ជាតិ
EU ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​៨១​នាក់ ទៅ​សិក្សា​នៅ​អឺរ៉ុប
26, Aug 2018 , 7:59 am        
រូបភាព
​សហភាព​អឺរ៉ុប​(EU)  បានផ្តល់​អាហារូបករណ៍​ដល់​និស្សិត និង​បុគ្គលិក​សិក្សា​កម្ពុជា​ចំនួន​៨១​នាក់ សម្រាប់​ឆ្នាំ​២០១៨  ទៅ​សិក្សា និង​ទស្សនកិច្ច​នៅតាម​សាកលវិទ្យាល័យ​នានា  នៅ​ប្រទេស​ចំនួន​១២ ក្នុង​តំបន់​អឺរ៉ុប ។​



​អាហារូបករណ៍ Erasmus Plus ឆ្នាំនេះ គឺជា​កម្មវិធី​ផ្លាស់ប្តូរ​ក្រេ​ឌី​ត​(​ការសិក្សា​ចល័ត​) ដែលមាន​រយៈពេល​មួយឆ្នាំ​។  និស្សិត និង​បុគ្គលិក​សិក្សា អាច​ទៅ​សិក្សា និង​ទស្សនកិច្ច នៅតាម​បណ្ដា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ដែល​រួមមាន ប្រទេស​ប៊ែ​ល​ស្ស៊ិ​ក សាធារណរដ្ឋ​ឆែក ហ្វាំ​ង​ឡង់ បារាំង អ៊ីតាលី លូ​ស៊ី​អា​នី ប៉ូឡូញ ព័រ​ទុយ​ហ្គា​ល់ រ៉ូ​ម៉ា​នី អេ​ស្ប៉ា​ញ និង​ប្រទេស​ស៊ុយ​អ៊ែត​។

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨ លោក  George Edgar រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា  មានប្រសាសន៍ថា Erasmus Plus គឺជា​កម្មវិធី​របស់​ស​ហ​ភាព​អឺរ៉ុប ដែល​អនុវត្តន៍​ទូទាំង​សកលលោក  ធ្វើឡើង​ក្នុង​គោលបំណង​ផ្តល់​លទ្ធភាព​ដល់​និស្សិត និង​បុគ្គលិក​សិក្សា ទាំងអស់​ផ្លាស់ប្តូរ​បទពិសោធន៍​សិក្សា​គ្នា​ទៅវិញទៅមក​នៅតាម​ប្រទេស​នានា​។

​រដ្ឋទូត​រូបនេះ បាន​បន្តថា ផ្នែក​នៃ​កម្មវិធី​Erasmus Plus​នេះ មាន​៣​ចំណុច​សំខាន់ៗ ដែល​រួមមាន​៖

១.​កម្មវិធី​ផ្ទេរ​ក្រេ​ឌី​ត​អន្តរជាតិ​៖ នៅក្នុង​កម្មវិធី​នេះ និស្សិត​ដែល​មកពី​សកល​វិទ្យាល័យ​មួយ​ត្រូវ​ចំណាយពេល​មួយចំនួន ក្នុង​សា​លក​វិទ្យាល័យ​មួយទៀត ដើម្បី​បំពេញ​លក្ខណៈ​សិក្សា​ក្នុងការ​ទទួលបាន​សញ្ញា​ប​ត្រ​។

២.​កម្មវិធី​នេះ ផ្តល់​សញ្ញាបត្រ​ជាន់ខ្ពស់​មួយ​រួម ដល់​និស្សិត​បញ្ចា​ប់​ការសិក្សា ដែល​ផ្តល់​ដោយ​គ្រឹះស្ថានសិក្សា​មួយចំនួន​ក្នុង​សហភាព​អឺរ៉ុប​បញ្ចូល​គ្នា​។​

៣.​កម្មវិធី​កសាង​សមត្ថភាព​កម្រិត​ឧ​ត្ត​មសិ​ក្សា ដែលមាន​ការសហការ​គ្នា  រវាង​ប្រទេសមួយ នឹង​ប្រទេស​មួយទៀត ដែល​ផ្តល់​ការកែសម្រួល​កម្មវិធីសិក្សា ការធ្វើ​ទំនើបកម្ម និង​ការកសាង​ទំនាក់ទំនង​ជាដើម​។​

​ជាមួយគ្នានេះ លោក ច​ច អេ​ដ​ហ្គា បាន​ឲ្យ​ដឹងថា តាមរយៈ​កម្មវិធី Erasmus Plus​នេះ  មាន​និស្សិត និង​បុគ្គលិក​សិក្សា​កម្ពុជា ចំនួន ៧០១​នាក់ ដែល​បានទទួល​អាហារូបករណ៍ ទៅ​សិក្សា ឬ​ធ្វើ​បាឋកថា នៅ​សហភាព​អឺរ៉ុប​៕


Tag:
 អប់រំ​
  Erasmus Plus
  EU
  George Edgar
  ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com