ជាតិ
រថយន្ត
ថវិកា​៧៥​លាន​ដុល្លារ ត្រៀម​ចំណាយ​លើផ្លូវ​ជាតិ​លេខ​៤៨ ដើម្បី​ស្តា​រចនាសម្ព័ន្ធ​ឡើងវិញ ​
27, Aug 2018 , 6:59 pm        
រូបភាព
រូបភាពបានពីក្រសួងសាធារណៈការ និងដឹកជញ្ជូន
រូបភាពបានពីក្រសួងសាធារណៈការ និងដឹកជញ្ជូន
​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​ស្តា​រចនាសម្ព័ន្ធ​ផ្លូវជាតិ​លេខ​៤៨​ឡើងវិញ ក្នុងពេល​ឆាប់ៗ​នេះ ដោយ​តៀម​ចំណាយ​ប្រមាណ​៧៥​លាន​ដុ​លា្ល​រ​។ ទឹកប្រាក់​សម្រាប់​ចំណាយ​នេះ បានមកពី​កម្ចី​របស់​សាធារណរដ្ឋ​កូរ៉េខាងត្បូង​ចំនួន​៦៧​លាន​ដុល្លារ និង​បាន​ពី​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ៨​លាន​ដុល្លារ​។


 
​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ បាន​ថ្លែង​នៅក្នុង​ដំណើរ​ចុះ​ពិនិត្យ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ នា​ថ្ងៃទី​២៣ ខែសីហា បែបនេះ​ថា​៖«​ខណៈ​មន្ត្រី​របស់​ក្រសួង​កំពុង​ជួសជុល​ថែទាំ​បណ្តោះអាសន្ន​លើផ្លូវ​នេះ ក្រសួង​កំពុង​រៀបចំ​នីតិវិធី​ជ្រើសរើស​ក្រុមហ៊ុន​បច្ចេកទេស សម្រាប់​រៀបចំ​ដាក់​ឲ្យ​ដេញ​ថ្លែ​ស្របតាម​ស្តង់ដារ​បច្ចេកទេស ដើម្បី​លើកកម្ពស់​គុណភាព​ផ្លូវជាតិ​លេខ​៤៨ ឲ្យ​ក្លាយទៅជា​ផ្លូវ​បេតុង​ក្រាល​កៅស៊ូ​AC​ទាំងស្រុង ដែល​សំដៅ​ដល់​ការរក្សាបាន​ភាព​យូរអង្វែង ព្រមទាំង​អាច​ទ្រ​ទម្ងន់​បាន​ប្រសើរ​ជាង​មុន​»​។ 
 
​យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​ផ្លូវថ្នល់ នៃ​ក្រសួង​សា​ធាណ​ការ គិត​ត្រឹម​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨ ទំហំ​នៃ​ការខូចខាត​ផ្លូវជាតិ​លេខ​៤៨ ពី​ស្រុក​ស្រែអំបិល ទៅ​ខេត្តកោះកុង​មាន​ប្រវែង ៣៥,៥៤​គីឡូម៉ែត្រ (​ស្មើ​២២,២៦​ភាគរយ​) នៃ​ប្រវែង​ផ្លូវ​សរុប​១៥៩,៦០​គីឡូម៉ែត្រ​។ 
 
​សូម​រម្លឹកថា ផ្លូវជាតិ​លេខ​៤៨​នេះ គិត​មកដល់​ពេលបច្ចុប្បន្ន មាន​អាយុកាល​១២​ឆ្នាំ ដែល​ហួស​នឹង​រយៈពេល​ធានា​គុណភាព​នៃ​ទំហំ​ចរាចរណ៍​បច្ចុប្បន្ន​៕ 

Tag:
 ផ្លូវជាតិ​
  ថវិកា​
  ស៊ុន ចាន់ថុល​
  កោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com