ជាតិ
រដ្ឋាភិបាល​គ្រោង​យក​វត្ត​អារាម​ដែល​លេចធ្លោ​ជាងគេ បង្កើតជា​តំបន់​ទេសចរណ៍​
27, Aug 2018 , 7:59 am        
រូបភាព
រូបភាពពីហ្វេសប៊ុក ក្រសួងទេសចរណ៍ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍
រូបភាពពីហ្វេសប៊ុក ក្រសួងទេសចរណ៍ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍
ដោយ:
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ និង​ក្រសួង​ធម្មការ និង​សាសនា នឹង​រៀបចំ​វត្ត​អារាម​ដែលមាន​ភាពលេច​ធ្លោ​ជាងគេ នៅតាម​តំបន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ ឲ្យ​ក្លាយទៅជា​វត្ត​ទេសចរណ៍​ដ៏​ទាក់ទាញ ដើម្បី​ចូលរួម​លើកកម្ពស់​សក្តានុពល​ទេសចរណ៍ ឲ្យ​កាន់តែ​រីកចម្រើន​ឡើង​ថែមទៀត​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​២៣ ខែសីហា​។​


 
​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក ទិ​ត ចន្ថា បាន​បញ្ជាក់ថា ការរៀបចំ​ឲ្យ​មាន​«​វត្ត​ទេសចរណ៍​»​គឺជា​ការជំរុញ​ឲ្យ​ទី​អារាម​សំខាន់ៗ នៅក្នុង​តំបន់​គោលដៅ​ទេសចរណ៍ ប្រែក្លាយ​ទៅជា​កន្លែង​ទាក់ទាញ​ទេសចរ និង​ទទួល​ទេសចរ​ទៅ​ទស្សនា​នៅក្នុង​ទី​អារាម​ទាំងនោះ ស្របតាម​គោលនយោបាយ​រដ្ឋាភិបាល ដែល​កំពុង​ជំរុញ​ទេសចរ​ជាតិ​-​អន្តរជាតិ ឲ្យ​ទៅ​ទស្សនា​នៅ​គ្រប់​គោលដៅ​នៃ​ប្រទេស​កម្ពុជា​។ 
 
​លោក ទិ​ត ចន្ថា បាន​និយាយថា​វត្ត​លេចធ្លោរ​ជាងគេ ត្រូវមាន​ទីតាំង​ល្អ និង​ប្រវត្តិ​អស្ចារ្យ ព្រមទាំង​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ល្អ ដោយមាន​កិត្តិនាម​ល្បីល្បាញ​ផង​។ ចំណែក​ព្រះសង្ឃ ឬ​អាចារ្យវត្ត ក៏​អាច​ធ្វើជា​មគ្គុទ្ទេសក៍​ទេសចរ ដើម្បី​បង្ហាញ​ពី​ប្រវត្តិ​និង​រឿងរ៉ាវ​ពាក់ព័ន្ធ​វត្ត​ទាំងនោះ​ផងដែរ​។​
 
«​វត្ត​អារាម​នៅតាម​តំបន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ​មួយចំនួន កំពុង​រៀបចំ​បណ្ដើរៗ នឹងមាន​ទេសចរ​ទស្សនា​ជា បន្តបន្ទាប់​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​លេខាធិការ ដែល​បាន​បន្ថែមថា ក្រុមមន្ត្រី​អន្តរក្រសួង នឹង​ជួប​ពិភាក្សាគ្នា​ម្ដងទៀត​ក្នុងការ​ប្រមូល​ធាតុ​ចូល​បន្ថែម ដើម្បី​ដាក់ជូន​រដ្ឋមន្ត្រី​សម្រេច​ការងារ​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០១៨ ឬ​អាច​នៅ​ដើមឆ្នាំ​២០១៩​។ 
​ការរៀបចំ​វត្ត​ទេសចរណ៍​នេះ មាន​គោលដៅ​សំខាន់​ចំនួន​២ រួមមាន​គឺ​៖ គោលដៅ​ទី​១ គឺ​ទាក់ទាញ​ភ្ញៀវទេសចរ ឲ្យ​ស្នាក់​នៅបាន​រយៈពេល​យូរ ដោយ​ចំណាយ​ប្រាក់​ច្រើន​នៅ​កម្ពុជា ក៏ដូចជា​ផ្ដល់នូវ​ប្រាក់ចំណូល ដល់​វត្ត​ផងដែរ​។ សម្រាប់​គោលដៅ​ទី​២ គឺ​ផ្ដល់​ការអប់រំ និង​ការយល់ដឹង​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ក្នុងការ​សិក្សា​ស្វែងយល់​ពី​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា ដែលជា​សាសនា​របស់​រដ្ឋ​ជាដើម​។ នេះ​បើតាម​ក្រសួងទេសចរណ៍​៕

Tag:
 វត្ត​ទេសចរណ៍​
 ​ទិ​ត ចន្ថា
© រក្សាសិទ្ធិដោយ thmeythmey.com