ជាតិ
សង្គមជាតិ
សមត្ថកិច្ច រឹបអូស​ប៊ីចេង​ក្លែងក្លាយ​១៧​តោន នៅ​ទួល​សង្កែ​ទី​២ និង​នៅ​ចោមចៅ
28, Aug 2018 , 10:17 am        
រូបភាព
ដោយ:
​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ឆែកឆេរ​ផ្ទះ​២​កន្លែង​នៅ​ភ្នំពេញ ដែល​លួច​វេច​ខ្ចប់​ផលិត​ប៊ីចេង​ក្លែងក្លាយ និង​រំលោភ​កម្មសិទ្ធិបញ្ញា​ប្រមាណ​១៧​តោន​។ សមត្ថកិច្ច បាន​រឹបអូស​ផលិត​ប៊ីចេង​ក្លែងក្លាយ​ទាំងនោះ ហើយ​នាំ​ម្ចាស់​ទីតាំង ទៅ​ចាត់ការ​តាម​នីតិវិធី​។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័រ​នគរបាលជាតិ នៅ​ថ្ងៃទី​២៧ ខែសីហា​។


 
​នគរបាលជាតិ​បានឱ្យដឹងថា ក្នុង​ប្រតិបត្តិ​ការឆែកឆេរ​ខាងលើនេះ សមត្ថកិច្ច​រកឃើញ​ទីតាំង​ដែល​បាន​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ និង​ភស្តុតាង​រួមមាន ប៊ីចេង​បាវ​ស​ចំនួន ៣៥២​បាវ​, ប៊ីចេង​បាវ​គគីរ​១២៥​បាវ​, ប៊ីចេង​រាយ​ម៉ាក Win win  ១៤០​បាវ​, ប៊ីចេង​ច្រក​រួច ៣២​បាវ​, ប៊ីចេង​ច្រក​រួច​ម៉ាក Gold Cup ៤៧​កេស​, ប៊ីចេង​រូប​វែក (250g), ម៉ាស៊ីនដេរ​ម៉ាត់​បាវ ២​គ្រឿង​, ម៉ាស៊ីន​អ៊ុត​ម៉ាត់​ថង់ ១​គ្រឿង​, ម៉ាស៊ីន​រុំខ្សែ និង​កាត់​ខ្សែ ២​គ្រឿង​, ជញ្ជីង​ថ្លឹង ២​គ្រឿង​, បាវ​រូប​វែក ៩៣​បាវ និង​ប៊ីចេង​រាយ​មិនទាន់​វេច​ខ្ចប់​មួយចំនួនទៀត សរុប​ទំងន់​ទាំងអស់​ប្រមាណ ១៧​តោន​។​


 
​នគរបាលជាតិ បាន​ស្រង់​សម្ដី​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ទៅ​ចុះផ្សាយ​ថា ក្រោយពី​បាន​ស្រាវជ្រាវ​ស៊ើបអង្កេត កម្លាំង​ជំនាញ​នាយកដ្ឋាន បាន​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល និង​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចុះបង្ក្រាប​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ​ដែលមាន​ទីតាំងនៅ​រា​ជនី​ភ្នំពេញ​ពីរ​កន្លែង ហើយ​បានឃើញ​វត្ថុតាង​ជាច្រើន​។​


 
​លោក បន្ថែមថា ទីតាំង​ទាំងពីរ​កន្លែង​គឺ ទីតាំង​ទី​១​ស្ថិត​នៅផ្ទះ លេខ​AB4-5 ផ្លូវ​56R សង្កាត់​ទួល​សង្កែ​ទី​២ ខ​ណ្ឌ​ឫស្សីកែវ រកឃើញ​ប៊ីចេង​ក្លែង​ម៉ាក និង​ក្លែងក្លាយ និង​ទី​តាំងទី​២ ស្ថិតនៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ នេះ​បើតាម​នគរបាលជាតិ ដែល​បាន​ស្រង់​សម្ដី លោក គង់ វុទ្ធី អនុប្រធាន​សាខា​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ និង​បាន​ឲ្យ​ដឹង​ទៀតថា ថ្វីដ្បិតតែ​ក្រុមការងារ​មិនទាន់​យក​ប៊ីចេង​នេះ​ទៅ​ពិសោធ​នៅក្នុង​ម៉ាស៊ីន​ឡា​បូ​ក៏ពិតមែន ប៉ុន្តែ​តាម​ការពិនិត្យ​ជាបឋម​ឃើញថា ប៊ីចេង​នេះ គឺ​ក្លែងក្លាយ ហើយ​ក្លែង​ម៉ាក​ផងដែរ ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​អ្នក​បរិភោគ​៕
 

Tag:
 ប៊ីចេង​ក្លែងក្លាយ​
 ​ចាន់ វ៉ាន់​ធឿន
© រក្សាសិទ្ធិដោយ thmeythmey.com