ជាតិ
ចិន​១៥​នាក់​នៅ​ព្រះសីហនុ ត្រូវបាន​បញ្ជូនទៅ​តុលាការ ពីបទ​សេព​គ្រឿងញៀន​
29, Aug 2018 , 8:19 pm        
រូបភាព
ប្រភព៖ ហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
ប្រភព៖ ហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
ដោយ:
​ជនជាតិ​ចិន​ប្រុស​ស្រី ១៥​នាក់ នៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​សមត្ថកិច្ច​ចុះទៅ​ឃាត់ខ្លួន ហើយ​នាំទៅ​តុលាការ កាលពី​ថ្ងៃ​២៧ ខែសីហា នៅ​ក្លឹប​កម្សាន្ត​មួយ  បន្ទាប់ពី​រកឃើញថា ពួកគេ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។ នេះ​បើតាម​លោក ស៊ុន សុផាត ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​ទទួល​ខាង​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។


 
​លោក ស៊ុន សុផាត បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា បើតាម​ច្បាប់ អ្នកប្រើប្រាស់​គ្រឿងញៀន អាច​ជាប់ពន្ធនាគារ​ពី​១​ខែ ទៅ​៦​ខែ​។ ប៉ុន្តែ បើ​រកឃើញថា ពួកគេ គ្រាន់តែ​ប្រើប្រាស់​ធម្មតា ហើយ​មិន​ពាក់ព័ន្ធ​នឹង​ការ​ចែកចាយ​គ្រឿងញៀន តុលាការ អាច​នឹង​បញ្ជូនទៅ​មណ្ឌល​កែប្រែ​។ ជាមួយគ្នានេះ សមត្ថកិច្ច អាចធ្វើ​កិច្ចសន្យា​ណែនាំ​ជាមួយ​អ្នកអាណាព្យាបាល ដើម្បី​ព្យាបាល​។ 


 
​លោក ស៊ុន សុផាត បាន​បន្ថែមទៀតថា ករណី​ជួញដូរ ឬ​ចែកចាយ​សារធាតុ​ញៀន នឹងត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​។ លោក និយាយថា ក្រៅពី​អ្នកមាន​សារធាតុ​ញៀន ដែល​ត្រូវ​បញ្ជូនទៅ​តុលាការ អ្នកដទៃ​ផ្សេងទៀត​បានអនុញ្ញាត​ឱ្យ​ត្រឡប់​ទៅវិញ​ហើយ ពីព្រោះ​ពួកគាត់​ជា​ភ្ញៀវ​ដែល​បាន​ចូល​ទៅលេង​កម្សាន្ត​នៅ​ក្លឹប​នោះ​ប៉ុណ្ណោះ ដោយ​មិន​ពាក់ព័ន្ធ​ជាមួយ​គ្រឿងញៀន​ទេ​។​
 
​កន្លងមក​អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងថា ត្រូវតែ​បង្ក្រាប​ដោយ​គ្មាន​ការលើកលែង និង​មិន​អនុញ្ញាតឱ្យ​បុគ្គល​ណាមួយ ឬ​ក្រុម​ណាមួយ យក​ទឹកដី​ខេត្ត​ព្រះសីហនុ ធ្វើជា​កន្លែង​ចែកចាយ ឬ​ប្រើប្រាស់​គ្រឿងញៀន​ជាដាច់ខាត​៕

Tag:
 ស៊ុន សុផាត​
 ​ចិន​-​គ្រឿងញៀន​
 ​យន្ត មីន
© រក្សាសិទ្ធិដោយ thmeythmey.com