អន្តរជាតិ
ការចរចា​រំសាយ​នុយក្លេអ៊ែរ​ជាប់គាំង លោក ត្រាំ មិន​បន្ទោស​កូរ៉េខាងជើង តែ​ស្តី​ឲ្យ​ចិន​
30, Aug 2018 , 2:38 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបភាព AFP)
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបភាព AFP)
​មួយថ្ងៃ​ក្រោយ​ប្រមុខ​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស (James Mattis) លើក​គំនិត​ចាប់ផ្ដើម​សមយុទ្ធ​នៅ​ឧបទ្វីប​កូរ៉េ​ឡើងវិញ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បែរជា​ប្រកាសថា លោក​មិន​គាំទ្រ​គំនិត​នេះ​ទៅវិញ​។ ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​២៩ ខែសីហា លោក ត្រាំ នៅតែ​និយាយ​លើកសរសើរ​ទំនាក់ទំនង​ផ្ទាល់ខ្លួន​របស់លោក​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ទោះជា​ការចរចា​ដើម្បី​រំសាយ​នុយក្លេអ៊ែរ​បាន​ជាប់គាំង​ក្ដី​។ លោក ត្រាំ នៅតែ​បន្ទោស​ចិន​ដែល​មិន​ព្រម​ជួយ​ដោះស្រាយ​បញ្ហា​នេះ​។

 
​ការចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​ដើម្បី​រក​ផ្លូវ​ឈានទៅ​កាន់ការ​រំសាយ​នុយក្លេអ៊ែរ មិន​ដំណើរ​ទៅមុខ​ឡើយ​។ ទស្សនកិច្ច​របស់​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ (Mike Pompeo) នៅ​ក្រុង​ព្យុងយ៉ាង​ដើម្បី​ជជែក​ពី​បញ្ហា​នេះ ត្រូវបាន​លុបចោល​។ ដោយ​មើលឃើញ​ការជាប់គាំង រដ្ឋមន្ត្រី​ការពារជាតិ ជេ​ម ម៉ា​ធី​ស ក៏​លើកឡើង​បំណង​ចាប់ផ្ដើម​សមយុទ្ធ​ជាមួយ​កូរ៉េខាងត្បូង​ឡើងវិញ​។ ប៉ុន្តែ​គំនិត​នេះ ត្រូវបាន​លោក ត្រាំ បដិសេធចោល​។​
 
​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​សេត​វិមាន​ថ្ងៃទី​២៩ ខែសីហា លោក ត្រាំ និយាយថា នៅពេលនេះ គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​ចំណាយលុយ​ច្រើនសន្ធឹក​សន្ធាប់​លើ​ល្បែង​សង្គ្រាម​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​ឡើយ​។ ប៉ុន្តែ​សេចក្ដីថ្លែងការណ៍​សេត​វិមាន​បាន​បញ្ជាក់ដែរថា ប្រធានាធិបតី​អាមេរិក​អាច​បញ្ជា​ឲ្យ​រៀបចំ​សមយុទ្ធ​នេះ​ពេលណា​ក៏បាន​ជាមួយ​កូរ៉េខាងត្បូង ឬ​ជប៉ុន​ក៏ដោយ​។ បើ​លោក ត្រាំ សម្រេចចិត្ត​បែប​នោះ​មែន សមយុទ្ធ​នឹង​កាន់តែ​ធំ​មិន​ខាន​។​
 
​ទំនង​ចង់​រក្សា​ស្ថានភាព​កុំ​ឲ្យ​កាន់តែ​ពិបាក​នោះ លោក ត្រាំ ក៏​ឆ្លៀត​លើកសរសើរ​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដែល​កើតចេញពី​ជំនួប​ប្រវត្តិសាស្ត្រ​នៅ​សិ្ហ​បុរី​។ ក្រៅពី​មិន​បន្ទោស​កូរ៉េខាងជើង​ចំៗ​ហើយ​នោះ មេដឹកនាំ​អាមេរិក​រូបនេះ​បែរជា​ទៅ​បាញ់​ព្រួញ​ដាក់​ចិន និង​បន្ទោស​ចិន​ថា ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អាមេរិក និង​កូរ៉េខាងជើង​យ៉ាប់យ៉ឺន​។ លោក ត្រាំ និយាយ​ត្រង់​ថា មួយផ្នែក​នៃ​បញ្ហា​កូរ៉េខាងជើង បណ្ដាល​មក​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន​។​
 
​ដូច​ដឹង​ស្រាប​ហើយ ក្រុង​ប៉េកាំង គឺជា​សម្ព័ន្ធ​ចាក់ទឹកមិនលិច​តែមួយគត់​របស់​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង និង​ជាទី​ឆ្លងកាត់​ទំនិញ​ទៅ​កូរ៉េខាងជើង​។ លោក ត្រាំ អះអាងថា ក្រុង​ប៉េកាំង​លែងមាន​ជំហរ​រឹងមាំ​ដាក់​ក្រុង​ព្យុងយ៉ាង​ទៀតហើយ​។ តាមរយៈ Twitter នៅ​ថ្ងៃទី​២៩ ខែសីហា ប្រធានាធិបតី​អាមេរិក​រូបនេះ​បញ្ជាក់ថា ចិន​បាន​ផ្ដល់ជំនួយ​ច្រើន​ដល់​កូរ៉េខាងជើង​រាប់ទាំង​លុយ ប្រេង ជី និង​ទំនិញ​ច្រើន​មុខ​ទៀត ដែល​នេះ​មិនមែនជា​រឿង​ល្អ​ឡើយ​។​
 
​ការជាប់គាំង​ការចរចា​ក្នុង​ការរំសាយ​នុយក្លេអ៊ែរ កើតចេញពី​ជំហរ​ផ្ទុយគ្នា​រវាង​អាមេរិក និង​កូរ៉េខាងជើង​។ អាមេរិក​នៅតែ​ប្រកាន់​ជំហរ​ឲ្យ​កូរ៉េខាងជើង​បោះបង់​នុយក្លេអ៊ែរ​ទាំងស្រុង​សិន មុននឹង​ខ្លួន​អាច​ផ្អាក​ទណ្ឌកម្ម​។ តែ​កូរ៉េខាងជើង​ចង់​ឲ្យ​បានការ​ព្យួរ​ទណ្ឌកម្មសេដ្ឋកិច្ច និង​ការប្រកាស​បញ្ចប់សង្គ្រាម​កូរ៉េ​ជា​ផ្លូវការ ទន្ទឹមគ្នា​នឹង​ពេលដែល​ខ្លួន​បន្តដំណើរ​ការរំសាយ​នុយក្លេអ៊ែរ​របស់ខ្លួន​៕
 

Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com