អន្តរជាតិ
អាមេរិក​និង​ម៉ិ​ក​ស៊ិ​ក​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដោយ​ទុក​កាណាដា​ក្រៅ​តុ​ចរចា​
28, Aug 2018 , 8:19 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ (រូបភាព AFP)
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ (រូបភាព AFP)
​នៅ​ថ្ងៃទី​២៧ ខែសីហា អាមេរិក និង​ម៉ិ​ក​ស៊ិ​កបាន​ឯកភាពគ្នា​សើរើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាងជើង (NAFTA) ដែល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចង់​លុបចោល​។ NAFTA ជា​កិច្ចព្រមព្រៀង​ត្រីភាគី​កាណាដា​-​ម៉ិ​ក​ស៊ិ​ក​-​អាមេរិក ប៉ុន្តែ​អាមេរិក និង​ម៉ិ​ក​ស៊ិ​កបាន​ចរចា​គ្នា​ជា​ទ្វេភាគី ដោយ​មិន​បញ្ចូល​កាណាដា​ឡើយ​នៅ​៥​ចុង​សប្ដាហ៍​ចុងក្រោយ​នេះ​។ ខណៈ​លោក ត្រាំ ចង់​ដក​កាណាដា​ចេញ ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក​ចង់​ឲ្យ​កិច្ចព្រមព្រៀង​ថ្មី​មាន​វត្តមាន​កាណាដា​ដដែល​។​

 
​ក្រោយ​ចរចា​ដ៏​តានតឹង​ជាច្រើន​ខែ​មក អាមេរិក និង​ម៉ិ​ក​ស៊ិ​ក បាន​ព្រមព្រៀង​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​មួយ​ប្រចាំ​តំបន់​អាមេរិក​ខាងជើង​។ ការចរចា​រហូតដល់​ការព្រមព្រៀង​គ្នា កើតឡើង​បន្ទាប់ពី​លោក ដូ​ណា​ល់ ត្រាំ គំរាម​លុប​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី NAFTA ដែលមាន​អា​វុ​យ​២៤​ឆ្នាំ​ទៅហើយនោះ ក្រោយ​លោក​ក្លាយជា​ប្រធានាធិបតី​អាមេរិក​នៅ​ដើមឆ្នាំ​២០១៧ មក​។ លោក ត្រាំ បានប្រកាស​ពី​កិច្ច​ព្រម​ពៀង​ថ្មី​នៅ​ថ្ងៃទី​២៧ ខែសីហា នៅ​សេត​វិមាន​។​
 
​ពីដំបូង​ការចរចា​របស់​អាមេរិក និង​ម៉ិ​ក​ស៊ិ​ក​ដើម្បី​ពិនិត្យឡើងវិញ​កិច្ចព្រមព្រៀង​ចាស់ ធ្វើឡើង​ក្រោមរូបភាព​ត្រីភាគី​កាណាដា​-​ម៉ិ​ក​ស៊ិ​ក​-​អាមេរិក​។ ប៉ុន្តែ​នៅ​រយៈពេល​៥​សប្ដាហ៍​ចុងក្រោយ​នេះ អាមេរិក និង​ម៉ិ​ក​ស៊ិ​កបាន​ចរចា​តែ​ពីរ​នាក់ និង​ទុក​កាណាដា​ដោយឡែក​សិន​។ ក្នុង​កិច្ចព្រមព្រៀង​ថ្មី អាមេរិក និង​កាណាដា បាន​ឯកភាព​លើ​ចំណុច​ជាច្រើន​ដូចជា​ពាណិជ្ជកម្ម​រថយន្ត ការ​រឹតបន្តឹង​ការពារ​កម្មករ និង​ការបើក​ឲ្យ​មាន​ត្រួតពិនិត្យ​កិច្ចព្រមព្រៀង​នេះ​រៀងរាល់​៦​ឆ្នាំ​ម្ដង​។​
 
​យ៉ាងណាក្ដី អ្វី​ដែលជា​កង្វល់​ធំ​នោះ គឺ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​អាមេរិក​ខាងជើង​នេះ ត្រូវ​បន្ត​ជា​លក្ខណៈ​ត្រីភាគី​ដដែល ឬ​ថយ​ត្រឹម​ទ្វេភាគី​អាមេរិក និង​ម៉ិ​ក​ស៊ិ​ក​។ រដ្ឋមន្ត្រីការបរទេស​កាណាដា និង​ជា​អ្នកចរចា Chrystia Freeland បាន​លុបចោល​ទស្សនកិច្ច​នៅ​អឺរ៉ុប​ភ្លាមៗ និង​ធ្វើដំណើរ​ទៅកាន់​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​បើក​ការចរចា​ជាមួយ​អាមេរិក​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ ក៏បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​លោក ត្រាំ ដែរ​លើ​បញ្ហា​នេះ​។​
 
​បើ​គ្មាន​លទ្ធផល​ជា​វិជ្ជមាន​ក្នុងការ​ចរចា​នេះ លោក ត្រាំ អាច​ជូនដំណឹង​ទៅកាន់​សភា​អាមេរិក​ពី​កិច្ចព្រមព្រៀង​ជាមួយ​ម៉ិ​ក​ស៊ិ​ក ហើយ​ទុកពេល​ឲ្យ​កាណាដា​ចូល​តាម​ក្រោយ​។ ប៉ុន្តែ​លោក ត្រាំ និយាយ​ហើយ​ថា អាមេរិក​នឹង​បន្តដំណើរ​ដោយ​គ្មាន​វត្តមាន​កាណាដា​។ ជំហរ​តឹងរ៉ឹង​របស់លោក​ចំពោះ​កាណាដា​លើ​ពន្ធ​រថយន្ត និង​ផលិតផល​ប្រើប្រាស់​ប្រចាំថ្ងៃ អាច​បង្កបញ្ហា​ដល់​ការចរចា ខណៈ​កាណាដា​ក៏​ប្រកាស​ជំហរ​ដែរ​ថា ខ្លួន​នឹងចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ដែល​ល្អ​សម្រាប់​ខ្លួន​ប៉ុណ្ណោះ​។​
 
​ខណៈ​លោក ត្រាំ មិន​ចង់​ស្វាគមន៍​កាណាដា ម៉ិ​ក​ស៊ិ​កបាន​ប្រកាន់​ជំហរ​ផ្ទុយ​ពីនេះ និង​ចង់​ឲ្យ​កាណាដា​ចូលរួម​កិច្ចព្រមព្រៀង​នេះ​ក្រោមរូបភាព​ត្រីភាគី​ដូច​កិច្ចព្រមព្រៀង​ចាស់​។ ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​កចប់​អាណត្តិ Enrique Pena Nieto និយាយថា កិច្ចព្រមព្រៀង​ចុងក្រោយ​ជាមួយ​អាមេរិក និង​កាណាដា ជា​រឿង​អាចទៅរួច​។ ក្នុងការ​ជជែក​តាម​ទូរ​សព្ទ លោក Nieto ក៏​ប្រា​ប់លោក ទ្រូ​ដូ ដែរ​ថា វា​ជា​រឿង​សំខាន់​ដែល​កាណាដា​ចូលរួម​ជាមួយ​ម៉ិ​ក​ស៊ិ​ក​និង​អាមេរិក​៕
 

Tag:
 អាមេរិក​
  ម៉ិ​ក​ស៊ិ​ក​
  កាណាដា​
© រក្សាសិទ្ធិដោយ thmeythmey.com