កីឡាជាតិ
ជាតិ
Asian Games៖ សាលី អ៊ូ​មើ​ត ត្រូវបាន​ថ្នាក់ដឹកនាំ​ស្នើ​ឲ្យ​ដកខ្លួន​ពី​ការប្រកួត​វិញ្ញាសា​ម៉ូតូ​ធំ​
26, Aug 2018 , 11:20 pm        
រូបភាព
ដោយ:
​ក្រោយ​ប្រកួត​បាន​មួយ​ជុំ កីឡាករ សាលី អ៊ូ​មើ​ត ម្ចាស់​មេដាយមាស​លើ​វិញ្ញាសា Ski Modified ត្រូវបាន​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​ស្នើ​ឲ្យ​ដកខ្លួន​ពី​ការប្រកួត​លើ​វិញ្ញាសា​ម៉ូតូ​ធំ (Endurance Runabout Open) សម្រាប់​ការប្រកួត Asian Games នៅ​ឥណ្ឌូណេស៊ី​។ ការស្នើ​បែបនេះ ព្រោះ​មិន​ចង់​ឲ្យ​របួស​ស្មា​របស់​កីឡាករ សាលី អ៊ូ​មើ​ត មាន​បញ្ហា​កាន់តែ​ធ្ងន់​។


     
 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់ថា លោក និង​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​បានសម្រេច​ឲ្យ​កីឡាករ សាលី អ៊ូ​មើ​ត ដកខ្លួន​ពី​ការប្រកួត​វិញ្ញាសា​ម៉ូតូ​ធំ បន្ទាប់ពី​គ្រូពេទ្យ​ពិនិត្យឃើញថា រូបគេ​មាន​របួស​ដៃ​(​ធ្លាក់​ស្មា​)​។ នាយ​បេសកកម្ម​រូបនេះ​បន្ថែមថា បើ​មិន​សម្រេច​បែបនេះ​ទេ អាចធ្វើ​ឲ្យ​របួស​របស់ អ៊ូ​មើ​ត មាន​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​។​
 
​បញ្ហា​របួស​នេះ បាន​ក្លាយជា​បញ្ហា​រាំងស្ទះ​នាំ​ឲ្យ សាលី អ៊ូ​មើ​ត ធ្វើ​មិន​បានល្អ​សម្រាប់​ការប្រកួត​ជុំ​ទី​១​លើ​វិញ្ញាសា​នេះ ដោយ​រូបគេ​បានបញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៩​ក្នុងចំណោម​កីឡាករ​១៣​រូប ក្រោយ​រកបាន​៣២៦​ពិន្ទុ​។ បញ្ហា​របួស​ធ្លាក់​ស្មា​នេះ គឺ​កើតឡើង​ក្នុងអំឡុងពេល​រូបគេ ខិតខំ​ប្រឹងប្រែង​ប្រកួត​ដណ្តើមយក​មេដាយមាស​លើ​វិញ្ញាសា Ski Modified និង​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា Runabout 1100 Stock​។     
 
​គិត​ត្រឹម​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៨ កម្ពុជា​ស្ថិតនៅ​លេខ​២២​បណ្តោះអាសន្ន​ក្នុង​តារាង​មេដាយ ក្រោយ​ឈ្នះ​មេដាយមាស​ពីរ និង​សំរឹទ្ធ​មួយ​។ អត្ត​ព​លិ​ក​ចិន​បន្ត​គ្រង​កំពូល​តារាង​មេដាយ ក្រោយ​ឈ្នះ​មេដាយមាស​៧៨ ប្រាក់​៥៩ និង​សំរឹទ្ធ​៣៧ ហើយ​តាម​ពីក្រោយ​ដោយ​កូរ៉េខាងត្បូង អ៊ីរ៉ង់ និង​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​៕  
 

Tag:
 ​ម៉ូតូ​ទឹក​
  វ៉ា​ត់ ចំរើន​
  សាលី អ៊ូ​មើ​ត​
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com