ជាតិ
​​​ន​យោ​បាយ​ជាតិ​
ជាប់គុក​ជាង​បី​ឆ្នាំ លោក មា​ជ សុវណ្ណារ៉ា និពន្ធ​សៀវភៅ​បាន​ពីរ​ក្បាល​
28, Aug 2018 , 6:09 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ​ជីវិត​ជាង​បី​ឆ្នាំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស លោក មា​ជ សុវណ្ណារ៉ា អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​ធ្លាប់​ធ្វើជា​បេក្ខជន​តំណាងរាស្ត្រ  មិន​បណ្តោយ​ឲ្យ​ពេលវេលា កន្លង​ទៅដោយ​ឥតប្រយោជន៍​ឡើយ​។ រយៈពេល​ជាង​បី​ឆ្នាំ​ក្នុង​ពន្ធនាគារ លោក បាន​ឆ្លៀត​សរសេរ​សៀវភៅ​បាន​ពីរ​ក្បាល​។

 

 
​លោក មា​ជ សុវណ្ណារ៉ា ដែល​គេ​ចាត់ទុកជា​អ្នកនយោបាយ​ពូកែ​វោហារសាស្ត្រ បាន​ប្រាប់​អ្នកកាសែត​ថា សៀវភៅ​ទាំងពីរ​ក្បាល​នោះ មាន​ចំណងជើង​ថា «​អ្នក​គុក​នយោបាយ​ព្រៃ​ស​»  និង «​ក្រមសីលធម៌​អ្នកដឹកនាំ​»​។ លោក បញ្ជាក់ថា សៀវភៅ​ទាំងពីរ​ក្បាលរបស់លោក នឹងត្រូវ​បោះ​ពុ​ម្ភ​ផ្សាយ​នៅក្នុងឆ្នាំ២០១៨នេះតែម្តង។  
 
​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្សប្រឆាំង​រូបនេះ បន្តថា នៅក្នុង​ពន្ធនាគារ លោក បាន​ប្រឹងប្រែង​អាន​សៀវភៅ​ដល់​ទៅ​ជាង​៥០០​ក្បាល​ឯណោះ​។ លោក បន្ថែម ការអាន​នេះហើយ ដែលជា​ទុន​ដ៏​ចម្បង​ធ្វើ​ឲ្យ​លោក មានគំនិត​ច្រើន​ក្នុងការ​សរសេរ​សៀវភៅ​ទាំងពី​រក្បាល​នេះ​។ 

 
 
​ការលើកឡើង​ខាងលើ​របស់លោក មា​ជ សុវណ្ណារ៉ា គឺបន្ទាប់ពីព្រះសង្ឃក្នុងវត្តចាស់ បានស្រោយទឹកឲ្យ​លោក និង​គ្នីគ្នា​១៣​នាក់​ទៀតរួច នា​រសៀល​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨​នេះ​។ ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស​ឲ្យ​ពួកគេ នៅ​យប់​ថ្ងៃទី​២៧ ខែសីហា ហើយ​រហូត​ឈានចូល​ម៉ោង​១​យប់ នា​ថ្ងៃទី​២៨ ខែសីហា សមត្ថកិច្ច ក៏​អនុញ្ញាត​ឲ្យ​ពួកគេ ចេញពី​ពន្ធនាគារ​។ 
 
​លោក មា​ជ សុវណ្ណ​រ៉ា និង​អតីត​សកម្មជន​២​នាក់​នៃ​គណបក្សប្រឆាំង ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២០​ឆ្នាំ​ក្នុង​ម្នាក់ៗ ពីបទ​ដឹកនាំ​ធ្វើ​កុបកម្ម ហើយ​អតីត​សកម្មជន​ជន​១១​នាក់​ទៀត ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ​ក្នុង​ម្នាក់ៗ ពីបទ​ចូលរួម​ក្នុង​ចលនា​កុបកម្ម​។ ពួកគេ ជាប់ឃុំ ក្នុងអំឡុង​ខែកក្កដា ឆ្នាំ​២០១៥៕  

Tag:
 ​មា​ជ សុវណ្ណ​រ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com