កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុម​រួបរួម​កូរ៉េ ឈ្នះ​មេដាយមាស​រួមគ្នា​លើកដំបូង​ពី​កីឡា​អាស៊ី​
27, Aug 2018 , 12:01 pm        
រូបភាព
ក្រុមរួបរួមកូរ៉េ ឈ្នះមេដាយមាសរួមគ្នាលើកដំបូងពីកីឡាអាស៊ី។ រូបថត AFP
ក្រុមរួបរួមកូរ៉េ ឈ្នះមេដាយមាសរួមគ្នាលើកដំបូងពីកីឡាអាស៊ី។ រូបថត AFP
​ក្រុមកីឡា​ការិនី​កូរ៉េ​តែមួយ ដែល​រួមបញ្ចូល​គ្នា​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​អាច​ដណ្តើមបាន​មេដាយមាស​១ និង​សំរឹទ្ធ​១​ជា​លើកដំបូង​របស់​ពួកគេ​ក្នុង​ប្រវត្តិសាស្ត្រ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games ឆ្នាំ​២០១៨ នៅ​ឥណ្ឌូណេស៊ី​។


 
​ក្រុម​កូរ៉េ​បាន​យកឈ្នះ​មេដាយមាស​លើ​វិ​ញ្ញា​ប្រណាំងទូក​កា​នូ​នារី​ជា​ក្រុម (Canoe TBR) ចម្ងាយ​៥០០​ម៉ែត្រ​ដោយ​ប្រើ​រយៈពេល​២៤.៧៨៨​នាទី ដោយ​នាំមុខ​គូប្រជែង​ចិន និង​ថៃ ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​២៦ ខែសីហា​។ 
 
​នេះ​ជាការ​ទទួលបាន​មេដាយមាស​លើកដំបូង​ពី​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​លំដាប់​ទី​២​ពិភព លោក​សម្រាប់​ក្រុម​កូរ៉េ​ទាំងពីរ​ដែល​អាក់ខាន​រយៈពេល​ជិត​៣​ទសវត្សរ៍​មកហើយ ក្រោយ​ពួកគេ​ឈ្នះ​ពានរង្វាន់​រួមគ្នា​ចុងក្រោយ​ដោយ​ក្រុម​ស្ត្រី​ដូចគ្នានេះ​ដែល​បាន​គ្រង​ជើងឯក​វាយ​កូនឃ្លី​លើ​តុ​ពិភពលោក​ឆ្នាំ​១៩៩១​។​
 
​ក្រៅពី​មេដាយមាស កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ក៏បាន​ប្រជែង​ឈ្នះ​មេដាយ​សំរឹទ្ធ​១​លើ​វិ​ញ្ញា​ប្រណាំងទូក​កា​នូ​នារី​ជា​ក្រុម (Canoe TBR) ចម្ងាយ​២០០​ម៉ែត្រ​ផងដែរ​។​
​កូរ៉េ​ទាំងពីរ បាន​ដើរ​ក្បួន​រួមគ្នា​ក្រោម​ទង់ជាតិ​កូរ៉េ​តែមួយ នា​ពិធី​បើកផ្លូវ​ការណ៍​កីឡា​អាស៊ី​លើក​ទី​១៨ ដោយមាន​កីឡាការិនី​បាល់បោះ​កូរ៉េខាងត្បូង Lim Yung-hui រួមជាមួយ​កីឡាការិនី​បាល់ទាត់​កូរ៉េខាងជើង Ju Kyong Chol​។​
 
​ដោយឡែក​សម្រាប់​ការ​ប្រ​ជែ​មេដាយ​ឲ្យ​ប្រទេស​រៀងៗ​ខ្លួន កូរ៉េខាងត្បូង​ទទួលបាន​មេដាយ​សរុប​៩៦ ក្នុងនោះ​មេដាយមាស​២៨ ប្រាក់​៣១ និង​សំរឹទ្ធ​៣៧ ឈរ​នៅ​លេខ​រៀង​ទី​៣​ក្នុង​តារាង​ចំណាត់ថ្នាក់​បណ្តោះអាសន្ន រីឯ​កូរ៉េខាងជើង​ទទួលបាន​មេដាយ​សរុប​២៣ ក្នុងនោះ​មាស​១១ ប្រាក់​៥ សំរឹទ្ធ​៧ ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៦ ក្នុងចំណោម​ប្រទេស​ចូលរួម​សរុប​៤៥៕
 

Tag:
 Asian Games
  ឥណ្ឌូណេស៊ី​
  កូរ៉េខាងជើង​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com