អន្តរជាតិ
អ៊ីរ៉ង់ប្តឹង​អាមេរិក​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ជុំវិញការ​ដាក់ទណ្ឌកម្ម​ប្រឆាំង​ខ្លួន​ឡើងវិញ​
27, Aug 2018 , 3:45 pm        
រូបភាព
​ដើម​សប្តាហ៍​នេះ តំណាង​រដ្ឋាភិបាល​អ៊ីរ៉ង់​ផ្តល់​ហេតុផល​ចំពោះមុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ប្រឆាំងនឹង​ការដាក់ទណ្ឌកម្ម​ឡើងវិញ​របស់​ក្រុង​វ៉ាស៊ីនតោន ក្រោយ​ចាក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ កាលពី​ខែឧសភា​កន្លងទៅ​។ អ៊ីរ៉ង់​លើក​ហេតុផល​ថា អាមេរិក​បន្ត​រំលោភ​លើ​សន្ធិសញ្ញា​ទ្វេភាគី​ដែល​ខ្លួន និង​អាមេរិក​ចុះ​រួមគ្នា​កាលពី​ឆ្នាំ ១៩៥៥​។


 
 សមរភូមិ​ផ្លូវច្បាប់​រវាង​អ៊ីរ៉ង់ និង​អាមេរិក​ត្រូវចាប់​ផ្តើមឡើង​នៅ​ចុងខែ​សីហា​នេះ​បន្ទាប់ពី​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​សម្រេច​ដាក់ពាក្យ​ប្តឹង​អាមេរិក​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​កាលពី​ខែកក្កដា​។ បណ្តឹង​របស់​អ៊ីរ៉ង់​គឺ​ស្នើ​ឲ្យ​តុលា​ការចេញ​សេចក្តីសម្រេច​ប្រញាប់​ដើម្បី​ទាមទារ​ឲ្យ​អាមេរិក​លើក​ទណ្ឌកម្ម​ប្រឆាំង​ខ្លួន​វិញ​។​
 
 យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ​ទី ២៧ ខែសីហា​នេះ អ៊ីរ៉ង់​នឹង​ផ្តល់​ហេតុផល​ប្រឆាំងនឹង​ចំណាត់ការ​អាមេរិក​នៅ​ចំពោះមុខ​ចៅក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​។ ប៉ុន្តែ​វា​ទំនងជា​ត្រូវការ​ពេលវេលា​ច្រើន​ខែ​ទម្រាំ​តុលាការអន្តរជាតិ​នេះ​អាច​ចេញ​សេចក្តីសម្រេច​បណ្តោះអាសន្ន​តាម​ការស្នើសុំ​របស់​អ៊ីរ៉ង់​បាន​។ 
 
​អ៊ីរ៉ង់​ប្តឹង​អាមេរិក​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដោយ​សម្អាងថា ការខ្លួន​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ (JCPOA) និង​ប្រកាស​ដាក់ទណ្ឌកម្ម​ប្រឆាំង​ខ្លួន​ឡើងវិញ​ជាការ​បំពាន​លើ​សន្ធិសញ្ញា​ទ្វេភាគី ស្តីពី​ចំណងមិត្តភាព ទំនាក់ទំនង​សេដ្ឋកិច្ច និង​សិទ្ធិ​កុងស៊ុល (Amity, Economic Relations and Consular Rights Treaty)​។ សន្ធិសញ្ញា​នេះ​ត្រូវបាន​ចុះ​រួមគ្នា​រវាង​អាមេរិក និង​អ៊ីរ៉ង់​នៅ​ឆ្នាំ ១៩៥៥ ជាច្រើន​ទសវត្ស​ន៍​មុន​មាន​បដិវត្តន៍​ឥស្លាម​នៅ​អ៊ីរ៉ង់​ឆ្នាំ ១៩៧៩​ដែល​បញ្ចប់​របបរាជានិយម​ដែល​ស្និទ្ធ​នឹង​អាមេរិក​នោះ​។ 
 
​ក្រោយ​លោក ត្រាំ សម្រេច​ចាកចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​ចុះហត្ថលេខា​ដោយ​អតីត​ប្រធានាធិបតី បា​រ៉ា​ក់​អូ​បា​ម៉ា ទណ្ឌកម្ម​អាមេរិក​ទាំង​អម្បាលម៉ាន​ដែល​ត្រូវបាន​លើកលែង​ក្រោម​អំណាច​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ បាន​ចូល​ជា​ធរមាន​ឡើងវិញ​នៅ​ដើមខែ​សីហា​នេះដែរ​។ ចំណែក​ទណ្ឌកម្ម​ជំហាន​ទី​ពីរ​នឹង​ចូល​ជាធរ​មាននៅ​ដើមខែ​វិច្ឆិកា​ខាងមុខ​ដោយមាន​គោលដៅ​ប្រឆាំង​វិស័យ​សំខាន់ៗ​ដែលជា​ដង្ហើម​សេដ្ឋកិច្ច​អ៊ីរ៉ង់​មានដូចជា​ធនធាន​ប្រេង​និង​ថាមពល​។​
 
​ត្រឡប់មកវិញ ពេល​អ៊ីរ៉ង់​ដាក់​បណ្តឹង​ទៅកាន់​តុលាការ​ខែកក្កដា ក្រសួងការបរទេស​អា​មេ​រិ​ក​បានប្រកាសថា សំ​ណុ​រឿង​អ៊ីរ៉ង់​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ឡើយ ប៉ុន្តែ​ខ្លួន​នឹង​ប្រយុទ្ធ​ជាមួយ​អ៊ីរ៉ង់​នៅក្នុង​សង្វៀន​តុលាការអន្តរជាតិ​នេះ​។  វា​បានន័យថា អាមេរិក​ទទួលយក​យុត្តាធិការ​តុលាការអន្តរជាតិ​ឲ្យ​ជួយ​កាត់សេចក្តី​ចំពោះ​សំណុំរឿង​ក្តីក្តាំ​រវាង​ខ្លួន​និង​អ៊ីរ៉ង់​ផង​។​
 
​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៤៦ តុលាការ​យុត្តិធម៌​អន្តរជាតិ​មានអំណាច​ដោះស្រាយ​ជម្លោះ​រវាង​រដ្ឋ​និង​រដ្ឋ​។ ដូច​បានបញ្ជាក់​ខាងដើម​ស្រាប់ ក្នុងការ​ដោះស្រាយ​សំណុំរឿង​អ៊ីរ៉ង់​នេះ តុលាការ​ទំនងជា​ត្រូវការ​ពេល​ច្រើន​សប្តាហ៍​ទើប​អាច​ចេញ​សេចក្តីសម្រេច​បណ្តោះអាសន្ន​បាន ហើយ​វា​ក៏ត្រូវ​ការរាប់​ឆ្នាំ​ដែរ​ដើម្បី​ចេញ​សេចក្តីសម្រេច​ចុងក្រោយ​។​
 
​យ៉ាងណាក៏ដោយ អ្វីដែល​គេ​ព្រួយបារម្ភ​គឺ​សេចក្តីសម្រេច​របស់​តុលា​ការដែល​មិនត្រូវ​បាន​ភាគី​គោរព​។ ថ្វីបើ​សេចក្តីសម្រេច​របស់​តុលាការអន្តរជាតិ​នេះ​មាន​អនុភាព​គតិយុត្តិ​ក៏ដោយ តុលាការ​នេះ​គ្មាន​អំណាច​ចាប់បង្ខំ​ឲ្យ​ភាគី​អនុវត្ត​ឡើយ​។ គេ​ធ្លាប់​ឃើញ​ហើយ សហរដ្ឋអាមេរិក​ធ្លាប់​ទាត់ចោល​សេចក្តីសម្រេច​របស់​តុលាការ​ឆ្នាំ ១៩៨៦ ដែល​កាត់ក្តី​ឲ្យ​មហាអំណាច​នេះ​ចាញ់​ប្រទេស​នី​កា​រ៉ា​ហ្គា​នោះ​៕
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
 JCPOA
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com