ជាតិ
រថយន្ត
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
ថៃ នឹងផ្តល់ក្បាលរថភ្លើង១ និងទូរថភ្លើងចំនួន៤ ឲ្យកម្ពុជា មុនខ្សែរថភ្លើងភ្ជាប់ប្រទេសទាំង២ដំណើរការ
× ភ្នំពេញ៖ ភាគីថៃ នឹងផ្តល់ក្បាលរថភ្លើងចំនួន១គ្រឿង និងទូរថភ្លើងចំនួន៤ទូ មកឲ្យកម្ពុជា នៅអំឡុងពេលដែលភាគីទាំង២ ចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងដែនតាមរថភ្លើងដែលគ្រោងធ្វើនៅចុងឆ្នាំ២០១៨នេះ។ នេះបើតាមទីភ្នាក់ងារសាព័ត៌មានកម្ពុជា(AKP)ដែលបានស្រង់សម្តី លោក លី បូរិន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក លី បូរិន ត្រូវបានAKP ស្រង់សម្តីបន្តទៀតថា ការផ្តល់ជំនួយ ក្បាល និងទូរថភ្លើងរបស់ភាគីថៃនេះ គឺដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែស្អិតល្មួត ក៏ដូចជាកសម្រួលដល់ការបើកដំណើរការសេវាដឹកជញ្ជូនទំនិញ និងមនុស្សឆ្លងដែន រវាងប្រទេសទាំងពីរ ដែលគ្រោងចាប់ផ្តើមនៅដើមឆ្នាំ២០១៩ ឱ្យកាន់តែប្រសើរ។
«នៅពេលដែលភាគីទាំងពីរកម្ពុជា-ថៃ បានចុះហត្ថលេខាហើយនោះ កម្ពុជាក៏គ្រោងចុះហត្ថលេខា ជាមួយបណ្តាប្រទេសមួយចំនួនទៀត ដើម្បីអាចបើកដំណើរការឆ្លងកាត់រួមគ្នា ជាមួយបណ្តាប្រទេសទាំងនោះ ក្នុងគម្រោងដឹកជញ្ជូនផ្លូវដែកប្រទេសសិង្ហបុរី គុនមិញនៃសាធារណរដ្ឋប្រជាមានិតចិន»។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសាធារណការដដែល ដោយលោកបន្តបញ្ជាក់ពីប្រយោជន៍ នៃគម្រោងភ្ជាប់សេវាដឹកជញ្ជូនទំនិញ និងមនុស្សតាមផ្លូវ ដែករវាងកម្ពុជា-ថៃនេះថា ពិតជាសំខាន់ព្រោះអាចកាត់បន្ថយការខូចខាតផ្លូវជាតិ និងហានិភ័យផ្សេងៗ និងនាំឲ្យតម្លៃសេវាដឹកជញ្ជូនទំនិញថោក និងចំណេញថវិកាបានច្រើន៕
Tag:
រថភ្លើេង
ផ្លូវដែក
កម្ពុជា-ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com