កសិករ​ស្រុក​បន្ទាយស្រី​កំពុង​ផលិត​ប្រេង​ស្លឹកគ្រៃ​ដំបូង​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កសិករ​ស្រុក​បន្ទាយស្រី​កំពុង​ផលិត​ប្រេង​ស្លឹកគ្រៃ​ដំបូង​
27, Aug 2018 , 9:19 pm        
រូបភាព
​សៀមរាប​៖ ស្លឹកគ្រៃ​ដែល​គេ​ប្រើ​សម្រាប់​ផ្សំ​គ្រឿងក្នុង​មុខម្ហូប ក៏​អាច​ប្រើ​ជា​ថ្នាំ​ព្យាបាល​ថ្លោះ​គ្រេច​ស​សៃ​បានដែរ​។ បច្ចុប្បន្ននេះ កសិករ​នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កំពុង​រៀបចំ​ចងក្រង​ជា​ក្រុម​សម្រាប់​ផលិត​ប្រេង​ស្លឹកគ្រៃ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​។ ពួកគេ​រំពឹងថា ពួកគេ​នឹង​ទទួលបាន​ការគាំទ្រ​ពី​ទីផ្សារ​ក្នុងស្រុក ហើយ​អាច​ជំនួស​ប្រេង​ស្លឹកគ្រៃ​ដែល​នាំចូល​ពី​ខាងក្រៅ​ស្រុក​ផងដែរ​។​

 
​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប ដូចតទៅ​




 
​ស្លឹកគ្រៃ​ត្រូវបាន​ពលរដ្ឋ​ខ្មែរ​ដាំ​នៅតាម​ផ្ទះ​ជាទូទៅ​។ ដំណាំ​ប្រភេទ​នេះ​ងាយស្រួល​ដាំ​ណាស់​នៅ​លើដី​ទីទួល ហើយ​វា​ក៏​មិនសូវ​ត្រូវការ​ទឹក​ច្រើន​ដែរ​។ កសិករ​នៅ​ស្រុក​បន្ទាយស្រី​ច្រើន​គ្រួសារ មាន​របរ​ដាំ​ស្លឹកគ្រៃ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ ពិសេស​នៅ​ក្រុង​សៀមរាប​។ ប៉ុន្តែ​ដោយ​ការដាំដុះ​មាន​បរិមាណ​ច្រើន ធ្វើឱ្យ​ស្លឹកក្រៃ​មានតម្លៃ​ថោក​។ ដើម្បី​ស្រោចស្រង់​ទីផ្សារ​ស្លឹកគ្រៃ​ឡើងវិញ អង្គការ​អា​គ្រី​ស៊ុត​បាន​ជួយ​រៀបចំ​រោង​ចម្រាញ់​ប្រេង​ស្លឹកគ្រៃ ដោយ​រំពឹងថា មាន​ទីផ្សារ​ល្អ​។​
 
​អង្គការ​អា​គ្រី​ស៊ុត បានចាប់ផ្តើម​ចងក្រង​កសិករ​មួយក្រុម ដើម្បី​ផលិត​ប្រេង​ស្លឹកគ្រៃ ដែល​អង្គការ​នេះ​បាន​សម្លឹង​ឃើញ​ទីផ្សារ​ខ្ពស់​នាពេល​អនាគត​។ កសិករ​ទាំងនោះ ស្ថិតនៅក្នុង​ឃុំ ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ 
 
​កញ្ញា គង់ រដ្ឋា បុគ្គលិក​ទទួលបន្ទុក​ផ្នែក​ទីផ្សារ​នៃ​អង្គការ អា​គ្រី​ស៊ុត រៀបរាប់ថា ហេតុដែល​អង្គការ​រប​ស់​កញ្ញា​រៀបចំ​ការផលិត​ប្រេង​ស្លឹកគ្រៃ​នេះ​ឡើង គឺ​ដោយសារ​ថា អង្គការ​សង្កេតឃើញថា ការដាំដុះ​ពួកគេ​កំពុង​ជួប​បញ្ហា​ទីផ្សារ តម្លៃ​ទាប​។ ទី​២ ដោយសារ​តំបន់​នោះ​ដាច់ស្រយាល ឆ្ងាយ​ពី​ទីក្រុង ផលដំណាំ​ផ្សេងៗ​មិនសូវមាន​ទីផ្សារ ហើយក៏​ពិបាក​នាំ​កសិផល​ទៅ​លក់​នៅ​ទីផ្សារ​ជាដើម​។​


 
​គម្រោង​ចម្រាញ់​ប្រេង​ស្លឹកគ្រៃ បានចាប់ផ្តើម​ដំណើរការ​នៅ​ដើមឆ្នាំ​២០១៨ ជាមួយនឹង​ក្រុម​កសិករ​ចំនួន ២០​គ្រួសារ​។ បច្ចុប្បន្ន​ដើមទុន​ក្នុង​គម្រោង​នេះ​មាន​ចំនួន​១​លាន​រៀល ក្នុងនោះ​មិន​រាប់បញ្ចូល​ថវិកា​ពី​អង្គ​ការដែល​រៀបចំ​ដំឡើង​រោង និង​ឆ្នាំង​ចម្រាញ់​នៅឡើយ​។ សមហគមន៍អ្នកផលិតបន្លែសុវត្ថិភាព ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការ​អា​គ្រី​ស៊ុត បាន​ដើរតួ​ជា​សហគមន៍​ធំ ដើម្បី​រក​ទីផ្សារ​ប្រេង​ស្លឹកគ្រៃនេះ​។ ប្រេង​ដែល​ចម្រាញ់​បាន ត្រូវ​លក់​ឱ្យ​​សហគមន៍ធំ​ និងសហគមន៍​លក់​ទៅឱ្យ​ទីផ្សារ​បន្ត​។ យ៉ាងណា បច្ចុប្បន្ន​ប្រេង​ស្លឹកគ្រៃ កំពុងស្ថិត​ក្នុងដំណាក់កាល​សាកល្បង និង​ធ្វើ​តេស​នៅឡើយ​ពី​សំណាក់​អតិថិ​ន​ជន​។​
 
ទាក់ទង​នឹង​តម្លៃ អា​គ្រី​ស៊ុត មិនទាន់​បានកំណត់​នោះទេ ហើយ​បរិមាណ​ក៏​មិនទាន់​ច្បាស់​ថា​ផលិត​ប៉ុន្មាន​ក្នុង​មួយថ្ងៃ​ដែរ ដោយ​បច្ចុប្បន្ន​អង្គការ​កំពុង​ខិតខំ​រក​ទីផ្សារ​ដោយ​រំពឹងថា នឹង​បាន​តម្លៃ​ខ្ពស់ជាង​ផលិតផល​នាំចូល​ពី​ខាងក្រៅ ដែ​លក់​ក្នុង​មួយ​គីឡូក្រាម ៦០​ដុល្លារ​។ ដោយសារ​ជា​ប្រេង​ធម្មជាតិ សុទ្ធ គុណភាព​ខ្ពស់ និង​ផលិត​ដោយ​កសិករ​ក្រីក្រ​ផង​នោះ ទើប​អា​គ្រី​ស៊ុត​ជឿជាក់ថា អតិថិជន​នឹង​ឱ្យ​តម្លៃ​លើ​ផលិតផល​មួយ​នេះ​។ 
 
​អា​គ្រី​ស៊ុត បានរៀបចំ​ដំឡើង​ឆ្នាំង​ចម្រាញ់​ប្រេង​ស្លឹកក្រៃ​នៅផ្ទះ​កសិករ​លោក កែវ យឿន​។ លោក យឿន ធ្លាប់មាន​បទពិសោធន៍​ចំហុយ​ស្រា និង​ថ្នាំពេទ្យ​ផងដែរ​។ ការ​ចំហុយ​នេះ​បានចាប់ផ្តើម​ពី​ដើមខែ កក្កដា​មក ដោយ​សាកល្បង​ចំហុយ​មិនទាន់​ច្រើន​ទេ​។​


 
​ស្លឹកគ្រៃ​ដែល​អាច​យកមក​ស្ងោរ​បាន មាន​អាយុ​ចាប់ពី​៣​ខែ​ឡើង ហើយ​៣​ខែ​បន្ទាប់ គេ​អាច​កាត់​វា​ម្ដងទៀត​។ លោក យឿន បាន​ប្រាប់​ពី​បច្ចេកទេស​ចំហុយ​ស្លឹកក្រៃ​យ៉ាង​ដូច្នេះ​ថា​៖
 
​ស្លឹកក្រៃ​ចំនួន ២០០​គីឡូក្រាម ចម្រាញ់​បាន​ប្រេង​ត្រឹម ៧​ខាំ​តែប៉ុណ្ណោះ​។ កសិករ​ទាន់​ផលិត​ច្រើន​ទេ ត្បិត​កសិករ​កំពុងរ​ង់​ចាំ​ការបញ្ជាទិញ​ពី​ទីផ្សារ​សិន​។ 
 
​ប្រធាន​ក្រុម​កសិករ​ផលិត​ប្រេង​ស្លឹកគ្រៃ លោក ខឹម សម្រេច បានឱ្យដឹងថា ដំបូង​ការ​ចងក្រង​ក្រុម​លោក​មានតែ ២០​នាក់​តែប៉ុណ្ណោះ ដោយសារ​ទីផ្សារ​មិនទាន់​ដើរ​ត្រឹមត្រូវ​។ លោក​ថា ប្រសិនបើ​ទីផ្សារ​ដើរ នោះ​លោក​នឹង​បង្កើន​សមាជិក​ក្រុម និង​បង្កើន​ការផលិត​ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​។​
 
​លោក សម្រេច សុំឱ្យ​សមាជិក​ជា​កសិករ​ទាំង​អស់ មានការ​អត់ធ្មត់ និង​រងចាំ​ទទួលផល​ទាំងអស់គ្នា​នាពេល​អ​នា​អត់​។​
 
​ប្រសិនបើ​ទីផ្សារ​ស្លឹកគ្រៃ​ពិតជា​ទៅតាម​អ្វីដែល​អង្គការ អា​គ្រី​ស៊ុត​រំពឹងទុក នោះ​អង្គការ​នេះ​ក៏បាន​គិតគូរ​ពី​ការ​នាំទៅ​លក់​នៅ​ទីផ្សារ​ភ្នំពេញ និង​ក្រៅប្រទេស​ផងដែរ​។ ប្រេង​ស្លឹកគ្រៃ​មាន​អត្ថប្រយោជន៍​ច្រើន ពិសេស​ការផលិត​ដែល​ដឹង​ប្រភព​ច្បាស់លាស់ និង​បាន​ជួយ​កសិករ​ដែល​ក្រីក្រ​ក្នុង​តំបន់​ដាច់ស្រយាល ជាងនេះទៀត​នោះ គឺ​បាន​លើកទឹកចិត្ត​ពួកគេ​ធ្វើយ៉ាងណា​មានមុខ​របរ​ក្នុងស្រុក ដោយ​មិនចាំបាច់​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​៕




 

Tag:
 ប្រេង​ស្លឹកគ្រៃ​
  កសិករ
© រក្សាសិទ្ធិដោយ thmeythmey.com