អន្តរជាតិ
រុស្ស៊ី​៖ ស៊ី​រី​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ទទួលយក​ជនភៀសខ្លួន​មួយ​លាន​នាក់​ទៀត​ត្រឡប់មកវិញ​
29, Aug 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​បញ្ជក់​ថា រដ្ឋ​រងគ្រោះ​ដោយសារ​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ​«​ស៊ី​រី​»​ត្រៀមលក្ខណៈ​រួចហើយ​ដើម្បី​ទទួល​ជនភៀសខ្លួន​មួយ​លាន​នាក់​ត្រឡប់មកវិញ​។ បច្ចុប្បន្ននេះ រុស្ស៊ី​ដែលជា​ខ្នងបង្អែក​របប​ដឹកនាំ​ស៊ី​រី​នោះ​កំពុង​ជួយ​គាំទ្រ​គម្រោង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ស៊ី​រី​ឡើងវិញ​កំពុង​បន្ត​ទៅមុខ​។


 
​ថ្ងៃ​អង្គារ​ទី ២៨ ខែសីហា រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ក្រោយ​រដ្ឋាភិបាល​ស៊ី​រី​បន្ត​រំដោះ​បាន​ទឹកដី​ជាច្រើន​ពី​ក្រុង​ភេរវជន​ច្រើន​លាន​នាក់​បាន​ត្រឡប់​ទៅ​រស់នៅ​ស្រុកកំណើត​វិញ​កន្លងមក​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS ប្រមុខ​ការពារជាតិ​រូបនេះ​បាន​បន្តថា បច្ចុប្បន្ននេះ​ស៊ី​រី​ក៏​ត្រៀមលក្ខណៈ​រួចរាល់​ហើយ​ដែរ​ក្នុងការ​ទទួលយក​ជន​ភៀសខ្លួន​មួយ​លាន​នាក់​បន្ថែមទៀត​ត្រឡប់មក​ស្រុកកំណើត​វិញ​។ 
 
​ចាប់ពី​សង្គ្រាម​ផ្ទុះឡើង​នៅក្នុង​ឆ្នាំ ២០១១ ប្រជាជន​ស៊ី​រី​រាប់លាន​នាក់​បាន​បាត់បង់​ជម្រក​ជាមួយនឹង​ប្រជាជន​ប្រហែល ៥​លាន​នាក់​បាន​បង្ខំចិត្ត​ភៀសខ្លួន​ទៅ​រស់នៅ​ប្រទេសជិតខាង​ផង​។ មកដល់​បច្ចុប្បន្ន​ប្រជាជន​ដែល​រងគ្រោះ​ទាំងនោះ​ភាគច្រើន​កំពុង​ជ្រកកោន​នៅ​ប្រទេស​លី​បង់​, តួ​ក​គី និង​ហ្ស៊​កដា​នី​។ 
 
​លោក Shoigu និយាយ​ដូច្នេះ​៖«​ចាប់ពី​ឆ្នាំ ២០១៥​មក នៅពេលដែល​ទីក្រុង និង​ភូមិ​ស្រុក​ជាច្រើន​ត្រូវបាន​រំដោះ ប្រជាជន​មិនតិចជាង​មួយ​លាន​នាក់​ទេ​ដែល​បាន​ត្រឡប់មក​លំនៅដ្ឋាន​វិញ​។ ឥឡូវនេះ ឱកាស​ថ្មី​ទៀត​ត្រូវបាន​បង្កើតឡើង​សម្រាប់​ការ​ត្រឡប់មកវិញ​នៃ​ប្រជាជន​ប្រហែល​មួយ​លាន​នាក់​ទៀត​ដែល​កំពុង​ភៀសខ្លួន​»​។ 
 
​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី​រូបនេះ​បាន​បន្ថែមថា ការទទួលយក​ជនភៀសខ្លួន​មកវិញ​បាន​ដោយសារ​បច្ចុប្បន្ន​ស៊ី​រី​ចាប់ផ្តើម​មាន​ស្ថិរភាព និង​កំពុង​បន្ត​គម្រោង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ និង​កសាង​ផ្លូវ​សម្រាប់​ដឹកជញ្ជូន រួមជាមួយ​ទីតាំង​សន្តិសុខ​ជាច្រើន​ផ្សេង​ទៀតផង​។​
 
​ការ​បង្ហើប​ពី​គម្រោង​ទទួលយក​ជនភៀសខ្លួន​នេះ​កើតឡើង​បន្ទាប់ពី​មានការ​ឯកភាពគ្នា​រវាង​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ជាមួយ​សម​ភាគី​អាមេរិក​លោក ដូ​ណា​ល់ ក្នុងជំនួប​ទ្វេភាគី​នៅ​ទីក្រុង​ហែល​សិង​គី ប្រទេស ហ្វាំ​ង​ឡង់​កាលពី​ខែកក្កដា​កន្លងទៅ​។ ថ្វីបើ​មានការ​ឯកភាពគ្នា​ដូច្នេះ​ក្តី គេ​នៅតែ​មិន​បានដឹង​ច្បាស់​ថា វា​មាន​កិច្ចសហប្រតិបត្តិការ​បែបណា​ឡើយ​រវាង​អាមេរិក និង​រុស្ស៊ី​ជុំវិញ​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ប្រជាជន​ស៊ី​រី​នេះ​។ 
 
 ការប្រកាស​នេះ​ក៏​កើតឡើង​មួយថ្ងៃ​ក្រោយ​ពេលដែល​អ៊ីរ៉ង់ និង​ស៊ី​រី​សម្រេច​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​លើ​ការកសាង​សមត្ថភាព​ការពារជាតិ និង​ស្តារ​ប្រទេសជាតិ​ឡើងវិញ​ដែរ​។ អ៊ីរ៉ង់​នឹង​បន្ត​រក្សា​កងទ័ព​ខ្លួន​នៅ​ស៊ី​រី​ដើម្បី​ជួយ​គាំទ្រ​កងទ័ព​ស៊ី​រី​ប្រឆាំង​ក្រុម​ភេរវជន និង​ជួយ​ទ្រទ្រង់​ដល់​ដំណើការ​កសាង​ប្រទេសជាតិ​ឡើងវិញ​ផង ខណៈដែល​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​កាន់តែ​មានប្រៀប​ខ្លាំង​ក្នុង​សង្គ្រាម​អូសបន្លាយ​អស់ ៧​ឆ្នាំ​មកនេះ​។​
 
​ត្រឡប់មកវិញ រុស្ស៊ី​ដែលជា​សម្ព័ន្ធមិត្ត​យូរអង្វែង​របស់​ស៊ី​រី និង​បន្ត​ជួយ​គាំទ្រ​ស៊ី​រី​ផ្នែក​ការទូត​នោះ បាន​ចូល​អន្តរាគមន៍​នៅ​ស៊ី​រី​ក្នុង​ឆ្នាំ ២០១៥ តប​តាម​ស្នើសុំ​របស់លោក បា​សា អាល់​អាសាដ ដែល​បន្ត​ច្បាំង​ប្រឆាំង​ក្រុម​ឧទ្ទាម​នោះ​។ ការអន្តរាគមន៍​រប​ស់​រុស្ស៊ី​ក្នុង​ជម្លោះ​ផ្លាស់ប្តូរ​ស្ថានភាព​សង្គ្រាម ហើយ​ទ័ពអាកាស​រុស្ស៊ី​មិន​ត្រឹមតែ​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ប៉ុណ្ណោះ​ទេ តែ​ក៏​ឆ្លៀត​សំពង​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​លោកខាងលិច​ដូចគ្នា​៕ 
 

Tag:
 ស៊ី​រី​
  រុស្ស៊ី​
  អាមេរិក​
  Sergei Shoigu
© រក្សាសិទ្ធិដោយ thmeythmey.com