អន្តរជាតិ
ប្រមុខ​សិទ្ធិមនុស្ស UN ស្នើ​លោកស្រី ស៊ូ​ជី លាលែង ព្រោះ​ទង្វើ​ហិង្សា​របស់​កងទ័ព​មី​យ៉ាន់​ម៉ា​
30, Aug 2018 , 5:18 pm        
រូបភាព
ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី ចាប់ដៃប្រមុខកងទ័ព មីន អ៊ុងឡាំង (រូបភាព AFP)
ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី ចាប់ដៃប្រមុខកងទ័ព មីន អ៊ុងឡាំង (រូបភាព AFP)
ប្រមុខ​ស្ថាប័ន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ Zeid Ra'ad al Hussein បានស្នើ​ឲ្យ​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី លាលែង​ពី​តំណែង​។ លោក al Hussein ដែល​ត្រូវ​ចប់​អាណត្តិ​នៅ​ដំណាច់​ខែសីហា​នេះ ស្នើ​បែបនេះ បន្ទាប់ពី​របាយការណ៍​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​បង្ហាញថា ប្រមុខ​កងទ័ព​មី​យា់ន់​ម៉ា មីន អ៊ុង​ឡាំង មាន​ចេតនា​ប្រល័យពូជសាសន៍​លើ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា តែ​លោកស្រី ស៊ូ​ជី មិនបាន​ចាត់វិធានការ​អ្វី​លើ​យោធា​ដែល​បង្ក​ទង្វើ​ហិង្សា​ឡើយ​។​

 
​ក្រោយ​ហេតុការណ៍​ខែសីហា ឆ្នាំ​២០១៧ ដែល​ក្រុម​ឧទ្ទាម​វាយប្រហារ​លើ​ទីតាំង​យោធា​នៅក្នុង​រដ្ឋ Rakhine យោធា​មី​យ៉ាន់​ម៉ា​ក៏​បើក​ប្រតិបត្តិការ​មួយ​ដែល​ប្រកបដោយ​ហិង្សា ដែល​បង្ខំ​ឲ្យ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ជាង​៧​សែន​នាក់ ភៀសខ្លួន​ទៅកាន់​បង់​ក្លា​ដែ​ស​ក្បែរ​ខាង​។ ជាង​មួយឆ្នាំ​មកនេះ ជនភាគតិច​មួយ​នេះ​រងគ្រោះ​យ៉ាងខ្លាំង​ដោយសារ​ទង្វើ​របស់​ក្រុម​យោធា​ដូចជា​ការសម្លាប់​រង្គាល ដុត​ផ្ទះសម្បែង និង​ការបំពាន​សិទ្ធិ​ធ្ងន់ធ្ងរ​។ 
 
​នៅ​ដើម​សប្ដាហ៍​នេះ ក្រុម​ស៊ើបអង្កេត​ឯករាជ្យ​របស់​អង្គការសហប្រជាជាតិ​បង្ហាញ​របាយការណ៍​រប​ស់​ខ្លួន ដែល​បង្ហាញថា យុទ្ធនាការ​របស់​ក្រុម​យោធា​មី​យ៉ាន់​ម៉ា​មាន​ចេតនា​ប្រល័យពូជសាសន៍​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​។ ក្រុម​ស៊ើបអង្កេត​ក៏​ស្នើ​ឲ្យ​កាត់ទោស​មេទ័ព​កំពូលៗ​ចំនួន​៦​រូប​រាប់ទាំង​អគ្គមេបញ្ជាការ​កងទ័ព​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង ផង​។ ជាងនេះទៅទៀត របាយការណ៍​ក៏​បង្ហាញថា រដ្ឋាភិបាល​ស៊ីវិល​បាន​បរាជ័យ​ទប់ស្កាត់​ក្រុម​កងទ័ព​ពី​ការធ្វើ​ទង្វើ​ដ៏​ហិង្សា​បំផុត​។​
 
​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ចប់​អាណត្តិ Zeid Ra'ad al Hussein បាន​ប្រាប់​ឲ្យ​លោកស្រី​ទីប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី លាលែង​ពី​តំណែង​ទៅ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​អង់គ្លេស BBC លោក al Hussein ដែល​បាន​រិះគន់​លោកស្រី ស៊ូ​ជី កប់​មាត់​នាពេល​កន្លងមក​និយាយថា លោកស្រី ស៊ូ​ជី កាន់តំណែង​ដែល​គួរ​ធ្វើ​អ្វីមួយ គឺអាច​អង្គុយ​នៅ​ស្ងៀម ឬក៏​ចុះ​ចេញពី​តំណែង​តែម្ដងទៅ​។​
 
​ក្នុង​កិច្ច​សម្ភាស​ផ្សាយ​នៅ​ថ្ងៃទី​៣០ ខែសីហា ប្រមុខ​ស្ថាប័ន​សិទ្ធិមនុស្ស​កំពូល​នេះ​ប្រាប់​លោកស្រី ស៊ូ​ជី ត្រង់​ថា មិនចាំបាច់​ធ្វើជា​អ្នកនាំពាក្យ​ឲ្យ​យោធា​ឡើយ និង​មិន​ចាំ​និយាយថា ព័ត៌មាន​ទាំងឡាយ ជា​រឿង​មិន​ពិត​ដែរ​។ មិន​ត្រឹមតែ​រឿង​លាលែង​ឡើយ លោក al Hussein ក៏​ផ្ដល់យោបល់​ឲ្យ​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​រូបនេះ ត្រឡប់​ទៅ​ស្ថិតក្រោម​ការឃុំខ្លួន​ផ្ទះ​ដូចដែល​ធ្លាប់ធ្វើ​ជាង​១៦​ឆ្នាំ ជាជាង​ក្លាយជា​មនុស្ស​បន្ទាប់បន្សំ​របស់​យោធា​។​
 
​តាមពិតទៅ លោកស្រី ស៊ូ​ជី ត្រូវបានគេទទួលស្គាល់​ថា មិនអាច​គ្រប់គ្រង​យោធា​បានទេ ប៉ុន្តែ​ការរិះគន់​លើ​លោកស្រី​ចេះតែ​ធ្លាក់​មកជា​បន្តបន្ទាប់ ព្រោះ​លោកស្រី​មិនបាន​ថ្កោលទោស​យោធា​ឡើយ ហើយ​ជារឿយៗ​និយាយ​ការពារ​ប្រតិបត្តិការ​របស់​យោធា​ទៅទៀត​។ នេះ​ក៏​ព្រោះតែ​លោកស្រី ត្រូវបាន​ចាត់ទុកជា​និមិត្តរូប​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ដ៏​ល្បី​មួយរូប ហើយក៏​ជា​ជ័យលាភី​ណូបែល​សន្តិភាព​ឆ្នាំ​១៩៩១ ទៅទៀត​៕
 

Tag:
 UN
  មី​យ៉ាន់​ម៉ា​
  អ៊ុង​សាន ស៊ូ​ជី​
  មីន អ៊ុង​ឡាំង​
© រក្សាសិទ្ធិដោយ thmeythmey.com