សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តម្លៃ​រូបិយវត្ថុ​ភាគច្រើន​នៅ​ទ្វីបអាស៊ី​ធ្លាក់ចុះ ស្រប​ពេលដែល​សហរដ្ឋ​អាមេរិក និង​ចិន​មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយគ្នា​
29, Aug 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​តៃប៉ិ ៖ នៅក្នុង​ទ្វីបអាស៊ី តម្លៃ​នៃ​រូបិយវត្ថុ​នៃ​ប្រទេស​ជាច្រើន​ដែល​ក្នុងនោះ​មានដូចជា​ប្រទេស​ចិន ឥណ្ឌា ឥណ្ឌូនេស៊ី និង​មី​យ៉ាន់​ម៉ា​ជាដើម បាន​ធ្លាក់ចុះ​ចាប់តាំងពី​ដើមឆ្នាំ ២០១៨ មក​។ រូបិយវត្ថុ​រូពី​របស់​ប្រទេស​ឥណ្ឌា​បាន​ធ្លាក់ចុះ​ទាប​បំផុត​កាលពី​ខែមិថុនា ហើយ​ប្រាក់​យ័ន​របស់​ប្រទេស​ចិន​បាន​ធ្លាក់ចុះ​ចំនួន ៣,២ ភាគរយ ក្នុង​រយៈពេល​មួយឆ្នាំ​គិត​មកទល់​ខែមិថុនា​កន្លងមកនេះ​។

 
​សេដ្ឋកិច្ចវិទូ​នានា​បានចង្អុលបង្ហាញ​នូវ​បញ្ហា​មួយចំនួន​ដែល​បណ្ដាល​ឲ្យ​តម្លៃ​រូបិយវត្ថុ​ទាំងនេះ​ធ្លាក់ចុះ ដូចជា​បញ្ហា​ដែល​អាច​បណ្ដាលមកពី​វិបត្តិ​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​តួ​ក​គី និង​ការព្រួយបារម្ភ​អំពី​ការវិនិយោគ​នៅក្នុង​ទ្វីបអាស៊ី​ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​។​
 
​លោក Song Seng Wun សេដ្ឋកិច្ចវិទូ​នៃ​សាខា​ធនាគារឯកជន​មួយ​នៃ​ធនាគារ CIMB នៅក្នុង​ប្រទេស​សិង្ហ​បុរី បាន​មាន​និយាយថា​៖ «​នេះ​គឺជា​រឿងរ៉ាវ​ប្រសព្វ​គ្នា​គ្រប់យ៉ាង​ដែល​យើង​ព្រួយបារម្ភ​នៅពេល​បច្ចុប្បន្ន​ន‍េះ​»​។​
 
​ប៉ុន្តែ​សេដ្ឋកិច្ចវិទូ​នានា​ជឿជាក់ថា អាជ្ញាធរ​ផ្នែក​រូបិយវត្ថុ​នៅ​អាស៊ី​បាន​រៀនសូត្រ​ពី​ការធ្លាក់ចុះ​រូបិយវត្ថុ​កាលពី​ឆ្នាំ ២០១៣ ឆ្នាំ ២០១៥ និង​ឆ្នាំ ២០១៦ អំពី​វិធី​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ​។​
 
​មូលហេតុ​នៃ​ការធ្លាក់ចុះ​
 
​ក្រុមអ្នកវិភាគ​បាន​និយាយថា មិនមែន​មានតែ​មូលហេតុ​តែមួយ​នោះទេ​ដែល​ជំរុញ​ឲ្យ​តម្លៃ​រូបិយវត្ថុ​នៅ​ទូទាំង​ទ្វីបអាស៊ី​ធ្លាក់ចុះ​នោះ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ថា ការកើនឡើង​នៃ​តម្លៃ​ប្រេង​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់​រូពី​របស់​ឥណ្ឌា ដោយសារតែ​ឥណ្ឌា​ត្រូវ​ចំណាយ​ច្រើន​ដើម្បី​ទិញ​ប្រេង​នាំចូល​។​
 
​រីឯ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ បាន​រាយការណ៍​ថា ដោយសារតែ​ការកើនឡើង​នូវ​ការ​នាំចូល​ទំនិញ​ទៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែលជា​ប្រទេស​កំពុង​លូតលាស់​ខ្លាំង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ និង​ដោយសារតែ​ការ​សន្សំទុក​តែ​ប្រាក់​ដុល្លារ​អាមេរិក បានជា​ធ្វើ​ឲ្យ​រូបិយវត្ថុ​មី​យ៉ាន់​ម៉ា​ធ្លាក់ចុះ​។​
 
​ចំណែកឯ​នៅក្នុង​ប្រទេស​វៀតណាម​វិញ ក្រុមហ៊ុន Bao Viet Securities នៅក្នុង​ប្រទេស​វៀតណាម បាន​បញ្ជាក់ថា ការធ្លាក់ចុះ​ប្រាក់​ដុង​ចំនួន ១,៣ ភាគរយ គឺ​បណ្ដាលមកពី​ទទួលរង​សម្ពាធ​នៃ​ការធ្លាក់ចុះ​តម្លៃ​រូបិយវត្ថុ​នានា​នៅក្នុង​ទ្វីបអាស៊ី ដែល​ក្នុងនោះ​មាន​ទាំង​ការធ្លាក់ចុះ​នៃ​ប្រាក់​យ័នរ​បស់​ចិន និង​ការធ្លាក់ចុះ​ប្រាក់ rupiah​របស់​ឥណ្ឌូនេស៊ី ចំនួន ៧ ភាគរយ​ផងដែរ​គិត​ត្រឹម​ខែមិថុនា​កន្លងទៅនេះ​។​
 
​លោក Song Seng Wun បាន​និយាយថា ការធ្លាក់ចុះ​ធ្ងន់ធ្ងរ​របស់​ក្រដាសប្រាក់​លី​រ៉ា​របស់​ប្រទេស​តួ​ក​គី ក៏ដូចជា​អតិផរណា និង​ការណ៍​មិនមាន​លទ្ធភាព​សង​ប្រាក់កម្ចី​នានា ដែល​ទាំងអស់នេះ​កំពុងតែ​ទាញ​សេដ្ឋកិច្ច​នៃ​ប្រទេស​ផ្សេងៗ​ទៀត​ឲ្យ​ធ្លាក់ចុះ​នោះ កំពុងតែ​ជះឥទ្ធិពល​ដល់​អត្រា​រូបិយវត្ថុ​នានា​នៅ​ទ្វីបអាស៊ី​។​
 
​សេដ្ឋកិច្ចវិទូ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នៅក្នុង​ប្រទេស​ដែល​រង​ផលប៉ះពាល់ ជាទូទៅ​បាន​បញ្ជាក់ថា បុព្វហេតុ​ដ៏​ចម្បង​នៃ​ការធ្លាក់ចុះ​នេះ​គឺ​ដោយសារតែ​ការរីក​រាលដាល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​។ ជម្លោះ​នេះ​បានចាប់ផ្ដើម​ដំបូង​នៅ​ដើមឆ្នាំ ២០១៨ នៅពេលដែល​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ធ្វើ​ពាណិជ្ជកម្ម​ដោយ​មិនមាន​យុត្តិធម៌​។​
 
​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ថា សង្គ្រាម​ពាណិជ្ជ​កម្មបាន​រារាំង​អ្នកវិនិយោគ​ពី​ការវិនិយោគ​លើ​អចលនទ្រព្យ​នានា​នៅក្នុង​ប្រទេស​។ ចំណែកឯ​នៅក្នុង​ប្រទេស​វៀតណាម​វិញ ការធ្លាក់ចុះ​ប្រាក់​យ័ន​របស់​ចិន​កាលពី​ខែមិថុនា និង​ភាព​តានតឹង​ពាណិជ្ជកម្ម​របស់​សហរ​ដ្ឋ​អាមេរិក បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការនាំចេញ​របស់​វៀតណាម​។ ប្រាក់​យ័ន​ទាប​របស់​ចិន​បាន​ជួយ​ក្រុមហ៊ុននាំចេញ​នានា​របស់​ចិន​ឲ្យ​រកប្រាក់​ចំណូល​បន្ថែមទៀត​លើ​ទំនិញ​ដែល​នាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក​។​
 
​លោក Maxfield Brown បុគ្គលិក​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​មួយ​ដែលមាន​ឈ្មោះថា Dezan Shira & Associates បាន​និយាយថា​៖ «​ខ្ញុំ​គិតថា មាន​ហេតុផល​ជាច្រើន​ដែល​បណ្ដាល​ឲ្យ​រូបិយវត្ថុ​ទាំងនោះ​ធ្លាក់ចុះ​»​។​
 
​លោក​បានបញ្ជាក់​បន្តថា​៖ «​មន្ត្រី​វៀតណាម​កំពុង​តាមដាន​អ្វីដែល​កំពុង​កើតឡើង​រវាង​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក ហើយ​ជាការ​ពិត​គឺ​រដ្ឋាភិបាល​ចិន​បាន​ទម្លាក់​តម្លៃ​រូបិយវត្ថុ​របស់ខ្លួន ហើយ​ចំណុច​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធភាព​របស់​ប្រទេស​វៀតណាម​នៅក្នុង​ការនាំចេញ​ផលិតផល​របស់ខ្លួន​។ ប្រទេស​នីមួយៗ​កំពុង​តាមដាន​ស្ថានការណ៍​នេះ​»​។​
 
​យុទ្ធសាស្ត្រ​ដោះស្រាយ​
 
​អ្នកស្រី Marie Diron នាយក​គ្រប់គ្រង​ក្រុមហ៊ុន Moody's Investors Service នៅក្នុង​ប្រទេស​សិង្ហ​បុរី បាន​និយាយថា អាជ្ញាធរ​រូបិយវត្ថុ​អាស៊ី​អាច​គ្រប់គ្រង​លើ​ការធ្លាក់ចុះ​តម្លៃ​រូបិយវត្ថុ​ទាំងនេះ​បាន​នៅក្នុង​ឆ្នាំនេះ បើ​ប្រៀបធៀប​ជាមួយនឹង​ឆ្នាំ ២០១៣ ស្រប​ពេលដែល​ដើមទុន​នានា​បាន​ហូរ​ចេញពី​ទ្វីបអាស៊ី ដោយសារតែ​ការកើនឡើង​សេដ្ឋកិច្ច​នៅក្នុង​សហរដ្ឋអាមេរិក​។​
 
​សន្ទុះ​សេដ្ឋកិច្ច​កើនឡើង​បន្ទាប់ពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​បានកើត​ឡើង​កាលពី​ឆ្នាំ ២០០៨ មក បាន​ជំរុញ​ឲ្យ​វិនិយោគិន​នានា​ទិញ​អចលនទ្រព្យ​នៅ​ទ្វីបអាស៊ី ដែលជា​ទ្វីប​មួយ​ដែល​វិស័យ​អចលនទ្រព្យ​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ទៅតាម​ការរីកចម្រើន​សេដ្ឋកិច្ច​នៅក្នុង​ទ្វីប​នេះ​។​
 
​ដើម្បី​បង្កើន​ប្រាក់ Rupiah អាជ្ញាធរ​រូបិយវត្ថុ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ដំឡើង​អត្រា​ការប្រាក់​ចំនួន ៤ ដង ក្នុង​រយៈពេល ៣ ខែ​កន្លងមកនេះ​។ ចំណែកឯ​អាជ្ញាធរ​រូបិយវត្ថុ​នៅក្នុង​ប្រទេស​ឥណ្ឌា​និង​ប្រទេស​ហ្វីលីពីន​វិញ បាន​ដំឡើង​អត្រា​ការប្រាក់​នៅក្នុង​ឆ្នាំនេះ​ផងដែរ​។ អត្រា​ការប្រាក់​កើនឡើង​នេះ ជាទូទៅ​បាន​បង្កើន​តម្លៃ​រូបិយវត្ថុ បើ​ប្រៀបធៀប​ជាមួយនឹង​ប្រទេស​ដែល​មិន​ដំឡើង​ការប្រាក់​។​
 
​អ្នកស្រី Marie Diron បាន​និយាយថា បណ្ដា​ប្រទេស​នានា​នៅ​ទ្វីបអាស៊ី​កំពុង​រក្សាទុក​រូបិយប័ណ្ណ​បរទេស​បន្ថែមទៀត​នៅក្នុង​ថវិកាបម្រុង​ទុក​របស់ខ្លួន និង​កំពុង​គ្រប់គ្រង​បាន​ប្រសើរ​ជាង​មុន​នូវ​ឱនភាព​ថវិកា​ផងដែរ​។​
 
​អ្នកស្រី​បាន​និយាយថា​៖ «​ធនាគារកណ្ដាល​បាន​បង្កើត​ការការពារ​ថវិកាបម្រុង​បរទេស ដូច្នេះ​ពួកគេ​អាចមាន​ការត្រៀមខ្លួន​ប​ន្ថែ​ម ប្រសិនបើ​ចង់​ជួយ​ដល់​ការធ្លាក់ចុះ​តម្លៃ​រូបិយវត្ថុ​»​។​
 
​លោក Maxfield Brown បាន​និយាយថា នៅក្នុង​ប្រទេស​វៀតណាម ការគ្រប់គ្រង​មិន​ត្រឹមត្រូវ​លើ​រូបិយវត្ថុ​កាលពី​អតីតកាល​បាន​បង្រៀន​ដល់​មេដឹកនាំ​ទាំងឡាយ​ឲ្យ​យល់​ពី​របៀប​ដែល​ត្រូវ​ឆ្លើយតប ហើយ​ពួកគេ​ចង់បាន «​ការឆ្លើយតប​ដែលមាន​វិធានការ​ច្បាស់លាស់​» មួយ​។​
 
​ប្រទេស​ចិន​ទំនងជា​បង្កើន​តម្លៃ​រូបិយវត្ថុ​របស់ខ្លួន​ឡើងវិញ ជាមួយនឹង​ការបង្កើន​ថវិកា​សម្រាប់​សេដ្ឋកិច្ចរ​បស់​ប្រទេស ដោយ​បន្ធូរបន្ថយ​ការព្រួយបារម្ភ​នៅ​ទីផ្សារ​ផ្សេងៗ​ទៀត​។ នេះ​បើតាម​ការបញ្ជាក់​របស់​ធនាគារ Natixis នៅក្នុង​កំណត់សម្គាល់​ស្រាវជ្រាវ​របស់ខ្លួន​កាលពី​ថ្ងៃទី ១៧ ខែសីហា​កន្លងទៅនេះ​។​
 
​សេដ្ឋកិច្ចវិទូ​នានា​បាន​និយាយថា ការធ្លាក់ចុះ​រូបិយវត្ថុ​នៅក្នុង​បណ្ដា​ប្រទេស​នៅ​ទ្វីបអាស៊ី​ទំនងជា​មិនអាច​ឈានដល់​កម្រិត​នៃ​វិបត្តិ​នោះទេ​។​
 
​លោក Song Seng Wun បាន​និយាយថា ក្នុង​ករណីខ្លះ បណ្ដា​ប្រទេស​ដែល​ពឹង​ផ្អែកលើ​ការធ្វើ​ពាណិជ្ជកម្ម​ដូចជា​ប្រទេស​ភាគច្រើន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ជាដើម អាចមាន​សេដ្ឋកិច្ច​ល្អ​ជាង​នេះ នៅពេលដែល​រូបិយវត្ថុ​ទាំងនោះ​ធ្លាក់ចុះ ដោយសារតែ​ក្រុមហ៊ុននាំចេញ​នឹង​រកចំណូលបាន​ច្រើន​បន្ថែមទៀត នៅពេល​ប្ដូរ​ប្រាក់ចំណូល​ដែល​រក​បានជា​ប្រាក់​ដុល្លារ​អាមេរិក​ទៅជា​រូបិយវត្ថុ​របស់​ពួកគេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com