ជាតិ
សង្គមជាតិ
ឆ្នាំ​២០១៧ ក្រសួង​ការងារ បាន​ដោះស្រាយ​វិវាទ​បុគ្គល​ជិត ៥០០​ករណី
28, Aug 2018 , 7:59 am        
រូបភាព
ប្រភព៖ គេហទំព័រក្រសួងការងារ
ប្រភព៖ គេហទំព័រក្រសួងការងារ
ដោយ:
 ​ភ្នំពេញ​៖ នៅ​ឆ្នាំ​២០១៧ នាយកដ្ឋាន​វិវាទ​ការងារ បាន​ដោះស្រាយ​វិវាទ​បុគ្គល​ចំនួន ៤៧៦​ករណី ដោយ​ក្នុងនោះ  សះជា ២២៨​ករណី មិន​សះជា ១៩១​ករណី និង​មោ​ឃៈ ៥៧​ករណី​។ ជាមួយគ្នានេះ ការដោះស្រាយ​វិវាទ​ការងារ​រួម​ចំនួន ១២៧​ករណី សះជា ៥៦​ករណី និង​មិន​សះជា ៧០​ករណី និង​មោ​ឃៈ ១​ករណី​។ នេះ​បើតាម​ការផ្សាយ​នៃ​គេហទំព័រ​ក្រសួង​ការងារ នៅ​ថ្ងៃទី​២៧ ខែសីហា​។​



​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាមរយៈ​នាយកដ្ឋាន​វិវាទ​ការងារ បាន​ដើរតួ​យ៉ាងសំខាន់ ក្នុង​ការធានា​ភាពសុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​ប្រកបដោយ​ប្រសិទ្ធភាព​តាមរយៈ​យន្តការ​ផ្សះផ្សា​វិវាទ ស្របតាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ រួមជាមួយ​នឹង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការ និង​បាន​បន្តថា ក្នុងនោះដែរ ក៏មាន​ប្រកាស​ស្តីពី​នីតិវិធី​នៃ​ការដោះស្រាយ​វិវាទ​ការងារ​រួម ប្រកាស​ស្តីពី​នីតិវិធី​នៃ​ការដោះស្រាយ​វិវាទ​បុគ្គល ប្រកាស​ស្តីពី​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល និង​ប្រកាស​ស្តីពី​ការតែងតាំង​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ព្រមទាំង​ច្បាប់​ស្តីពី​សហជីព ដែល​ទើប​នឹងត្រូវ​បានអនុម័ត​។

​លោក អ៊ិត សំហេង លើកឡើង​បន្តថា នៅ​ឆ្នាំ​២០១៦ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បានទទួល​សំណុំរឿង​វិវាទ​ជាង​២៦៥០​ករណី ដែល​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​កម្មករនិយោជិត​ជាង​១​លាន​នាក់​។ លោក និយាយថា ក្នុងចំណោម​សំណុំ​វិវាទ​ជាង​២​ពាន់​នេះ ទទួលជោគជ័យ​បាន ៧៥​ភាគរយ តាមរយៈ​ការផ្សះផ្សា និង​ម​ជ្ឈ​ត្ត​កម្ម ដោយ​ចំណាយពេល​ជា​មធ្យម ១៧​ថ្ងៃ​។

​ក្រសួង​ការងារ និង​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ជា​ដៃគូ​កិច្ចសហការ​ជាមួយគ្នា​រយៈពេល ១៥​ឆ្នាំ​មកហើយ ក្នុងការ​ឆ្ពោះទៅរក​ប្រព័ន្ធ​ទំនាក់ទំនង​វិជ្ជាជីវៈ​មួយ​ល្អប្រសើរ​សម្រាប់​កម្មករ​និង​និយោជក​។ នេះ​បើតាម​ការបន្ថែម​របស់​រដ្ឋមន្ត្រីក្រសួង​ការងា​ដដែល ហើយ​បាន​បន្តថា កិច្ចសហការ​នេះ បានសម្រេច​នូវ​សមិទ្ធផល​ជាច្រើន​គួរឱ្យកត់សម្គាល់ រួមទាំង​ការដោះស្រាយ​វិវាទ​ការងារ​ដែល​បានលើកឡើង​ខាងលើ​។

​នៅក្នុង​កិច្ចប្រជុំ​ពិសេស​របស់​ភាគី​ពាក់ព័ន្ធ​នៃ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល នា​ព្រឹក​ថ្ងៃទី​២៧ ខែសីហា នៅ​សណ្ឋាគារ សាន់វេ លោក អ៊ិត សំហេង បានលើកឡើង​បន្តទៀតថា បច្ចុប្បន្ន ក្រសួង​បានចេញ​ប្រកាស​ចំនួន ៤​បន្ថែម ទៅលើ​ប្រកាស​ដែលមាន​ស្រាប់​ចំនួន​៤ ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់​ស្ដីពី សហជីព​ឱ្យមាន​លក្ខណៈ​កាន់តែ​ប្រសើរ និង​គ្រប់​ជ្រុង​ជ្រាយ​។ លោក និយាយទៀតថា ជាក់ស្ដែង​គិត​ត្រឹម​ឆ្នាំ​២០១៧ ក្រសួង​បាន​ចុះបញ្ជី​សហជីព​មូលដ្ឋានចំនួន​៣៧៩៣ សហព័ន្ធ​សហជីព​ចំនួន​១៣៨ សហភាព​សហជីព​ចំនួន​២៣ និង​សមាគម​និយោជក​ចំនួន​៨​។

​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ ២០១៤-២០១៨ ទាក់ទង​នឹង​និរន្តរភាព​នៃ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ក្រសួង​នឹង​សហ​ការឱ្យ​កាន់តែ​ជិតស្និទ្ធ ជាមួយ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដើម្បី​ជួយ​ដល់​មូលនិធិ​ក្នុងការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ អំពី​និរន្តរភាព​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល សម្រាប់​រយៈពេល​មធ្យម និង​វែង ម្យ៉ាងទៀត​ក្នុង​ការឱ្យ​ស្ថាប័ន​មួយ​នេះ​អាច​ដំណើរការ​ការងារ​រប​ស់​ខ្លួន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ភាគី​ពាក់ព័ន្ធ​ជា​និរន្ត​តទៅ​។ នេះ​បើតាម​ក្រសួង​ការងារ​ដដែល​៕


Tag:
 អ៊ិត សំហេង​
  វិវាទ​ការងារ​
  កម្មករ​
  និយោជក​
© រក្សាសិទ្ធិដោយ thmeythmey.com