ជាតិ
ពីនេះ ពីនោះ
តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «ស្ទាវ» ប្រើចំពោះតែសត្វតិរច្ឆាន 
×![]()
ការពិតពាក្យ «ស្ទាវ» នេះ មិនមែនជាពាក្យដែល គេទើបតែបង្កើតថ្មី ឬជាពាក្យកម្ចីពីបរទេសនោះទេ គឺជាពាក្យដែលមាននៅក្នុងវចនានុក្រមខ្មែរជាយូរមកហើយ។ ពាក្យ «ស្ទាវ» បានធ្វើឲ្យយុវវ័យខ្លះគិតថា ជាពាក្យមួយដែលសំដៅលើក្មេងស្ទាវ គឺក្មេងចូលចិត្តដើរលេងហ៊ឺហា ចូលចិត្តបង្ហោះម៉ូតូជាដើម។ ប៉ុន្តែបើយោងតាមការបកស្រាយពីសម្តេចព្រះសង្ឃរាជ ជួន ណាត «ស្ទាវ» សំដៅលើជំទង់។
តាមវចនានុក្រម គុណសព្ទ «ស្ទាវ» មានន័យថា ជំទង់ ដែលប្រើចំពោះតែសត្វតិរច្ឆានឈ្មោលពួកខ្លះ។ គោស្ទាវ, មាន់ស្ទាវ។
បច្ចុប្បន្ន ពាក្យ«ស្ទាវ» នេះ បានក្លាយជាភាសាដ៏ពេញនិយមរបស់យុវវ័យ។ ពួកគេតែងនិយាយថា សម័យនេះហើយ ដើរលេងដាច់យប់ ទើបស្ទាវ, លួចស្រឡាញ់គេម្នាក់ឯង ទើបស្ទាវ, ប្រឡងធ្លាក់ ហើយប្រឡងសង ទើបស្ទាវ, ចេះផឹកស្រា ចូលក្លឹប ទើបស្ទាវ, យំព្រោះបែកគ្នាជាមួយសង្សារ ម៉េចស្ទាវទៅ។ល។
កាលពីមុន គេប្រើពាក្យ «ស្ទាវ» នេះជាពាក្យបន្តុះបង្អាប់ទៅកាន់ក្មេងជំទង់ ដែលមិនចូលសាលារៀន មិនរៀនសូត្រ ចូលចិត្តដើរលេង បង្ហោះម៉ូតូ ផឹកស្រា លេងល្បែង ប្រើប្រាស់គ្រឿងញៀន ជាដើម។ រហូតមកដល់ឥឡូវ យុវវ័យភាគច្រើន គិតថាពាក្យនេះ មិនសំដៅលើមនុស្សដូច្នោះទេ។ ពួកគេ ប្រើពាក្យ«ស្ទាវ» ដើម្បីបង្ហាញពីភាពអស្ចារ្យទៅវិញ។ កាត់សក់អ៊ីចឹង ស្ទាវនៅ? ជាដើម។
ពាក្យប្លែកៗជាច្រើនដែលយុវវ័យសម័យឌីជីថល ដែលកំពុងតែពេញនិយមក្នុងបណ្តាញសង្គមហ្វេសប៊ុក និងសម្រាប់និយាយតៗគ្នា នោះគឺ ស្ទាវ, លក់សណ្តែកដី, បែកស្លុយ, កប់លូ,ឡួយកប់លូ, ឃ្យូតសន្លប់, ឃ្យូតកិប, កប់សេរី, ណប់ៗ, ហាន់នីប៊ូគូក ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com