អន្តរជាតិ
អាមេរិក​អាច​ប្រើ​កម្លាំង​ទ័ព បើសិន​អ៊ីរ៉ង់​ហ៊ាន​បិទ​ជ្រោយ Hormuz ដែលជា​ផ្លូវ​ពាណិជ្ជកម្ម​ប្រេង​ដ៏​ធំ​
28, Aug 2018 , 7:19 pm        
រូបភាព
​ផ្លូវ​សមុទ្រ​ដ៏​មមាញឹក​នៅ​ជ្រោយ Hormuz ស្ថិតនៅ​នៅ​ចន្លោះ​រវាង​អ៊ីរ៉ង់​និង​អូ​ម៉​ង់​ក្លាយជា​ប្រធានបទ​ចម្រូងចម្រាស និង​ក្តៅគគុក​នៅ​សប្តាហ៍​នេះ ក្រោយ​កងទ័ពជើងទឹក​អ៊ីរ៉ង់​អះអាងថា ជ្រោយ​នេះ​ជា​កម្មសិទ្ធិ​ផ្តាច់មុខ របស់​អ៊ីរ៉ង់​ផ្ទាល់​។ ការបិទច្រក​ពាណិជ្ជកម្ម​សមុទ្រ​យុទ្ធសាស្ត្រ​នេះ​អាចធ្វើ​ឲ្យ​មាន​បញ្ហា​ច្រើន​ដុ​ច​ជាការ​កាត់ផ្តាច់​ការដឹក​ជញ្ជូន​ប្រេង ធ្វើ​ឲ្យ​ប្រេង​ឡើងថ្លៃ និង​ផ្ទុះឡើង​បញ្ហា​សន្តិសុខ​តំបន់​ទៀត​។ ឥឡូវនេះ​សហរដ្ឋអាមេរិក​ដែល​កំពុង​ដាក់​សម្ពាធ​លើ​អ៊ីរ៉ង់​តាមរយៈ​ទណ្ឌកម្ម​ថ្មី បាន​គំរាម​អ៊ីរ៉ង់ និង​ត្រៀម​សហការ​ជាមួយ​សម្ព័ន្ធមិត្ត​ដើម្បី​រក្សា​សេរីភាព​នាវាចរណ៍​តាម​ច្រក​សមុទ្រ​អន្តរជាតិ​។


 
​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​នេះ​កាន់តែ​ឡើង​កំដៅ​បន្ទាប់ពី​មេបញ្ជាការ​កងទ័ពជើងទឹក​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​ប្រកាសថា ឈូង​សមុទ្រ​ពែ​ក្យ​ទាំងមូល រួមជាមួយ​ជ្រោយ Hormuz ស្ថិតក្រោម​ការគ្រប់គ្រង​របស់ខ្លួន ហើយ​នាវា​ដែល​ឆ្លងកាត់​ទាំង​នាវា​ដឹកជញ្ជូន និង នាវា​យោធា​ក៏​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន​ដូចគ្នា​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters មេបញ្ជាការ​កងទ័ពជើងទឹក​នៃ​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​លោក Alireza Tangsiri ដូច្នេះ​ថា​៖« យើង​អាច​ធានា​សន្តិសុខ​នៅ​ឈូង​សមុទ្រ​ពែ​ក្យ ហើយ​វា​មិនចាំបាច់​ត្រូវមាន​វត្តមាន​មហាអំណាច​ខាងក្រៅ​ដូចជា​អាមេរិក​ឬ​ប្រទេស​ដទៃ​ដែល​មិនមាន​ទីតាំង​នៅទីនេះ​ឡើយ​។​
 
​មន្ត្រីជាន់ខ្ពស់​រូបនេះ​បន្ថែមថា រាល់​នាវា​ឆ្លងកាត់​ទាំង​យោធា ឬ​មិនមែន​យោធា​គឺ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អ៊ីរ៉ង់ ហើយ​វត្តមាន​របស់​អ៊ីរ៉ង់​នៅក្នុង​តំបន់​គឺ​មិន​ផ្លាស់ប្តូរ​ទាំងយប់ និង​ថ្ងៃ​។ 
​អ៊ីរ៉ង់​យក​បញ្ហា​ជ្រោយ Hormuz មក​ដាក់​សម្ពាធ​លើ​ភាគី​ពាក់ព័ន្ធ​ជាពិសេស​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​រដ្ឋ​ឥស្លាម​និកាយ​ស៊ូ​នី​ដូចជា​អា​រ៉ា​ប៊ី​សា​អូឌីត និង​អារ៉ាប់​រួម​អេ​មី​រ៉ាត់ ស្រប​ពេលដែល​អាមេរិក​ដាក់ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​ឡើងវិញ​បន្ទាប់ពី​បោះបង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥​។ កន្លងមក​ប្រធានាធិបតី​អ៊ីរ៉ង់​លោក ហាសាន់ រូ​ហា​នី (Hassan Rouhani) ធ្លាប់​គំរាមថា បើសិនជា​ទណ្ឌកម្ម​អាមេរិក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការនាំចេញ​ប្រេង​ឆៅ​របស់​អ៊ីរ៉ង់ ការនាំចេញ​ប្រេង​ផ្សេងទៀត​ពី​មជ្ឈិមបូព៌ា​ក៏​ត្រួវ​ប៉ះពាល់​ដូចគ្នា​។​
 
​ក្រោយ​ការប្រកាស​របស់​អ៊ីរ៉ង់​លើ​ការគ្រប់គ្រង​ជ្រោយ Hormuz នេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ចេញមុខ​ឆ្លើយតប​វិញ​ដូចគ្នា​ដោយ​ទាត់ចោល​សិទ្ធិផ្តាច់មុខ​របស់​អ៊ីរ៉ង់ និង​ត្រៀម​សហការ​ជាមួយ​ប្រទេស​ដទៃ​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ​។​
 
 លោក ប៉ុ​ម​ប៉េ​អូ បានបញ្ជាក់​តាម​គណនី Twitter របស់ខ្លួន​ថា​៖« សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​មិន​គ្រប់គ្រង​ជ្រោយ Hormuz ឡើយ​។ ជ្រោយ​នេះ​ជា​ដែនទឹក​អន្តរជាតិ​។ សហរដ្ឋអាមេរិក​នឹង​បន្ត​សហការ​ជាមួយ​ប្រទេស​ជា​ដៃគូ​ក្នុង​តំបន់​ដើម្បី​ធានា​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​លំហូរ​ពាណិជ្ជកម្ម​ឆ្លង​ការ​តាម​ដែនទឹក​អន្តរជាតិ​នេះ​»​។​
 
​គេ​មិនទាន់​ដឹងថា សហរដ្ឋអាមេរិក​នឹង​ចេញ​វិធានការ​បែបណា​ឡើយ​ជុំវិញ​ការប្រកាស​របស់​អ៊ីរ៉ង់​នេះ ប៉ុន្តែ​ការសម្រេច​បិទ​ការឆ្លងកាត់​ជ្រោយ Hormuz នឹង​បង្កើត​ឲ្យ​មាន​បញ្ហា​ឈឺក្បាល​ច្រើន​ជាពិសេស​ការ​កាត់​ផ្តាច់កា​រដឹក​ជញ្ជូន​ប្រេង និង​ការប្រឈមមុខ​ដាក់គ្នា​ក្នុង​តំបន់​រវាង​ប្រទេស​ដែលមាន​ផលប្រយោជន៍​ក្នុង​ការនាំ​ប្រេង​ចេញ​ផង​។​
 
-​ហេតុអ្វី​ជ្រោយ Hormuz សំខាន់​?  
​ការ​គំរាម​បិទ​ជ្រោយ Hormuz របស់​អ៊ីរ៉ង់​ដើម្បី​បង្កើត​រឿងចម្រូងចម្រាស​គឺ​ទាក់ទិន​នឹង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​។ គេ​ប្រហែលជា​នៅចាំ​រឿងរ៉ាវ​ដែល​ធ្វើ​រុស្ស៊ី​លើកទ័ព​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។ តាមពិតទៅ​រុស្ស៊ី​លេប​ត្របាក់​យក​ឧបទ្វីប​គ្រី​មៀ​មិនមែន​រឿង​ចៃដន្យ​ទេ តែ​វា​ជា​រឿង​ភូមិសាស្ត្រ​នយោបាយ​ដូចគ្នា​។ រុស្ស៊ី​មិនអាច​បាត់បង់​គ្រី​មៀ​ដែល​ដែល​ខ្លួន​មាន​តាំង​មូលដ្ឋាន​ទ័ពជើងទឹក​នៅ​កំពង់ផែ Sevastopol ឡើយ​។ វា​ជា​កំពង់ផែ​ដែល​មិន​កក​(Warm Water Port) តែមួយគត់​ដែល​រុស្ស៊ី​អាច​ប្រើប្រាស់​បាន​គ្រប់​កាលៈទេសៈ​ភ្ជាប់​ទៅ​សមុទ្រ​ខ្មៅ និង​ឆ្លងទៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ក្នុងពេល​សន្តិភាព ឬ​ពេល​ស​ង្ក្រា​ម​។  
 
​ត្រឡប់មក​ជ្រោយ Hormuz គឺ​ដូចគ្នា​។ ឈូង​សមុទ្រ​ពែ​ក្យ​ជា​តំបន់​ដែល​ផលិត​ប្រេង​នាំមុខគេ ហើយ​ផលិត​បាន​ប្រេង ៣០​ភាគរយ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ពិភពលោក​ទាំងមូល​។ ចំណែក​ជ្រោយ Hormuz ដែលមាន​ទំហំ​ប្រហែល ៣៤ គីឡូម៉ែត្រ​ជា​ច្រក​ពាណិជ្ជកម្ម​តាមផ្លូវ​សមុទ្រ​ដ៏​សំខាន់ និង​មរ​មា​ញឹក​បំផុត​មួយ​លើ​ពិភពលោក ដែល​រដ្ឋ​នាំ​ប្រេង​ចេញ​ក្នុង​តំបន់​ដូចជា បា​រ៉ែ​ន​, អ៊ីរ៉ង់​, អ៊ីរ៉ាក់​, គុយ​វ៉ែត​, កាតា​, អា​រ៉ា​ប៊ី​សា​អូឌីត និង​អារ៉ាប់​រួម អេ​មី​រ៉ាត់ ប្រើប្រាស់​ដើម្បី​ជញ្ជូន​ប្រេង​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​រៀងរាល់ថ្ងៃ​។ 


 
​បើតាម​របាយការណ៍រ​ដ្ឋ​បាល​ព័ត៌មាន​ថាមពល​អាមេរិក (EIA) ប្រេង​ប្រហែល ១៧ លាន​បារ៉ែល​ដែល​ស្មើ ៣៥​ភាគរយ​នៃ​ប្រេង​ដែល​ត្រូវ​ដឹកជញ្ជូន​តាម​សមុទ្រ​គឺ​ត្រូវ​ឆ្លងកាត់​ជ្រោយ​នេះ​។ វា​ក៏​ជា​ច្រក​ដ៏​សំខាន់បំផុត​មួយ​សម្រាប់​ការដឹកជញ្ជូន​ប្រេង​ទៅកាន់​ទីផ្សារ​អាស៊ី​បូព៌ា​ដូចគ្នា​។ របាយការណ៍​ព័ត៌មាន​ថាមពល​អាមេរិក​ឆ្នាំ ២០១៦ ក៏​បង្ហាញថា អាមេរិក​នាំ​ច​ចូល​ប្រេង ១៨​ភាគរយ​ពីរ​ដ្ឋ​ឈូង​សមុទ្រ​ពែ​ក្យ​នេះដែរ​។​
 
​ដូច្នេះហើយ រាល់​ការ​កាត់ផ្តាច់​ការដឹកជញ្ជូន​ទំនិញ​តាម​ជ្រោយ​នេះ​ទោះជា​ក្នុង​រយៈពេល​ខ្លី ឬ​វែង​ក៏ដោយ​នឹង​បង្កើត​បញ្ហា​ធ្ងន់ធ្ងរ​ទាំង​សន្តិសុខ និង​ការខាតបង់​សេដ្ឋកិច្ច​។ ឧទាហរណ៍​ជាក់ស្តែង​គឺ ប្រទេស​ឈូង​សមុទ្រ​ពែ​ក្យ​ដែល​នាំ​ប្រេង​ចេញ​នឹង​បាត់បង់​ចំណូល​ច្រើន​ដោយសារ​ប្រេង​ដែល​នាំចេញ​ត្រូវ​កាត់ផ្តាច់  ខណៈដែល​ប្រទេស​នាំ​ប្រេង​នោះ​ក៏ត្រូវ​ប្រឈមមុខ​នឹង​ការខ្វះខាត​ប្រេង និង​ត្រូវ​នាំចូល​ប្រេង​ដែលមាន​តម្លៃ​ថ្លៃ​ដូចគ្នា​។ បើសិន​បិទ​ច្រក​នេះ​កាន់តែ​យូរ វា​នឹងមាន​ការខាតបង់​កាន់​តែ​ធំ​ដូចគ្នា​។​
 
​កន្លងមក ប្រទេស​ឈូង​សមុទ្រ​ពែ​ក្យ​ព្យាយាម​រក​វិធីសាស្ត្រ​ដើម្បី​ធានា​ការនាំចេញ​ថាមពល​ដោយ​គ្មាន​កាត់ផ្តាច់ បើទោះជា​អ៊ីរ៉ង់​បិទ​ជ្រោយ​នេះ​ក៏ដោយ​។ ទីមួយ ប្រទេស​ទាំងនោះ​បាន​កសាង​ផ្លូវ​សម្រាប់​នាំ​ប្រេង​ចេញ​ដោយឡែក​ពោលគឺ វិនិយោគ​លើ​ការកសាង​បំពង់​ប្រេង​។ ប៉ុន្តែ​តាម​ស្ថានភាព​ជាក់ស្តែង សមត្ថភាព​បំពង់​ប្រេង​នេះ​នៅតែ​មិន​អាចជួយ​ឲ្យ​បណ្តា​ប្រទេស​ទាំងនោះ​កាត់បន្ថយ​ការប្រើប្រាស់​ជ្រោយ Hormuz ទាំងស្រុង​ឡើយ​។​
 
​វី​ធី​សាស្ត្រ​ទី​ពីរ គឺ​រដ្ឋ​ឈូង​សមុទ្រ​ពែ​ក្យ​ពឹងពាក់​អាមេរិក​ដោយ​បង្កើត​សម្ព័ន្ធ​សន្តិសុខ​ដើម្បី​ធានាថា ជ្រោយ​នេះ​មិនត្រូវ​បាន​បិទ​ក្នុង​ប្រការ​ណាមួយ​ទេ​។ ដូច​បាន​រៀបរាប់​ខាងដើម​ស្រាប់​អាមេរិក​មាន​ប្រយោជន៍​នៅ​ទីនោះ ដែល​វា​មានន័យថា អាមេរិក​ត្រូវ​ធានា​និរន្ត​ភាព​នៃ​ថាមពល​សម្រាប់​នាំចូល និង​ការពារ​សន្តិសុខ​តំបន់​ផង​។​
 
-​អ៊ីរ៉ង់​អាច​បិទ​ច្រក តែ​អាមេរិក​ត្រូវ​ប្រើ​កម្លាំង​តប​? 
​តាមពិតទៅ ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​ឆ្នាំ ២០១៥ របស់​ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ និង​ការដាក់ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​ឡើងវិញ​ជាដើម​ហេតុ​សំខាន់​ដែល​បណ្តាល​ឲ្យ​ស្ថានការណ៍​មជ្ឈិមបូព៌ា​កាន់តែ​ធ្ងន់ធ្ងរ​។ រឿង​ដែល​គួរ​ឲ្យ​បារម្ភ​នោះ គឺ​អ៊ីរ៉ង​អាច​នឹង​បិទ​ច្រក​នេះ​តាម​ការ​គំរាម​របស់ខ្លួន​។​
 
​អ៊ីរ៉ង់​អាច​ពង្រាយ​មីន​ក្រោម​ទឹក​ដើម្បី​ប្រឆាំង​រាល់​នាវា​ដែល​ឆ្លងកាត់​ជ្រោយ​នេះ ស្របពេល​ដែល​គេ​សង្កេតឃើញ​មហាអំណាច​តំបន់​នេះ​បន្ត​សម្ញែង​សាច់ដុំ​យោធា​បន្តបន្ទាប់​តាមរយៈ​សមយុទ្ធ​យោធា​។​
 
​វា​ច្បាស់​ណាស់​ថា រាល់​ការដោះស្រាយ​បញ្ហា​នេះ វា​តម្រូវ​ឲ្យ​អាមេរិក​ប្រើ​កម្លាំង​ទ័ព​។ ថ្វីបើ​អ៊ីរ៉ង់​ដឹង​ច្បាស់​ថា កងទ័ពជើងទឹក​ខ្លួន​គ្មាន​សមត្ថភាព​អាច​កម្ចាត់​ទ័ពជើងទឹក​អាមេរិក​ឡើយ​។ ប៉ុន្តែ​យ៉ាងហោចណាស់ មហាអំណាច​តំបន់​មួយ​នេះ​ចង់​ក្រឡុក​ស្ថានការណ៍ និង​ធ្វើ​វា​កាន់តែ​ច្របូកច្របល់​ដែរ​។​
 
​ការខាតបង់​សេដ្ឋកិច្ច​ជា​រឿង​មួយ​សំខាន់ ប៉ុន្តែ​ការប្រឈមមុខ​ដាក់គ្នា ឬ​ប៉ះទង្គិច​គ្នា​ដោយ​យោធា​នោះ​នឹងមាន​ផលប៉ះពាល់​នឹង​ធំធេង​ពិបាក​ស្មាន​។
 
​កាលពីដើម​ខែសីហា​នេះ មេបញ្ជាការ​នៃ​ទីបញ្ជាការ​យោធា​កណ្តាល​កងទ័ព​អាមេរិក​លោក​ឧ​ត្ត​ម​សេនីយ៍ Joseph Votel ធ្លាប់​លើកឡើង​ពី​ការបង្ហាញ​សមត្ថភាព​របស់​កងទ័ព​អ៊ីរ៉ង់​កន្លងមក ជា​ពិ​សេ​សមត្ថភាព​ក្នុងការ​ពង្រាយ​មីន​សមុទ្រ​,​ដាក់​គ្រឿងផ្ទុះ​លើ​ទូក​ក្នុង​ដែនទឹក និង​ការប្រើប្រាស់​មី​ស៊ី​លតា​ម​បណ្តា​យ​ជ្រោយ​នេះ​ផង​។ ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា អាមេរិក និង​សម្ព័ន្ធមិត្ត​ជានិច្ច​ជា​កាល​បាន​បន្ត​ហ្វឹកហ្វឺន​និង​បង្កើន​សមត្ថភាព​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ដែល​ធានាបាន​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​លំហូរ​ពាណិជ្ជកម្ម​អន្តរជាតិ​។​
 
​ដោយឡែក​នៅ​ដើម​សប្តាហ៍​នេះ មន្ត្រី​យោធា​អាមេរិក​បានលើកឡើង​ជា​ថ្មី​ទៀតថា វិធានការ​តឹងរ៉ឹង​អាច​នឹងត្រូវ​ដាក់ចេញ​ដើម្បី​កំញើញ​អ៊ីរ៉ង់​ផង បើសិនជា​ស្ថានភាព​កាន់តែ​អាក្រក់​នោះ​។ 
 
​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Fox News នៅ​ថ្ងៃ​ចន្ទ អ្នកនាំពាក្យ​ទីបញ្ជាការ​កណ្តាល​កងទ័ព​ជើង​ទឹក​អាមេរិក​លោក Chloe Morgan បាន​បញ្ជាក់ថា អាមេរិក​និង​ដៃគូ​នឹង​បន្ត​លើកស្ទួយ​សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់​ជា​រៀងរាល់ថ្ងៃ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ភាគី​ពាក់ព័ន្ធ​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ធានា​សេរីភាព​នាវាចរណ៍ និង​លំហូរ​ដោយ​សេរី​នៃ​ទំនិញ​តាម​ដែនទឹក​អន្តរជាតិ​៕
 

Tag:
 ប្រេង​
  ជ្រោយ Hormuz
  អ៊ីរ៉ង់​
  អាមេរិក​
  ឈូង​សមុទ្រ​ពែ​ក្យ
© រក្សាសិទ្ធិដោយ thmeythmey.com