាតិ
ពានរង្វាន់សម្តេច ហេង សំរិន ដែលអនុញ្ញាតឲ្យមានកីឡាករអាជីព កើនទាំងប្រាក់រង្វាន់ និងចំនួនក្រុម លោក ធុល នាង ប្រធានគណៈកម្មការរៀបចំការប្រកួតពាន់រង្វាន់សម្តេច ហេង សំរិន ចាប់ឆ្នោតចែកពូល
× ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហេង សំរិន លើកទី២ កើនទាំងប្រាក់រង្វាន់លើកទឹកចិត្ត និងចំនួនក្រុមចូលរួម បើធៀបនឹងលើកទី១។ គណៈកម្មការរៀបចំការប្រកួតអនុញ្ញាតឲ្យក្រុមនីមួយៗដាក់កីឡាករក្នុងលីគកំពូល២នាក់ និងលីគលំដាប់ទី២ចំនួន២នាក់នៅឆ្នាំនេះ។ ពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីពមួយនេះ បង្កើតឡើងដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ និងផ្តល់ឱកាសឲ្យកីឡាករមិនអាជីព ដែលចង់ក្លាយជាកីឡាករអាជីពបានបង្ហាញសមត្ថភាព។
ពានរង្វាន់បាល់ទាត់សម្តេច ហេង សំរិន លើកទី២ឆ្នាំនេះ បានទាក់ទាញក្រុមចូលរួមរហូតដល់២១ក្រុម ដែលចំនួននេះកើនឡើងជិតពាក់កណ្តាលបើធៀបនឹងលើកទី១មាន១៦ក្រុម។ ការកើនឡើងនេះ បញ្ជាក់ឲ្យឃើញថា ពានរង្វាន់ពាក់កណ្តាលអាជីពមួយនេះ ទទួលការគាំទ្រ និងមានទំនុកចិត្តពីបណ្តាក្លិបកីឡាបាល់ទាត់ទាំងចាស់ និងថ្មី។
ទន្ទឹមនឹងការកើនឡើងនេះ លោក ធុល នាង ទីប្រឹក្សាសម្តេច ហេង សំរិន និងជាប្រធានគណៈកម្មការរៀបចំការប្រកួត ស្នើឲ្យកីឡាករទាំងអស់ប្រកួតឲ្យអស់ពីសមត្ថភាពជាមួយការទទួលខុសត្រូវ ពិសេសត្រូវមានការអធ្យាស្រ័យគ្នាទៅវិញទៅមក។ ព្រោះលោកយល់ថា ការប្រកួតបាល់ទាត់ វាមិនអាចចៀសផុតពីការប៉ះទង្គិចគ្នានោះទេ។ តែការប៉ះទង្គិចត្រូវមានកម្រិតតិចតួចបំផុត។
ពាក់ព័ន្ធនឹងគោលបំណង ព្រឹត្តិការណ៍នេះ បង្កើតឡើងដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជា និងផ្តល់ឱកាសឲ្យកីឡាករមិនអាជីពបានបង្ហាញសមត្ថភាពក្នុងការទាក់ទាញចិត្តគ្រូបង្វឹកតាមបណ្តាក្លិបអាជីព ដើម្បីសម្រេចបំណងចង់ក្លាយកីឡាករអាជីពទៅថ្ងៃអនាគត។ «ការបង្កើតពានរង្វាន់នេះឡើង គឺដើម្បីបង្កើនសុខភាព សុខមាលភាព រឹតចំណងសាមគ្គីភាពរវាងក្រុម កីឡាករ និងគ្រូបង្វឹកនៃក្រុមនីមួយ។ លើសពីនេះ ដើម្បីផ្លាស់ប្តូរបទពិសោធ និងបច្ចេកទេសគ្នាទៅវិញទៅមក»។ ជាការបន្ថែមរបស់លោក ធុល នាង។
ដើម្បីបង្កើនការប្រកួតឲ្យកាន់តែមានភាពស្វិតស្វាញនិងតានតឹងជាងមុន គណៈកម្មការរៀបចំការប្រកួតពានរង្វាន់សម្តេច ហេង សំរិន ឆ្នាំនេះ អនុញ្ញាតឲ្យក្រុមនីមួយៗដាក់កីឡាករអាជីពដែលកំពុងលេងក្នុងក្របខណ្ឌលីគកំពូល២រូប និងក្របខណ្ឌលីគទី២ចំនួន២រូប។ ខណៈកាលពីឆ្នាំមុនកីឡាករទាំងនេះ មិនត្រូវបានអនុញ្ញាតឲ្យចូលរួមនោះទេ។
លោក ធុល នាង បានបញ្ជាក់ថា ការអនុញ្ញាតឲ្យដាក់កីឡាករអាជីពនេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធ និងបច្ចេកទេសរវាងកីឡាករមិនអាជីពនិងអាជីព។ លើសពីនេះ ដើម្បីឲ្យកីឡាករមិនអាជីពសិក្សាបច្ចេកទេសពីកីឡាករអាជីពក្នុងការអភិវឌ្ឍសមត្ថភាពឲ្យកាន់តែប្រសើរឡើង។
មិនមែនតែចំនួនក្រុមនោះទេ ដែលកើនឡើង សូម្បីរង្វាន់លើកទឹកចិត្តសម្រាប់ក្រុមជ័យលាភីក៏កើនឡើងផងដែរ។ ក្នុងនោះក្រុមជើងឯកទទួលបាន៣២លានរៀល, លេខ២បាន២០លានរៀល និងលេខ៣បាន១៤លានរៀល។ ខណៈឆ្នាំមុនលេខ១បាន២៥លានរៀល, លេខ២បាន២០លានរៀល និងលេខ៣បាន១៥លានរៀល។ ក្រៅពីនេះ ក៏មានប្រាក់រង្វាន់សម្រាប់កីឡាករល្អ អ្នករកគ្រាប់បាល់បានច្រើនជាងគេ និងក្រុមលេងល្អជាងគេផងដែរ។
ការប្រកួតដែលប្រព្រឹត្តទៅចន្លោះពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី២០ តុលា ឆ្នាំ២០១៨ ចែកចេញជា៤ពូល។ ក្នុងនោះពូល A មាន TN Kandal F.C, សម្ព័ន្ធគណៈកម្មាធិការសម្របសម្រួលនិស្សិត និងបញ្ញាវ័ន្តកម្ពុជា, ដោនថោនស្ព័ត, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង Yara Yaroth, ពូល B មានសម្ព័ន្ធយុវជនមូស្លីមកម្ពុជា, យុវជនបៃតង, Bassac FC, KMH Academy និងបុរីរ៉ាត់អែហ្វស៊ី, ពូល C មាន Pisnoka FC, ISI Group, Madina FC, ព្រះខ័នរាជស្វាយរៀង, ស្នងការនគរបាលខេត្តកំពត និងយុវជនវត្តវារិន្ទព្រែកលៀប, ពូល D មានស្វាយជ្រុំ FC, X-Sport FC, ទន្សោង FC, Avatar FC និងអាណាចក្របៃតង៕
Tag:
បាល់ទាត់
Heng Samrin Cup 2018
ធុល នាង
© រក្សាសិទ្ធិដោយ thmeythmey.com