សុខភាព
អន្តរជាតិ
ការសិក្សា​ថ្មី​មួយទៀត​៖ គ្មាន​សារធាតុ​ណាមួយ​ក្នុង​ស្រា ដែល​ជួយ​ដល់​សុខភាព​ឡើយ​
31, Aug 2018 , 10:42 am        
រូបភាព
ដោយ: ធីតា
​អ្នក​ផឹកសុរា​មួយចំនួន​ហាក់ដូចជា​សប្បាយ និង​ធូរស្រាល​ចិត្ត នៅពេល​ឃើញ​របាយការណ៍មួយចំនួន បាន​រកឃើញថា ការផឹក​ស្រា​ក្នុង​ចំនួន​ណាមួយ អាចជួយ​ដល់​សុខភាព​។ ប៉ុន្តែ​សូមកុំ​ទាន់​អាល​អរ របាយការណ៍​ចុងក្រោយ​ដែល​ទើបតែ​ចេញផ្សាយ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ បង្ហាញ គ្មាន​ចំនួន​ណាមួយ​នៃ​អាល់កុល​ដែល​ជួយ​ដល់​សុខភាព​នោះឡើយ​។​



​ទិន្នន័យ​ដែល​សិក្សា​ដោយ​វិទ្យាស្ថាន​សម្រាប់​ការវាស់ស្ទង់ និង​វាយតម្លៃ​សុខភាព របស់​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន បាន​ពញ្ញាក់​ស្មារតី​អ្នក​និយម​ផឹក​សារធាតុ​ស្រវឹង​ទាំងឡាយ ពីព្រោះថា ការផឹក​ច្រើន​គឺជា​ជំហាន​ដែល​នាំ​ឲ្យ​ធ្លាក់ខ្លួន​ឈឺ ពេលខ្លះ​ពិការ និង​អាច​ឈានដល់​ស្លាប់​ថែម​ទៀតផង​។​

«​លទ្ធផល​ដែល​យើង​បាន​សិក្សា​បង្ហាញថា កម្រិត​សុវត្ថិភាព​នៃ​ការផឹក​គ្រឿង​ស្រវឹង គឺ​គ្មាន​នោះឡើយ​»​។ នេះ​ជាការ​ពន្យល់​របស់​ក្រុម​អ្នកស្រាវជ្រាវ ដោយ​លទ្ធផល​ទាំងស្រុង​ត្រូវបាន​បង្ហោះ​នៅលើ​គេហទំព័រ The Lancet​។

​ការសិក្សា ផ្តោតលើ​ការប្រើប្រាស់​គ្រឿង​ស្រវឹង និង​ឥទ្ធិពល​របស់​វា ដែល​កើតឡើង​ចន្លោះ​ពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​២០១៦ នៅ​ប្រទេស​ចំនួន​១៩៥​លើ​ពិភពលោក​។ លទ្ធផល​នេះ បង្ហាញ​ផ្ទុយ​ពី​ការសិក្សា​មួយចំនួន ដូច​ជាការ​លើកឡើងថា ការផឹក​ស្រា​ពីរ​កែវ​ក្នុង​១​ថ្ងៃ មាន​ប្រយោជន៍​ដល់​សុខភាព និង​ការផឹក​ក្នុង​កម្រិត​ណាមួយ ប្រៀបដូចជា​ការ​លេប​ឱសថ​ប្រឆាំងនឹង​ជំងឺ​បេះដូង និង​ទឹកនោមផ្អែម ជាដើម​។​

​ទាក់ទង​នឹង​លទ្ធផល​ថ្មី​នេះ ក្រុម​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន បានផ្តល់​យោបល់​សម្រាប់​ប្រទេស​ដែល​សម្បូរ​អ្នក​ផឹក​គ្រឿង​ស្រវឹង ឲ្យ​ចាត់វិធានការ និង​រៀប​យុទ្ធនាការ​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​សារធាតុ​ស្រវឹង​៕


Tag:
 អាល់កុល
© រក្សាសិទ្ធិដោយ thmeythmey.com