ជាតិ
២៥ខេត្ត/រាជធានី
ក្រសួងមហាផ្ទៃ ស្នើសុំបង្កើតខេត្តថ្មី២ទៀត សម្តេច ហ៊ុន សែន និងសម្តេច ស ខេង។ ប្រភពរូបថត ហ្វេសប៊ុក សម្តេច ស ខេង
× ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ស្នើទៅប្រមុខរដ្ឋាភិបាល សុំបង្កើតខេត្តថ្មីចំនួន២ទៀត ដែលបំបែកចេញពីខេត្តកណ្ដាល ខេត្តមណ្ឌលគីរី និងរតនគីរី។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង កាលពីថ្ងៃទី២៧ ខែសីហា បានស្នើសុំសេចក្តីសម្រេចពីសម្ដេច ហ៊ុន សែន ក្នុងការបង្កើតគណៈកម្មការស្រាវជ្រាវកែសម្រួលព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលដឹកនាំដោយសម្ដេច ស ខេង ដោយផ្ទាល់ ។ ក្នុងករណីសម្ដេច ហ៊ុន សែន ឯកភាពជាគោលការណ៍លើគម្រោងបង្កើតខេត្តថ្មីនេះ ក្រសួងមហាផ្ទៃ នឹងចាត់មន្ត្រីបច្ចេកទេស ដើម្បីសហការជាមួយក្រសួង និងខេត្តពាក់ព័ន្ធ ចុះធ្វើការសិក្សាស្រាវជ្រាវជាក់ស្ដែង ដើម្បីរាយការណ៍សុំយោបល់ជាបន្តបន្ទាប់ពីសម្ដេច ហ៊ុន សែន។
ក្រសួងមហាផ្ទៃ បានកំណត់គោលដៅសិក្សាលើភូមិសាស្ត្រខេត្តកណ្ដាល ខេត្តមណ្ឌលគីរី និងរតនគីរី។ បើតាមក្រសួងមហាផ្ទៃ ខេត្តមណ្ឌលគីរី គឺត្រូវពិនិត្យលើកត្តាភូមិសាស្ត្រ និងប្រជាពលរដ្ឋរបស់ស្រុកកោះញែក និងទីតាំងក្នុងស្រុកលំផាត់ នៃខេត្តរតនគីរី។ ចំណែកខេត្តថ្មីមួយទៀត នឹងត្រូវបំបែកចេញពីខេត្តកណ្ដាល។
លិខិតសម្ដេច ស ខេង ដែលស្នើទៅនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖«នៅចំពោះមុខនេះ ផ្អែកតាមការពិនិត្យជាទូទៅលើស្ថានភាពភូមិសាស្ត្រ និងស្ថានភាពប្រជារាស្ត្រ ខ្ញុំយល់ឃើញថា គួរឲ្យមានការសិក្សាលទ្ធភាព ក្នុងការរៀបចំបង្កើតខេត្តថ្មីចំនួន២ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការជំរុញអភិវឌ្ឍនៅមូលដ្ឋាន និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ»។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសកម្ពុជា មានរាជធានី-ខេត្ត ចំនួន២៥ ។ ដូច្នេះបើមានការបង្កើតខេត្តថ្មីពីរទៀតមែននោះ កម្ពុជានឹងមានរាជធានី-ខេត្ត២៧ ៕
© រក្សាសិទ្ធិដោយ thmeythmey.com