អន្តរជាតិ
អាមេរិក ចង់​ចាប់ផ្ដើម​សមយុទ្ធ​ជាមួយ​កូរ៉េខាងត្បូង ក្រោយ​ការចរចា​ជាមួយ​កូរ៉េខាងជើង​ជាប់គាំង​
29, Aug 2018 , 9:19 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាមេរិក ជេម ម៉ាធីស និងនាយសេនាធិការចម្រុះកងទ័ពអាមេរិក ឧត្តមសេនីយ៍ ចូសេហ្វ ដាន់ហ្វត (រូបភាព AFP)
រដ្ឋមន្រ្តីការពារជាតិអាមេរិក ជេម ម៉ាធីស និងនាយសេនាធិការចម្រុះកងទ័ពអាមេរិក ឧត្តមសេនីយ៍ ចូសេហ្វ ដាន់ហ្វត (រូបភាព AFP)
​ប្រមុខ​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស នៅ​ថ្ងៃទី​២៨ ខែសីហា បានប្រកាសថា យោធា​អាមេរិក​គ្មាន​ផែនការ​ផ្អាក​សមយុទ្ធ​ជាមួយ​កូរ៉េខាងត្បូង​ទៀតឡើយ​។ ការប្រកាស​បែបនេះ ធ្វើឡើង​ស្របពេល​ដែល​ការចរចា​ជាមួយ​កូរ៉េខាងជើង​លើ​ការរំសាយ​នុយក្លេអ៊ែរ បាន​ជាប់គាំង​គ្មាន​ដំណើរការ​ដុំកំភួន​អ្វី​នោះ​។ វា​អាចជា​ប្រកាន់​ជំហរ​តឹងរ៉ឹង​របស់​អាមេរិក​ពេល​ការចរចា​គ្មាន​បាន​ផល ហើយក៏​ជាការ​ដាក់​សម្ពាធ​កាន់តែខ្លាំង​ឲ្យ​កូរ៉េខាងជើង​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​ឲ្យ​បាន​លឿន​។​

 
​ក្រោយ​ជំនួប​នៅ​សិង្ហ​បុរី​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាស​ជា​ឯកតោភាគី​ផ្អាក​សមយុទ្ធ​ជាមួយ​កូរ៉េខាងត្បូង​សម្រាប់​ឆ្នាំ​២០១៨ ។ លោក ត្រាំ បាន​រង​ការរិះគន់​ខ្លាំង​ដោយសារ​បញ្ហា​នេះ ព្រោះ​ជា​ការធ្វើសម្បទាន​ឲ្យ​កូរ៉េខាងជើង​ទាំង​កូរ៉េខាងជើង​បាន​ត្រឹម​សន្យាថា ខ្លួន​នឹង​រំសាយ​នុយក្លេអ៊ែរ​។ ជាង​ពីរ​ខែ​មកនេះ កូរ៉េខាងជើង​មិនបាន​ធ្វើ​អ្វី​ជា​ដុំកំភួន​ឡើយ​ទាក់ទង​ការរំសាយ​នុយក្លេអ៊ែរ​នេះ ហើយ​ការចរចា​អាមេរិក​-​កូរ៉េខាងជើង​ក៏​គ្មាន​បាន​ផល​ទៅទៀត​។​
 
​ចុងក្រោយ​នេះ​ទៀត អាមេរិក និង​កូរ៉េខាងជើង​ក៏បាន​លុបចោល​ជំនួប​ថ្នាក់ខ្ពស់​ផងដែរ​។ ដោយសារ​ការរំសាយ​នុយក្លេអ៊ែរ​មិនមាន​ផ្លែផ្កា​អ្វី​នោះ យោធា​អាមេរិក​ក៏​ចង់​ចាប់ផ្ដើម​សមយុទ្ធ​យោធា​ជាមួយ​កូរ៉េខាងត្បូង​ឡើងវិញ​។ នៅ​ថ្ងៃទី​២៨ ខែសីហា រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស និយាយថា យោធា​អាមេរិក​គ្មាន​ផែនការ​លុបចោល​លំ​ហាត់​យោធា​នៅ​ឧបទ្វីប​កូរ៉េ​ទៀតឡើយ តែ​មិនបាន​បញ្ជាក់ថា នឹង​ចាប់ផ្ដើម​នៅពេលណា​ដែរ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ម៉ា​ធី​ស លើកឡើងថា​៖ «​យើង​បាន​ចាត់វិធានការ​ដើម្បី​ផ្អាក​សមយុទ្ធ​យោធា​ធំៗ​មួយចំនួន​ជា​កាយវិការ​ល្អ​។ យើង​គ្មាន​ផែនការ​ផ្អាក​ទៀត​ទេ​។​» ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សេត​វិមាន ប្រមុខ​ការពារជាតិ​អាមេរិក​រូបនេះ មិន​និយាយ​ដល់​សមយុទ្ធ​នៅ​ឆ្នាំក្រោយ​ឡើយ​។ យ៉ាងណាមិញ លោក​បាន​ទុក​ផ្លូវ​សម្រាប់​កូរ៉េខាងជើង​ដែរ ដោយ​រង់ចាំ​ការចរចា​សិន ទើប​សម្រេចចិត្ត​ពី​គម្រោង​សមយុទ្ធ​រួមគ្នា​ជាមួយ​កូរ៉េខាងត្បូង​ទៀត​។​
 
​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​បន្ទាប់​របស់​យោធា​អាមេរិក និង​កូរ៉េខាងត្បូង គឺ​សមយុទ្ធ Key Resolve និង Foal Eagle នៅ​ចុងឆ្នាំ​២០១៨ នេះ​។ កន្លងមក កូរ៉េខាងជើង​ចាត់ទុក​សមយុទ្ធ​នេះ និង​សមយុទ្ធ​ឯទៀត ជាការ​ត្រៀមខ្លួន​ដើម្បី​ឈ្លានពាន​ខ្លួន​។ មិន​ត្រឹម​កូរ៉េខាងជើង ចិន​ក៏​មិន​ពេញ​ចិត្តនឹង​សមយុទ្ធ​ហ៊ឹកហ៊ាក់​នៅ​ឧបទ្វីប​កូរ៉េ​ដែរ ដ្បិត​ជា​ញឹកញយ អាមេរិក​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​ចូលរួម​ទៀតផង​។​
 
​ខណៈ​ការចរចា​រាំងស្ទះ​នោះ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅតែ​អះអាងថា អាមេរិក​ត្រៀមខ្លួន​ចរចា​ដដែល ទោះជា​គម្រោង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ក្រុង​ព្យុងយ៉ាង ត្រូវបាន​លុបចោល​ដោយ​លោក ត្រាំ ក្ដី​។ ជាមួយគ្នានេះ មន្ត្រី​ក្រសួងការបរទេស​អាមេរិក​ប្រកាស​រក្សា​ការអត់ធ្មត់​បន្តទៀត​ក្នុងការ​ចរចា​នេះ ដោយ​ទទួលស្គាល់ថា ការរំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ គឺជា​រឿង​លំបាក​តាំងពីដើម​មកម្ល៉េះ​៕ 
 

Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com