កីឡាជាតិ
ជាតិ
ពានរង្វាន់​បាល់ទាត់​សម្តេច ហេង សំរិន លើក​ទី​២​គ្រោង​ចំណាយ​ជាង​២០០​លាន​រៀល​
28, Aug 2018 , 9:59 pm        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហេង សំរិន លើក​ទី​២​បាន​បើក​ការប្រកួត​កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៨ ដោយ​ឆ្នាំនេះ​មាន​២១​ក្រុម​ចូលរួម កើនឡើង​៥​ក្រុម​បើ​ធៀង​នឹង​លើក​ទី​១​។ មិន​ត្រឹមតែ​ចំនួន​ក្រុម​នោះទេ ប្រាក់រង្វាន់​លើកទឹកចិត្ត​ក៏​កើនឡើង​ដែរ​។ ការកើនឡើង​នេះ បានធ្វើ​ឲ្យ​ការចំណាយ​លើ​ការរៀបចំ​ការប្រកួត​មាន​ទំហំ​កាន់​កាន់តែ​ធំ​។ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានផ្តល់​ថវិកា​ចំនួន​២០​លាន​រៀល ដើម្បី​ទ្រទ្រង់​ដល់​ការរៀបចំ​។

 
​ពានរង្វាន់​បាល់ទាត់​សម្តេច ហេង សំរិន លើក​ទី​២​ឆ្នាំនេះ គ្រោង​ចំណាយ​ថវិកា​ចំនួន​២០២,៧០៤,០០០​រៀល (​ប្រហាក់ប្រហែល​៥០,៦៧៦​ដុល្លារ​)​។ ថវិកា​ទាំងនេះ ត្រូវ​ចំណាយ​លើ​ការរៀបចំ​ការប្រកួត និង​ប្រាក់រង្វាន់​លើកទឹកចិត្ត​សម្រាប់​ម្ចាស់​ជ័យលាភី និង​ចំណាយ​ផ្សេងៗ​។ នេះ​បើតាម​លោក ធុល នាង ទីប្រឹក្សា​សម្តេច ហេង សំរិន និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​។ 
 
​ទំហំ​ចំណាយ​នេះ មានការ​កើនឡើង​ជិត​២០​ភាគរយ​បើ​ធៀប​នឹង​លើក​ទី​១​។ ការចំណាយ​រីក​កាន់តែ​ធំ​នេះ បន្ទាប់ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ដំឡើង​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដល់​ក្រុម​ជ័យលាភី និង​ពានរង្វាន់​ឯកជន​ផ្សេងៗ​។ ម្យ៉ាងទៀត ដោយសារ​ឆ្នាំនេះ​ក្រុម​ចូលរួម​មានការ​កើនឡើង ដោយ​ឆ្នាំនេះ​មាន​២១​ក្រុម ខណៈ​ឆ្នាំមុន​មានតែ​១៦​ក្រុម​ប៉ុណ្ណោះ​។​


 
​ដើម្បី​ជួយ​សម្រួល​ដល់​ការចំណាយ​ក្នុងការ​រៀបចំ​ពានរង្វាន់​នេះ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នា​ថ្ងៃ​បើក​ការប្រកួត​កាលពី​ថ្ងៃទី​២៦ ខែសីហា នៅ​ពហុ​កីឡដ្ឋាន​ជាតិ បានផ្តល់​ថវិកា​ចំនួន​២០​លាន​រៀល​ដល់​គណៈកម្មការ​រៀប​ចំការ​ប្រកួត​។ ជាមួយគ្នានេះ លោក​ស្នើ​ឲ្យ​កីឡាករ​ទាំងអស់​ខិតខំ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ដោយ​ឈរលើ​គោលការណ៍ Fair Play និង​មាន​អធ្យាស្រ័យ​ខ្ពស់​។  
 
​បើ​យោងតាម​លោក ធុល នាង ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ក្នុង​គោលបំណង ជួយ​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​កម្ពុជា ពិសេស​បំផុត​ស្មារតី​ឲ្យ​យុវជន​ចាប់អារម្មណ៍​វិស័យ​កីឡា​នេះ​កាន់តែច្រើន​។ លើសពីនេះ ដើម្បី​រឹតចំណង​សាមគ្គីភាព មិត្តភាព និង​សុខភាព​។ ដើម្បី​បង្កើន​ការទាក់ទាញ​ដល់​ទស្សនិកជន និង​ធ្វើ​ឲ្យ​ការប្រកួត​កាន់តែ​ស្វិតស្វាញ​ជាង​មុន គណៈកម្មការ​រៀបចំ​បានអនុញ្ញាត​ឲ្យ​ក្រុម​នីមួយៗ​ដាក់​កីឡាករ​អាជីព​២​រូប​ពី​ក្របខណ្ឌ​លី​គ​កំពូល និង​២​រូប​លំដាប់​ទី​២​រូប​៕




 

Tag:
 Heng Samrin Cup
  ធុល នាង
© រក្សាសិទ្ធិដោយ thmeythmey.com