អន្តរជាតិ
មួយឆ្នាំ​ក្រោយ​វិបត្តិ​ផ្ទុះឡើង ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​រាប់សែន​នាក់​នៅតែ​បន្ត​ស្រែ​ករក​យុត្តិធម៌​
28, Aug 2018 , 8:59 am        
រូបភាព
ដោយ:
​គឺ​រយៈពេល​មួយឆ្នាំ​ហើយ ដែល​វិបត្តិ​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា នៃ​មី​យ៉ាន់​ម៉ា បាន​ផ្ទុះឡើង​និង​បន្ត​គ្មាន​ដំណោះស្រាយ​សមស្រប​។ ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​រាប់សែន​នាក់​ពី​រដ្ឋ​រ៉ា​ខាន (Rakhine) របស់​មី​យ៉ាន់​ម៉ា បាន​រត់​ចេញពី​ប្រទេស​ទៅ​ព្រំដែន​បង់​ក្លា​ដែ​ស​ជាមួយ​ភាពភ័យខ្លាច​។ ពេលនេះ ពួកគេ នៅតែរ​ន្ទឹ​ង​រង់ចាំ​ការផ្តល់​យុត្តិធម៌ ខណៈ​រស់នៅក្នុង​ស្ថានភាព​មិនល្អ​ជាច្រើន​ខែ​ហើយ​នោះ​។

 
២៥ សីហា ឆ្នាំ​២០១៧ គឺជា​ព្រឹត្តិការណ៍​ដ៏​រន្ធត់​មួយ​របស់​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដែល​រស់នៅក្នុង​រដ្ឋ​រ៉ា​ខាន ភាគ​ជើង​នៃ​មី​យ៉ាន់​ម៉ា ដែលជា​តំបន់​ភូមិសាស្ត្រ​ឧស្សាហ៍​មានការ​ប៉ះទង្គិច​គ្នា​រវាង​សហគមន៍​ពីរ​គឺ​សហគមន៍​ជនជាតិភាគតិច​ម៉ូ​ស្លី​ម និង​សហគមន៍​ពុទ្ធសាសនិក​។ គឺ​ថ្ងៃនេះ​២៥ សីហា​នេះហើយ ដែលមាន​ការ​ប៉ះ​វាយប្រហារ​ប្រដាប់អាវុធ​រវាង​ក្រុម​ឧទ្ទាម និង​កងកម្លាំង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា រហូតដល់​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាជន​ក្នុង​សហគមន៍ ដែល​ត្រូវ​បង្ខំ​ចាក​ចេញពី​លំនៅដ្ឋាន​របស់ខ្លួន​។​
 
​តែ​គួរ​ឲ្យ​កត់សម្គាល់​នោះ តាម​របាយការណ៍​រប​ស់​អង្គ​ការជំនាញ​សិទ្ធិមនុស្ស រួមទាំង​ភ្នាក់ងារ​ជំនាញ​របស់​អង្គការសហប្រជាជាតិ​ផង ឧប្បទ្ទវ​ហេតុនេះ ហាក់ដូចជា​ការប៉ុនប៉ង​មួយ​របស់​កងកម្លាំង​មី​យ៉ាន់​ម៉ា​ដើម្បី​បោសសម្អាត​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ាន​។ ការណ៍​ដែល​របាយការណ៍​អាច​ហ៊ាន​អះអាង​បែបនេះ  ដោយយោង​តាម​ការ​កិច្ចសម្ភាសន៍​ផ្ទា​ល់ពី​ជនរងគ្រោះ ដែល​រួច​ផុតពី​ជីវិត​ពី​ការធ្វើ​បាប​របស់​កម្លាំង​។​
 
​តាម​របាយការណ៍ ព្រឹត្តិការណ៍​ជា​សោកនាដកម្ម​របស់​ជន​ភៀសខ្លួន​ជាង​កន្លះ​លាន​នាក់​នេះ បាន​បង្កប់​ជាមួយនឹង​បទល្មើស​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជាច្រើន​រួមទាំង រំលោភ​ហិង្សា ទារុណកម្ម ការបាត់​ខ្លួន និង​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​។ ដោយសារតែ​ហេតុការណ៍​ហើយ​ទើប​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ ជាពិសេស​ភ្នាក់ងារ​ជំនាញ​អង្គការសហប្រជាជាតិ បន្ត​ឈឺឆ្អាល​តាមរយៈ​ការទទូច​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ទទួលយក​ជនភៀសខ្លួន និង​ធានា​ពី​ការវិល​ត្រលប់​ឲ្យ​បាន​ប្រសើរ ខណៈ​បន្ត​ផ្តល់ជំនួយ​មនុស្ស​ដល់​ពួកគេ​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​បណ្តោះអាសន្ន​ផង​។ 
 
​សូម្បីតែ​អគ្គ​រដ្ឋអាជ្ញា នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក៏​ព្យាយាម​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​តាមរយៈ​ការស្នើ​ឲ្យ​មានការ​ជំនុំជម្រះ​ដើម្បី​ស្វែងរក​យុត្តាធិការ​លើ​សំណុំរឿង​មួយ​នេះ ទាំង​ដឹង​ហើយ​ថា មី​យ៉ាន់​ម៉ា មិនមែនជា​ភាគី​លក្ខន្តិកៈ​ក្រុង​រ៉ូម នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ផង​។ 
 
​រយៈពេល​កន្លងមកនេះ  រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ក៏បាន​ចុះ​ព្រមព្រៀង​មួយចំនួន​ផងដែរ​ជាមួយនឹង​រដ្ឋាភិបាល​ប​ង់​ក្លា​ដែ​ស និង​ភ្នាក់ងារ​ជំនាញ​របស់​អង្គការសហប្រជាជាតិ​ពាក់ព័ន្ធ​នឹង​ការបញ្ជូន​ជនភៀសខ្លួន​ត្រលប់​ទៅវិញ​។ ក៏ប៉ុន្តែ កិច្ចព្រមព្រៀង នៅ​មិនទាន់​ត្រូវបាន​អនុវត្ត​នៅឡើយ​នោះទេ ខណៈ​សហគមន៍​អន្តរជាតិ បន្ត​ទទូច​ឲ្យ​មី​យ៉ាន់​ម៉ា​សហការ​ជាមួយ និង​ផ្តល់​លទ្ធភាព​ឲ្យ​ក្រុមការងារ​ឲ្យ​ចូលទៅ​បំពេញបេសកកម្ម​របស់​ខ្លួន​នៅក្នុង​តំបន់​រង​ផលប៉ះពាល់​ទាំងនោះ​៕ 

Tag:
 មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com