ជាតិ
២៥ខេត្ត/រាជធានី
​លោក ហៃ លី​អ៊ាង អ្នកវិនិយោគ​ក្នុង​-​ក្រៅប្រទេស​បង្ហាញ​សក្តានុពល​វិស័យ​កសិកម្ម​ខ្មែរ​
27, Aug 2018 , 11:14 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បើទោះបីជា​មានមតិ​មួយចំនួន​លើកឡើងថា វិស័យ​កសិកម្ម​ខ្មែរ​កំពុង​ប្រឈម​នឹង​បញ្ហា​មួយចំនួន​យ៉ាងណាក្តី តែ​លោក ហៃ លី​អ៊ាង ស្ថា​និក​ក្រុមហ៊ុន Confirel និង​ក្រុមហ៊ុន​ឱសថ PPM នៅតែ​បន្ត​លើកស្ទួយ​វិស័យ​មួយ​នេះ​ជា​បន្តបន្ទាប់​។ ឱសថការី​រូបនេះ គឺជា​អ្នកជំនួញ​ទី​១​ដែល​បាន​ផលិត​ផលិតផល​ច្រើន​មុខ​ចេញពី​ដើមត្នោត​។ ដើមត្នោត គឺជា​និមិត្តរូប​នៃ​ប្រទេស​កម្ពុជា​។ ក្រៅពី​ផ​លិ​ផ​ផល​ត្នោត​, លោក លី​​អ៊ាង ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នក​មានគំនិត​ច្នៃប្រឌិត​ច្រើន និង​ចូលចិត្ត​បង្កើត​អ្វីដែល​ថ្មី​នោះ បាន​ផលិត​ម្រេច កៅស៊ូ និង​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម​ដទៃ​ទៀត​នៅ​កាន់​ទីផ្សារ​អឺរ៉ុប និង​ទីផ្សារ​ដទៃទៀត​។

 
​លោក ហៃ លី​អ៊ាង នឹង​ផ្តល់​បទពិសោធ​ការផលិត និង​យុទ្ធសាស្ត្រ​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​បរទេស​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​អ្នកសារព័ត៌មាន​មកពី​តាម​បណ្តា​ខេត្ត​ស្តីពី​សេចក្តីរាយការណ៍​លើ​ប្រធានបទ​កសិកម្ម ទេសចរណ៍ ជំនួញ​ខ្នាតតូច និង​មធ្យម នៅតាម​បណ្តា​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា​។ 


 
​វគ្គ​បណ្តុះបណ្តាល​នេះ​រៀបចំឡើង​ដោយ​ទូរទស្សន៍​បារាំង CFI (Canal France International) និង​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (Thmeythmey.com) នៅ​ទីស្នាក់ការ​ក្រុមហ៊ុន​រថយន្ត Mercedes-Benz នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៨​ខាងមុខនេះ​។ សិក្ខាកាម​ដែលជា​អ្នកសារព័ត៌មាន​វ័យក្មេង​ជិត​១០​នាក់​មកពី​តាម​បណ្តា​ខេត្ត នឹងចូលរួម​សិក្សា​រយៈ​ពេល​១​សប្តាហ៍​ពេញ​នៅ​រាជធានី​ភ្នំពេញ​។ លោក ហៃ លី​អ៊ាង ត្រូវបាន​អញ្ជើញ​ជា​វាគ្មិន​ជំនាញ​ផ្នែក​កសិកម្ម​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​។ 
 
​នៅក្នុង​វគ្គ​សិក្សា​នេះ អ្នកចូលរួម​នឹង​ទទួលបាន​ចំណេះដឹង​ពី​របៀប​សរសេរ​សម្រាប់​សារព័ត៌មាន​សរសេរ​, សម្រាប់​វិទ្យុ និង​សម្រាប់​ទូរទស្សន៍​។ សាស្ត្រាចារ្យ​សារព័ត៌មាន​ដ៏​ល្បី​តំណាង​ឲ្យ​ទូរទស្សន៍​បារាំង Canal France International (CFI), គឺ​លោក François Gerles នឹងធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ដើម្បី​បើក​វគ្គ​បណ្តុះបណ្តាល​អ្នក​កាសែត​តាម​ខេត្ត​នៃ​សារព័ត៌មាន Thmeythmey.com នៅ​រាជធានី​ភ្នំពេញ​។ 

 
​លោក François Gerles គឺជា​អ្នកសារព័ត៌មាន​ដ៏​ល្បីល្បាញ​ម្នាក់​ក្នុងចំណោម​អ្នកសារព័ត៌មាន​ជនជាតិ​បារាំង​។ លោក​ធ្លាប់បាន​ប្រឡូក​ការងារ​ក្នុង​វិស័យ​សារព័ត៌មាន​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ​។ លោក François Gerles ធ្លាប់បាន​បម្រើការ​នៅក្នុង​អង្គភាព​សារព័ត៌មាន​ល្បីៗ​ជាច្រើន​កន្លែង​ទាំង​នៅក្នុង​ប្រទេស​បារាំង ទាំង​នៅ​បរទេស ហើយ​ក្នុងនោះ ក៏​ធ្លាប់​ធ្វើការ​ជា​អ្នកសារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ នៅក្នុង​ប្រទេស​កម្ពុជា លោក​ធ្លាប់ធ្វើ​កិច្ច​ជា​អ្នកជា​អ្នក​ប្រឹក្សា​ជំនាញ​សារព័ត៌មាន​ឲ្យ​ស្ថាប័ន​ធំៗ​ជាច្រើន​កន្លែង និង​ធ្លាប់​ធ្វើជា​និពន្ធ​នាយករង​នៃ​កាសែត​បារាំង Cambodge Soir ផងដែរ​។ ស្ថិតក្នុង​វ័យ​ជាង​៤០​ឆ្នាំ​, លោក François Gerles មានបទពិសោធន៍​ខ្ពស់​ក្នុង​អាជីព​សារព័ត៌មាន​។ សម្រាប់​គម្រោង​ទូរទស្សន៍​បារាំង CFI ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey, លោក François ត្រូវបាន​ទូរទស្សន៍​បារាំង​ដ៏​ល្បី​មួយ​នេះ​ជ្រើសរើស​ឲ្យ​ធ្វើជា​សាស្ត្រាចារ្យ​បង្ហាត់​អ្នកសារព័ត៌មាន​វ័យក្មេង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ 

 
​ងាក​មក​អ្នកជំនួញ​លោក ហៃ លី​អ៊ាង ស្ថា​និក​ក្រុមហ៊ុន Confirel និង​ក្រុមហ៊ុន​ឱសថ​វិញ ក្រៅពី​ផលិតផល​ម្រេច​, ផលិតផល​ត្នោត និង​ថ្នាំពេទ្យ ក្រុមហ៊ុន​ខ្មែរ Confirel របស់លោក ហៃ លី​អ៊ាង ត្រៀម​នាំចេញ​ផ្លែស្វាយ​៥០០​តោន​, ផ្លែ​មៀន និង​ផ្លែ Passion ទៅ​ទីផ្សារ​អឺរ៉ុប​។ តាមពិត ក្រុមហ៊ុន Confirel ធ្លាប់បាន​នាំចេញ​ផ្លែស្វាយ​ខ្មែរ​២៥០​តោន​កាលពី​ឆ្នាំមុន និង​គ្រោង​នាំចេញ​៥០០​តោន​បន្ថែមទៀត​នៅ​ចុងឆ្នាំ​២០១៨​នេះ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​។ មិនមែន​តែ​ក្រុមហ៊ុន Confirel មួយ​ទេ​ដែល​បាន​នាំចេញ​ផ្លែស្វាយ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​នោះ តាមពិត ក្រុមហ៊ុន​លោក ម៉ុង​ឫទ្ធី ក៏​ធ្លាប់បាន​នាំចេញ​ផ្លែស្វាយ​ច្រើន​រយ​តោន​ក្នុង​មួយឆ្នាំៗ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ដែរ​។ ផ្លែស្វាយ​១​តោន​ត្រូវបាន​គេ​លក់​នៅលើ​ទីផ្សារ​អឺរ៉ុប​ក្នុងតម្លៃ​ជាង​៥​ពាន់​អឺរ៉ូ​(​មួយ​អឺរ៉ូ​មានតម្លៃ​ជាង​១​ដុល្លារ​)៕ 


 

Tag:
 កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com