កីឡាជាតិ
ជាតិ
Asian Games៖ សូហ្វតិន្នីសបន្តស្វែងរកមេដាយលើវិញ្ញាសាវាយគូ
× ក្រោយខកឱកាសក្នុងការដណ្តើមមេដាយលើវិញ្ញាសាវាយឯកត្តជនក្នុងថ្ងៃបើកឆាក ក្រុមអត្តពលិកកីឡាសូហ្វតិន្នីសកម្ពុជា ត្រូវបន្តប្រជែងស្វែងរកមេដាយលើវិញ្ញាសាវាយគូបុរស-នារី នាការប្រកួត Asian Games លើកទី១៨នៅប្រទេសឥណ្ឌូណេស៊ី។ អត្តពលិក ដែលត្រូវទទួលភារកិច្ចដ៏ធំនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ មានចំនួនពីរគូ។
កីឡាករ យី សរសារិទ្ធ ចាប់ដៃគូជាមួយកីឡាការិនី ម៉េត ម៉ារីយ៉ាន ប្រជែងជាមួយថៃ ដែលមានកីឡាករ Ratthapobkorrapak Worranun និងកីឡាការិនី Naree Sawitre។ ការប្រកួតនេះស្ថិតនៅក្នុងពូល A ដោយរៀបចំនៅទីលានសូហ្វតិន្នីសក្នុងទីក្រុងប៉ាឡាំប៉ាងប្រទេសឥណ្ឌូណេស៊ី។
គូប្រកួតរបស់កម្ពុជា កីឡាករ Ratthapobkorrapak Worranun បានបញ្ចប់ក្នុងចំណាត់លេខ៥លើវិញ្ញាវាយគូ នាការប្រកួតជើងឯកពិភពលោកនៅប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០១១។ ចំណែកកីឡាការិនី Naree Sawitre ទទួលបានចំណាត់ថ្នាក់លេខ៣លើវិញ្ញាសាវាយឯកត្តជន ក្នុងព្រឹត្តិការណ៍ World Championship 2011 នៅប្រទេសកូរ៉េខាងត្បូង។
ជាមួយគ្នានេះកីឡាករ អន សម្បត្តិ ចាប់ដៃគូជាមួយកីឡាការិនី រិន សុធារី ត្រូវប្រជែងក្រុមហ្វីលីពីននាជំនួបពូល E ដែលជាការចាប់គ្នារវាងកីឡាករ Damian Noel Jr ជាមួយកីឡាការិនី Manalac Noelle Conchita Corazon។ គូប្រជែងរបស់កម្ពុជាមិនសូវមានប្រវត្តិចូលរួមប្រកួតលើឆាកអន្តរជាតិប៉ុន្មាននោះទេ ពោលគឺកីឡាការិនី Manalac Noelle Conchita Corazon ធ្លាប់ចូលរួមព្រឹត្តិការណ៍ Asian Championship ម្តងនៅជប៉ុនកាលពីឆ្នាំ២០១៦ ដោយទទួលបានចំណាត់ថ្នាក់លេខ៣៕
Tag:
សូហ្វតិន្នីស
Asian Games
ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com