អន្តរជាតិ
អាមេរិក​ព្រមាន​ឥណ្ឌា​ដែល​បន្ត​គម្រោង​បញ្ជា​ទិញ​សព្វាវុធ​ធុន​ធ្ងន់​ពី​រុស្ស៊ី​ច្រើន​
31, Aug 2018 , 8:59 am        
រូបភាព
​មន្ត្រីជាន់ខ្ពស់​អាមេរិក​នៅ​សប្តាហ៍​នេះ​បាន​ព្រមាន​ឥណ្ឌា ពី​វិធាន​ការដែល​អាមេរិក​អាចដាក់​ចេញ​ឆ្លើយតប​នឹង​ការបញ្ជាទិញ​សព្វាវុធ​ថ្មីៗ​ពី​រុស្ស៊ី​នោះ​។ ក្រោម​លក្ខខណ្ឌ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​កន្លងមក ភាគី​ទី​បី​ដែល​ទិញ​អាវុធ​ពី​រុស្ស៊ី​ត្រូវ​ប្រឈម​ទណ្ឌកម្ម​ដូចគ្នា ហើយ​អាមេរិក​ក៏​មិនអាច​ធានាថា វា​មានការ​លើកលែង​ពិសេស​សម្រាប់​ឥណ្ឌា​ដែរ​។


 
​ឧបការី​រដ្ឋមន្ត្រី​ការពារជាតិ​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​អាស៊ី និង​ប៉ាស៊ីហ្វិក​លោក Randall Schriver បានបង្ហាញ​ក្តីបារម្ភ និង​ព្រមាន​ឥណ្ឌា​ជាមុន​ពី​ផលប៉ះពាល់​ដែល​អាច​កើតមានឡើង​ជុំវិញ​ការបញ្ជាទិញ​សព្វាវុធ​ពី​រុស្ស៊ី​របស់​មហាអំណាច​អាស៊ី​ខាងត្បូង​។ 
 
​យោងតាម​ទី​ភា្ន​ក់​ងារ​ព័ត៌មាន AFP ថ្លែង​ទៅកាន់​អ្នកចូលរួម​នៅ​មជ្ឈមណ្ឌល Carnegie Endowment ដើម្បី​សន្តិភាព​អន្តរជាតិ មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​អាមេរិក​នេះ​បាន​អះអាងថា អាមេរិក​មិនអាច​ធានា​បានទេ​សម្រាប់​ការលើកលែង​ពិសេស​សម្រាប់​ឥណ្ឌា ក្នុងករណី​ដែល​ឥណ្ឌា​ទិញ​សព្វាវុធ​ពី​រុស្ស៊ី​នោះ​។ 
 
​ក្រោម​ច្បាប់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​របស់​រដ្ឋបាល​អាមេរិក​បច្ចុប្បន្ន ភាគី​ទី​បី​អាច​ប្រឈម​នឹង​ទណ្ឌកម្ម​ដូចគ្នា បើសិនជា​ពួកគេ​ជួញដូរ​សព្វាវុធ ឬ​ជួញដូរ​សម្ភារៈ​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​ចារកម្ម​នោះ​។​
 
«​យើង​នៅ​ចង់​មាន​ក្តីបារម្ភ​ខ្លាំង បើសិនជា​ឥណ្ឌា​បន្ត​ទិញ​សព្វាវុធ​ទ្រង់ទ្រាយ​ធំ និង​ប្រព័ន្ធ​មី​ស៊ី​លពី​រុស្ស៊ី​នោះ​។ ខ្ញុំ​មិនអាច​អង្គុយ​នៅទីនេះ ហើយ​ប្រាប់​អ្នក​ទាំងអស់គ្នា​ថា វា​នឹងមាន​ការលើកលែង ឬ​យើង​នឹង​ប្រើប្រាស់​សិទ្ធិ​លើកលែង​ទណ្ឌកម្ម​ពិសេស​ដែរ​»​។ លោក Randall Schriver និយាយ​បែបនេះ​។​
 
​ប៉ុន្តែ​កន្លងមក រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ចេ​ម ម៉ា​ធី​ស បាន​បញ្ចុះបញ្ចូល​ឲ្យ​សភា​អាមេរិក​ផ្តល់​អំណាច​ពិសេស​ដល់​ប្រធានាធិបតី និង​រដ្ឋមន្ត្រីការបរទេស​ក្នុងការ​ផ្តល់​ការលើកលែង​ពិសេស​ដល់​សម្ព័ន្ធមិត្ត​ឬ​ដៃគូ​អាមេរិក​ដែល​កំពុង​ប្តូរ​ទិសដៅ​ទិញ​អាវុធ​ពី​រុស្ស៊ី​ទៅរក​អាវុធ​លោកខាងលិច​វិញ​នោះ​។​
 
​តាមពិតទៅ​ការលើកឡើង​របស់​មន្ត្រី​អាមេរិក​រូបនេះ​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​កិច្ចប្រជុំ​កំពូល​ប្រវត្តិសាស្ត្រ​ពីរ​បូក​ពី​នៅ​រដ្ឋធានី​ញូ​វ​ដេលី​រវាង​រដ្ឋមន្ត្រី​ការពារជាតិ និង​ការបរទេស​រវាង​ប្រទេស​ទាំងពីរ​ផង​។ 
 
​កន្លងមក ក្រុង​វ៉ាស៊ីនតោន​បារម្ភ​ដោយសារ​មហា​យក្ស​ប្រជាធិបតេយ្យ​អាស៊ី​ខាងត្បូង​ឥណ្ឌា​ដែលជា​ប្រទេស​នាំចូល​សព្វាវុធ​ដ៏​ធំ​លើ​លោក​បន្ត​ពឹងផ្អែក​ខ្លាំង​លើ​សព្វាវុធ និង​បច្ចេកវិទ្យា​យោធា​រុស្ស៊ី​។​ឥណ្ឌា​កន្លងមក​បាន​បញ្ជា​ទិញ​ប្រព័ន្ធ​ខែល​មី​ស៊ី​ល S-400 ពី​រុស្ស៊ី​ផងដែ​លវា​ជា​រឿង​គួរ​ឲ្យ​បារម្ភ​សម្រាប់​អាមេរិក​នោះ​។ 
 
​មន្ត្រីជាន់ខ្ពស់​អាមេរិក​ខាងលើ​អត្ថ​ធិ​ប្បាយ​បន្ថែម​ផង​ថា ការបញ្ជាទិញ​ប្រព័ន្ធ S-400 ពី​រុស្ស៊ី​នឹង​ក្លាយជា​បញ្ហា​សម្រាប់​ឥណ្ឌា​ក្រោម​ហេតុផល​ច្រើនណាស់​។ លោក​សង្ឃឹមថា ឥណ្ឌា​នឹង​ពិចារណា​ជ្រើសរើស​អ្នកផ្គត់ផ្គង់​សព្វាវុធ​ថ្មី​វិញ ហើយ​លោក​ផ្តល់យោបល់​ថា អាមេរិក​អាចធ្វើ​ជា​ដៃគូ​របស់​ឥណ្ឌា​ក្នុងការ​ដោះស្រាយ​បញ្ហា​តម្រូវការ​ផ្នែក​សព្វាវុធ​នេះ​បាន​។​
 
​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សហរដ្ឋអាមេរិក​ព្យាយាម​ចែរ​ចូ​វ​ឥណ្ឌា​ដែលជា​មហាអំណាច​ប្រជាធិបតេយ្យ​ធំ​ផុត​លេខ និង​មហាអំណាច​គីឡូ​ធ្ងន់​ប្រចាំ​អាស៊ី​ដែលមាន​គោលនយោបាយ​អព្យាក្រឹត​ផង​នោះ​។ អាមេរិក​ចង់​មាន​សម្ព័ន្ធភាព​ពិសេស​ជាមួយ​ឥណ្ឌា​ទាំង​ផ្នែក​ការទូត និង​យោធា​ផង​ដើម្បី​ធ្វើយ៉ាងណា​ទប់ទល់​ជាមួយ​ចិន​ដែល​កំពុង​រីក​ឥទ្ធិពល​ពាសពេញ​ពិភពលោក​នោះ​។ 
 
​របប​ដឹកនាំ​ឥណ្ឌា​ដែល​តែង​ចាត់ទុក​វិស័យ​ការពារជាតិ​ជាសរ​សរ​ស្តម្ភ​នៃ​ឋានៈ​ជា​មហាអំណាច​ពិភពលោក​វិញ​ក៏​ព្យាយាម​ងាក​ទៅរក​ជាវ​សព្វាវុធ​ទំនើបៗ​ពី​ប្រទេស​លោកខាងលិច​ដែរ​ក្នុងនោះ​មាន​អាមេរិក និង​បា​រា​មង​។ ប៉ុន្តែ​រុស្ស៊ី​នៅតែ​ពឹងពាក់​លើបច្ចេកវិទ្យា​យោធា​រុស្ស៊ី​ដើម្បី​ធានា​សមត្ថភាព​និង​គុណភាព​សព្វាវុធ​ដែល​ខ្លួន​មាន និង​នាំចូល​ពី​សហភាពសូវៀត​នោះ​៕ 

Tag:
 អាមេរិក​
  ឥណ្ឌា​
  រុស្ស៊ី​
  សព្វាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com