លោក អាគី​រ៉ា ដែល​គេ​ស្គាល់​ថា​ជា​វីរបុរស​មីន​ត្រូវបាន​ចាប់ខ្លួន​
ជាតិ
សង្គមជាតិ
លោក អាគី​រ៉ា ដែល​គេ​ស្គាល់​ថា​ជា​វីរបុរស​មីន​ត្រូវបាន​ចាប់ខ្លួន​
30, Aug 2018 , 9:13 pm        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប​៖ លោក អាគី​រ៉ា ដែល​មហាជន​ស្គាល់​ថា ជា​វីរបុរស​មីន​កម្ពុជា ត្រូវបាន​ចាប់ខ្លួន​ពីបទ​រក្សាទុក​អាវុធ​ខុសច្បាប់​នៅក្នុង​អង្គការ​របស់លោក ស្ថិតនៅ​ស្រុក​បន្ទាយស្រី​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​ជាមួយ​មនុស្ស​២​នាក់​ទៀត ដែលមាន​តួនាទី​ក្នុង​អង្គការ​សារមន្ទី​គ្រាប់មីន​របស់លោក អាគី​រ៉ា ដែល​សមត្ថកិច្ច​អះអាងថា បាន​បើក​ដំណើរការ​ដោយ​ខុស​ច្បាប់ផងដែរ​។​

 
​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ សីហា នៅ​ស្នាក់ការ​របស់​អង្គការ​សារមន្ទីរ​មីន​លោក អាគី​រ៉ា ស្ថិតនៅ​ភូមិ​ខ្នារ ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​
 
​លោក​វរសេនីយ៍ទោ ណុល រ៉ុង នាយករង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការ​នគរ​បាន​ខេត្តសៀមរាប បានឱ្យដឹងថា ការឃាត់ខ្លួន​ធ្វើឡើង​បន្ទាប់ពី​មាន​ហេតុការណ៍​ឆាបឆេះ​សារមន្ទីរ​មីន​របស់លោក អាគី​រ៉ា ដែល​បណ្ដាលមកពី​ផ្ទុះ​គ្រឿង​អាវុធ​ក្នុងនោះ​។ ក្នុង​ប្រតិបត្តិ​ការឃាត់ខ្លួន​នោះ កម្លាំង​សមត្ថកិច្ច​បាន​ដកខ្លួន​វត្ថុតាង​មួយចំនួន រួមមាន គ្រាប់បែកដៃ​៩​គ្រាប់ មីន​៧២A ចំនួន​១៥​គ្រាប់ គ្រាប់​កាំភ្លើងខ្លី ដង​គ្រាប់​បេ​១ ម្ជុល​ភ្លើង​មីន គ្រាប់កាំភ្លើង​ដៃ កាំភ្លើង​ស្វ័យប្រវត្តិ​ឆេះ​ខូច សំបក​គ្រាប់មីន​២​កេះ រួម​និង​សម្ភារ​មួយចំនួនទៀត​។ ក្រោយ​ប្រមូល​គ្រឿងផ្ទុះ​រួចមក មន្ដ្រី​ជំនាញ​ស៊ីម៉ាក់ បាន​យកទៅ​ទុក​នៅ​ទី​មាន​សុវត្ថិភាព និង​ធ្វើការ​កម្ទេចចោល​។​
 
 
​ស្នងការ​នគរបាល​ខេត្តសៀមរាប លោក ទិ​ត្យ ណា​រ៉ុង បានឱ្យដឹង​ដែរ​ថា ការឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់ ដែល​រួមមាន​លោក អាគី​រ៉ា ប្រធាន​អង្គការ​សារមន្ទីរ​គ្រាប់មីន ទី​២ ឈ្មោះ អឿន យ៉ុ​ន អាយុ​៥៤​ឆ្នាំ ជា​អនុប្រធាន​អង្គការ និង​ទី​៣ ឈ្មោះ ហ៊ា​ញ សុគន្ធា អាយុ​៣៩​ឆ្នាំ ជា​ប្រធាន​ប្រតិបត្តិ​អង្គការ ដោយ​ពួកគេ​ត្រូវ​ជាប់ចោទ​ពីបទ​រក្សាទុក​នូវ​អាវុធ​ខុសច្បាប់ និង​ច្បាប់​អង្គការ​របស់លោក ហួស​សុពលភាព​រយៈពេល​៤​ឆ្នាំ​។ បើតាម​លោក ទិ​ត្យ ណា​រ៉ុង ជនសង្ស័យ​ទាំង​៣ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តហើយ នៅ​ថ្ងៃទី​៣០ សីហា ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com