សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ចុះ​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម​ទំនិញ និង​សេវាកម្ម​ក្នុង​តំបន់​
30, Aug 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ចុះ​កិច្ចព្រមព្រៀង​ពី​រស​ម្រូ​ល​ដល់​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ជំរុញ​សមាហរណកម្ម​ផ្នែក​សេវាកម្ម​ក្នុង​តំបន់​។  កិច្ចព្រមព្រៀង​ទាំងពីរ​នេះ​នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ចំពោះ​ក្រុម​នាំ​ផ្គត់ផ្គង់​សេវាកម្ម​និង​នាំចេញ​ទូទាំង​តំបន់​អាស៊ាន​ទាំងមូល​ផងដែរ​នៅពេល​ខាងមុខ​។


 
​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​នៅ​សិង្ហ​បុរី​ថ្ងៃ ២៩ ខែសីហា រដ្ឋមន្ត្រី​អាស៊ាន​ទាំង​ដប់​បាន​ឯកភាពគ្នា​ចុះ​កិច្ចព្រមព្រៀង​ចំនួន​ពីរ​ក្នុងនោះ​មាន​មួយ​ផ្តោតលើ​សេវាកម្ម និង​មួយទៀត​ផ្តោតលើ​ផ្នែក​ពាណិជ្ជកម្ម​អាស៊ាន​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua កិច្ចព្រមព្រៀង​ទីមួយ​គឺជា​កញ្ចប់​ទី ១០ នៃ​ការប្តេជ្ញាចិត្ត​របស់​អាស៊ាន​សម្រាប់​កិច្ចព្រមព្រៀង​ក្របខណ្ឌ​របស់​អាស៊ាន​ស្តីពី​សេវាកម្ម​( AFAS) ដែលមាន​គោលដៅ​កាត់បន្ថយ​ការ​រឹតត្បិត​លើ​ពាណិជ្ជកម្ម​សេវាកម្ម​។ ឯកសារ​នេះ​ត្រូវបាន​ចុះហត្ថលេខា​ជា​លើកដំបូង​កាលពី​ឆ្នាំ ១៩៩៥​។​
 
​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​សិង្ហ​បុរី​លោក Chan Chun Sing ដែលជា​ប្រធាន​នៃ​កិច្ចប្រជុំ​តំបន់​នេះ​បាន​លើកឡើងថា ក្រោម​ឯកសារ​ថ្មី​ដែល​ត្រូវ​ចុះហត្ថលេខា​ថ្មី​នេះ សមា​ជិ​អាស៊ាន​បង្កើន​ការប្តេជ្ញាចិត្ត​មុតមាំ និង​អនុញ្ញាត​ឲ្យ​មានការ​ភ្ជាប់​ទីផ្សារ​អាស៊ាន​ទៅនឹង​វិស័យ​សេវាកម្ម​ផ្សេង​ទៀ​រដែរ​។​
 
«​នេះ​មានន័យថា ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​នៅក្នុង​តំបន់​អាស៊ាន​ត្រូវបាន​ធានា​ផ្លូវច្បាប់​ដោយ​ទទួលបាន​ការលើកលែង​ពិសេស​កាន់តែ​ទូលាយ​ជាមុន​ដើម្បី​ចូលក្នុង​ទីផ្សារ​តំបន់ និង​ត្រឹម​ប្រឈមមុខ​នឹង​របាំង​ពាណិជ្ជកម្ម​តិចតួច​ប៉ុណ្ណោះ​»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​សិង្ហ​បុរី​។ 
 
​ក្រោម​កិច្ចព្រមព្រៀង​នេះដែរ ក្រុមហ៊ុន​ផ្តល់​សេវា​ក្នុង​តំបន់​អាស៊ាន​ទាំងអស់​នឹង​កាន់តែ​ងាយស្រួល​ជាង​មុន​ក្នុង​ការចូលរួម​ក្នុង​វិស័យ​ដែល​មិនសូវ​បើកចំហរ​ក្នុង​តំបន់​អាស៊ាន​ពីមុន​។ វិស័យ​ទាំងនោះ​មាន​ផ្នែក​ភ​ស្ត​ភារ​, ដឹកជញ្ជូន​តាមផ្លូវ​អាកាស​, តាមផ្លូវ​សមុទ្រ​, កុំព្យូទ័រ​, វិស័យ​ទូរគមនាគមន៍​, ទេសចរណ៍​, សេវា​សំណង់ និង​សេវាកម្ម​ជំនាញ​បច្ចេកទេស​ផ្សេងទៀត​។ 
 
​ចំណែក​ឯកសារ​មួយទៀត​គឺ ពិធីសារ​ដំបូង​ដែលមាន​គោលដៅ​វិសោធនកម្ម​កិច្ចព្រមព្រៀង​អាស៊ាន​ស្តីពី​ពាណិជ្ជកម្ម​ទំនិញ (ATIGA) ដែល​វា​មាន​គោលដៅ​ដាក់ចេញ​គម្រោង​ស្តីពី​ការចេញ​វិញ្ញាបនបត្រ​ដោយ​ខ្លួនឯង​ទូទាំង​តំបន់​អាស៊ាន (ASEAN-wide Self-Certification Scheme)​។   
 
​បទបញ្ញត្តិ​ថ្មី​នេះ​ត្រូវបាន​លើកឡើង​ជាដំបូង​ដោយ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​កាលពី​ឆ្នាំ ២០០៩ ហើយ​វា​មាន​គោលដៅ​សំខាន់​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុននាំចេញ​អាច​ផ្តល់​វិញ្ញាបនបត្រ​ដោយ​ខ្លួនឯង​លើ​ផលិតផល​ខ្លួន និង​អាច​ទទួលបាន​ការលើក​លែង​ពិសេស​ផង​។ វា​ជួយ​សម្រួល​នីតិវិធី​រដ្ឋបាល​ដែល​រំខាន​ពេលវេលា និង​ចំណាយ​អស់​ច្រើន​ដែល​ពាក់ព័ន្ធ​លើ​ការស្នើសុំ​ការផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ប្រភព​ទំនិញ (Certificate of Origin)​។​
 
​សូមបញ្ជាក់ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី ៥០ ត្រូវបាន​រៀបចំឡើង​នៅ​សប្តាហ៍​នេះ​នៅ​ប្រទេស​សិង្ហ​បុរី​ដែលជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ ២០១៨​នេះ​។ ក្នុង​កិច្ចប្រជុំ​ថ្នាក់​តំបន់​នេះដែរ រដ្ឋមន្ត្រី​អាស៊ាន​បាន​ជជែក​ពិភាក្សា​ពី​បញ្ហា​អភិវឌ្ឍ​កម្រិត​តំបន់ និង​ពិភពលោក រួមទាំង​ពិនិត្យមើល​ពី​ការអនុវត្ត​ផែនការមេ​របស់​សហគម​ន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ ២០២៥ និង​ការវិវត្ត​នៃ​ទំនាក់ទំនង​ការបរទេស​របស់​អាស៊ាន​ផងដែរ​៕
 

Tag:
 អាស៊ាន​
  សេដ្ឋកិច្ច​
  សិង្ហ​បុរី
© រក្សាសិទ្ធិដោយ thmeythmey.com