កីឡាជាតិ
ជាតិ
លីគ៖ ស្វាយរៀងស្វាគមន៍បឹងកេត ឯថាយហ្គឺរប៉ះអាស៊ីអឺរ៉ុប ខណៈអគ្គិសនីជួបវេស្ទើន សកម្មភាពប្រកួតភ្នំពេញក្រោនយកឈ្នះអគ្គស្នងការនគរបាលជាតិ ១-០ នៅពហុកីឡដ្ឋានជាតិ
× ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគបានឈានដល់ការប្រកួតសប្តាហ៍ទី១៩ ដោយនៅថ្ងៃទី២៦ ខែសីហានេះ មានការប្រកួតចំនួន៣គូ។ ក្នុងនោះព្រះខ័នរាជស្វាយរៀងស្វាគមន៍ជើងខ្លាំងបឹងកេត ក្រោយអង្គរថាយហ្គឺរជួបអាស៊ីអឺរ៉ុប និងអគ្គិសនីកម្ពុជាប៉ះវេស្ទើនភ្នំពេញ។
ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមបឹងកេត សម្រាប់ជំនួបសប្តាហ៍ទី១៩ពានរង្វាន់ខេមបូឌានលីគនៅម៉ោង៨ល្ងាចនេះ។ ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ ស្ថិតនៅលេខ៦ក្នុងតារាងមេដាយ ដោយមាន២៦ពិន្ទុក្នុងដៃ។ ចំណែកបឹងកេតស្ថិននៅលេខ៣ក្នុងតារាងមាន៤២ពិន្ទុ ក្រោយ១៨ប្រកួតកន្លងមកឈ្នះ១៣ ស្មើ៣ និងចាញ់២។ កាលប៉ះគ្នាក្នុងជើងទី១បឹងកេតបានយកឈ្នះក្នុងលទ្ធផល ៣-១។
នៅថ្ងៃអាទិត្យនេះដែរ អង្គរថាយហ្គឺរ ត្រូវប្រជែងតទល់ជាមួយអាស៊ីអឺរ៉ុបនៅម៉ោង៣:៣០នាទីរសៀលនាកីឡដ្ឋានខេត្តសៀមរាប។ កាលជួបគ្នាជើងទី១ ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ នៅទឹកដីអាស៊ីអឺរ៉ុប។ ក្រុមប្រើប្រាស់កីឡដ្ឋានខេត្តសៀមរាបជាមូលដ្ឋានអង្គរថាយហ្គឺរ ស្ថិតនៅលេខ៨ក្នុងតារាង ខណៈអាស៊ីអឺរ៉ុបស្ថិតនៅលេខ៩ ដោយមាន២២ពិន្ទុស្មើគ្នា។
នៅម៉ោង៣រសៀលនេះ ក្រុមអគ្គិសនីកម្ពុជា ដែលស្ថិតនៅលេខ១១ក្នុងតារាង ត្រូវបើកទ្វារកីឡដ្ឋានអគ្គិសនីស្វាគមន៍ក្រុមបាតតារាងវេស្ទើនភ្នំពេញ។ នាការប្រកួតជើងទី១នៅទឹកដីវេស្ទើន ក្រុមអគ្គិសនីកម្ពុជាបានឈ្នះវេស្ទើនភ្នំពេញក្នុងលទ្ធផល ២-០។
សម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៍ទី២៥ ខែសីហា ក្រុមណាហ្គាវើលបានយកឈ្នះសូលទីឡូអង្គរក្នុងលទ្ធផល ២-០ នាជំនួបនៅកីឡដ្ឋានខេត្តសៀមរាប ដើម្បីបន្តឈរកំពូលតារាងបណ្តោះអាសន្ន ដោយមាន៤៧ពិន្ទុក្នុងដៃ។ នៅកីឡដ្ឋានស្តាតចាស់ ក្រសួងការពារជាតិបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយវិសាខា។ ចំណែកភ្នំពេញក្រោនយកឈ្នះអគ្គស្នងការនគរបាលជាតិក្នុងលទ្ធផល ១-០ នៅពហុកីឡដ្ឋានជាតិ៕
Tag:
បឹងកេត
Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com