ជាតិ
ទឹកជំនន់​៖ សមាគម​មីក្រូហិរញ្ញវត្ថុ ស្នើ​ឲ្យ​សមាជិក​ខ្លួន ដោះស្រាយ​ការសង​បំណុល​ឲ្យ​សមស្រប​
26, Aug 2018 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) អះអាងថា​ខ្លួន​កំពុង​យកចិត្តទុកដាក់​ចំពោះ​ផលប៉ះពាល់​របស់​ពលរ​ដ្ឋ​ពី​គ្រោះទឹកជំនន់​។



«​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នឹង​បន្ត​តាមដាន​ស្ថានភាព និង​ផលប៉ះពាល់​ដែល​អាច​កើតមាន​ជាយថាហេតុ ព្រមទាំង​ត្រៀមលក្ខណៈ​សម្បត្តិ​ចូលរួម​ក្នុង​យន្តការ​សមស្រប​ដើម្បី​សម្រាល​បន្ទុក​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយផ្ទាល់​ពី​គ្រោះធម្មជាតិ​ដល់​ជីវភាព និង​ផលរបរ​របស់​ពួកគាត់​»​។ នេះ​បើតាម​សេចក្ដីថ្លែងការណ៍​របស់​សមាគម​នេះ នៅ​ថ្ងៃទី​២៤​ខែសីហា​។​

​ទន្ទឹមនឹងនេះ សមាគម​បាន​អំពាវ និង​លើកទឹកចិត្ត​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បន្ត​ផ្ដល់​ឥណទាន​ដោយ​ប្រុងប្រយ័ត្ន ដោយ​ពិនិត្យ​លទ្ធភាព​ជាក់ស្ដែង និង​ផ្ដល់​យន្តការ​ដោះស្រាយ​ទន់ភ្លន់ ចំពោះ​អតិថិជន​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​គ្រោះទឹកជំនន់​។​

CMA ស្នើ​ឲ្យ​សមាជិក​របស់ខ្លួន បន្ត​តាមដាន​ស្ថានភាព និង​ផលប៉ះពាល់​នៃ​គ្រោះធម្មជាតិ​លើ​អតិថិជន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដោយ​ផ្ដល់​ការគាំទ្រ​ចាំបាច់​ស្របតាម​កាលៈទេសៈ​ជាក់ស្ដែង និង​រាយការណ៍​មក​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ឲ្យ​ទាន់ពេលវេលា​។​

​គួរ​បញ្ជាក់ថា នៅ​ថ្ងៃទី​២៣​ខែសីហា ប្រមុខ​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន បាន​អំពាវ​ឲ្យ​គ្រឹះស្ថាន​ផ្ដល់​កម្ចី បន្ធូរបន្ថយ​បញ្ហា​បំណុល​ចំពោះ​ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​។ ជាមួយគ្នានេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ ក៏បាន​ស្នើ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ស្រដៀង​គ្នា​នេះដែរ ដើម្បី​ឲ្យ​មានការ​យោគយល់​ដល់ក​សិ​ករ​ដែល​រងគ្រោះ​៕
 


Tag:
 CMA
  កម្ចី​
© រក្សាសិទ្ធិដោយ thmeythmey.com