កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន អបអរម្ចាស់​មេដាយមាស ខាន់ ចេ​សា និង សាលី អ៊ូ​មើ​ត​
26, Aug 2018 , 12:06 pm        
រូបភាព
ដោយ:
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរសារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដើម្បី​អបអរ​កីឡាការិនី ខាន់ ចេ​សា និង​កីឡាករ សាលី អ៊ូ​មើ​ត ក្រោយ​ពួកគេ​ដណ្តើមបាន​មេដាយមាស​ពី​ព្រឹត្តិការណ៍ Asian Games លើក​ទី​១៨ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។



​តាមរយៈ​សារ​ដែល​បង្ហោះ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៨ សម្តេច ហ៊ុន សែន បានចាត់ទុក​ការ​ឈ្នះ​មេដាយមាស​ពីរ​ក្នុង​ឆ្នាំ​តែមួយ​ខាងលើ ថា​ជា​មោទកភាព​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា​។ លើសពីនេះ វា​បាន​សាង​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​ថ្មី​មួយទៀត ក្នុងការ​បំបែក​កំណត់ត្រា​ក្នុង​រយៈពេល​៦៤​ឆ្នាំ ដែល​កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​ចូលរួម​ព្រឹត្តិការណ៍ Asian Games​។ កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី បាន​សាង​ប្រវត្តិសាស្ត្រ​ដំបូង​គេ​នៅ​ឆ្នាំ​២០១៤ តាមរយៈ​ការ​ឈ្នះ​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​នេះ​នៅ​ទីក្រុង​អ៊ី​ន​ឆន​ប្រទេស​កូរ៉េ​។

​មេដាយមាស​របស់​កីឡាការិនី​ខ្មែរ​-​អាមេរិក ខាន់ ចេ​សា ឈ្នះ​ក្នុង​ប្រភេទ​កីឡា​ជឺ​ជី​តស៊ូ​(Jiu-Jitsu)​ទម្ងន់​ក្រោម​៤៩​គីឡូក្រាម ក្រោយ​យកឈ្នះ​កីឡាការិនី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម Mahra Alhinaai ក្នុង​លទ្ធផល ១០០-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ កីឡាការិនី​វ័យ​១៦​ឆ្នាំ​រូបនេះ​បាន​និយាយថា មេដាយមាស​នេះ​មិនមែន​តែ​សម្រាប់​នាង​នោះទេ តែ​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​គ្រួសារ​របស់​នាង​។​

​ចំណែក​មេដាយមាស​រប​ស់​កីឡាករ​ខ្មែរ​អ៊ិ​ស្លាម សាលី អ៊ូ​មើ​ត ឈ្នះ​ក្នុង​ប្រភេទ​កីឡា​ម៉ូតូ​ទឹក​លើ​វិញ្ញាសា Ski Modified​។ កីឡាករ​រូបនេះ ក៏​ទទួលបាន​មេដាយសំរឹទ្ធ​១​ផងដែរ​លើ​វិញ្ញាសា Runabout 1100 Stock​។

​តាមរយៈ​មេដាយមាស​របស់ ខាន់ ចេ​សា និង​មេដាយមាស និង​សំរឹទ្ធ​របស់ សាលី អ៊ូ​មើ​ត ជួយ​ឲ្យ​កម្ពុជា​ឈរ​លេខ​១៧​បណ្តោះអាសន្ន​ក្នុង​តារាង​មេដាយ​៕  



Tag:
 សម្តេច ហ៊ុន សែន​
  ខាន់ ចេ​សា​
  សាលី អ៊ូ​មើ​ត​
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com