អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី ព្រមាន​អាមេរិក​ដែល​ចង់​បង្កើត​ការវាយប្រហារ​អាវុធ​គីមី​ក្លែងក្លាយ​នៅ​ស៊ី​រី​
31, Aug 2018 , 12:59 pm        
រូបភាព
រដ្ឋាភិបាល​ស៊ី​រី និង​រុស្ស៊ី​ជា​សម្ព័ន្ធមិត្ត​របស់ខ្លួន ប្រកាស​ត្រៀម​បើក​យុទ្ធនាការ​យោធា​ទ្រង់ទ្រាយ​ធំ​ដើម្បី​រំដោះ​ខេត្ត Idlib ដែល​ជាប់​ព្រំដែន​ជាមួយ​តួ​ក​គី​។ សមរភូមិ Idlib អាចជា​ទីតាំង​វាយ​ប្រយុទ្ធ​ចុងក្រោយ​ក្នុង​វិបត្តិ​ស៊ី​រី ព្រោះ​ជា​មូលដ្ឋាន​រឹងមាំ​របស់​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស់​។ ប៉ុន្តែ​នៅ​ថ្មីៗ​នេះ យោធា​រុស្ស៊ី បាន​អះអាងថា លោកខាងលិច​មាន​ផែនការ​រៀបចំ​ការ​ប្រហារ​អាវុធ​គីមី​នៅ​តំបន់​នេះ ដើម្បី​ធ្វើជា​លេស​វាយ​ស៊ី​រី​។ រុស្ស៊ី​បាន​ព្រមាន​ក្រុម​បស្ចិមប្រទេស​វិញ​ថា កុំ​លេង​ជាមួយ​ភ្លើង​ឲ្យ​សោះ​។​

 
​រុស្ស៊ី និង​ស៊ី​រី នឹង​បើក​ប្រតិបត្តិការ​យោធា​ដ៏​ធំ​នៅ​ខេត្ត Idlib ដើម្បី​បោសសម្អាត​ក្រុម​ភេរ​វករ​ឲ្យ​អស់​។ នេះ​ជាការ​ប្រកាស​របស់​រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី Sergey Lavrov ក្រោយ​ជំនួប​ជាមួយ​សម​ភាគី​ស៊ី​រី Walid al-Muallem ក្នុង​រដ្ឋធានី​មូ​ស្គូ​នៅ​ថ្ងៃទី​៣០ ខែសីហា​។ លោក Lavrov និយាយថា ទឹកដី​ភាគច្រើន​របស់​ស៊ី​រី ត្រូវបាន​រំដោះ​រួចហើយ​នៅសល់តែ Idlib ប៉ុណ្ណោះ ហើយ​ដែល​ត្រូវតែ​បាន​ប្រើប្រាស់​ដោយ​ក្រុម​ភេរវ​ករ​ដើម្បី​វាយប្រហារ​លើ​មូលដ្ឋាន​យោធា​រុស្ស៊ី​។​
 
​ក្នុង​សន្ន​សីទ​សារព័ត៌មាន​ក្រោយ​ជំនួប​បិទទ្វារ លោក Lavrov ក៏បាន​ព្រមាន​លោកខាងលិច​ដែលមាន​ផែនការ​បង្កើត​ការវាយប្រហារ​អាវុធ​គីមី​នៅ​ខេត្ត​ភាគ​អាគ្នេយ៍​ជាប់​តួ​ក​គី ហើយ​យក​វា​ធ្វើជា​មូលហេតុ​ដើម្បី​វាយប្រហារ​ស៊ី​រី ដូចដែល​ធ្លាប់ធ្វើ​កន្លងមក​។ បើតាម​សារព័ត៌មាន RT ប្រមុខ​ការទូត​រុស្ស៊ី​រូបនេះ​បញ្ជាក់ថា អាមេរិក និង​សម្ព័ន្ធមិត្ត​លោកខាងលិច​កំពុង​រៀបចំ​បង្ករឿង​ជាថ្មីទៀត​ដើម្បី​រំខាន​ប្រតិបត្តិ​ការកម្ទេច​ក្រុម​ភេរវកម្ម តែ​រុស្ស៊ី​បាន​ប្រាប់​ពួកគេ​វិញ​ហើយ​ថា កុំ​លេង​ជាមួយ​ភ្លើង​ឲ្យ​សោះ​។​
 
​ការព្រមាន​របស់លោក Lavrov ធ្វើឡើង​ក្រោយ​យោធា​រុស្ស៊ី​អះអាងថា ក្រុម​សកម្មជន​នៅ​ស៊ី​រី​ជា​អ្នកអនុវត្ត​ផែនការ​នេះ ដោយ​ប្រើប្រាស់​សារធាតុ​គីមី​ក្ល​រី​ន​ហើយ​ទម្លាក់កំហុស​លើ​ទាហាន​ស៊ី​រី​។ ក្រោម​ហេតុផល​នេះ អាមេរិក និង​លោកខាងលិច នឹង​បើក​ប្រតិបត្តិការ​យោធា​លើ​កម្លាំង​ស៊ី​រី ដូច​ដែលជា​បានធ្វើ​កាលពី​ខែមេសា​កន្លងទៅ​។ ពេលនេះ អាមេរិក អង់គ្លេស និង​បារាំង បាន​បាញ់​មី​ស៊ី​ល​ជាង​មួយរយ​គ្រាប់​លើ​ស៊ី​រី ទោះជា​រុស្ស៊ី​អះអាងថា ទាហាន​ស៊ី​រី​មិន​បានធ្វើ​អ្វី​ក្ដី​។ 
 
​ហេតុអ្វី Idlib ?
 
​ខេត្ត Idlib គឺជា​ទីតាំង​ចុងក្រោយ​របស់​ក្រុម​ភេរ​វករ និង​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​ប្រធានាធិបតី  Bashar al-Assad ។ ក្រោយ​ជំនួយ​របស់​កម្លាំងយោធា​រុស្ស៊ី ទាហាន​គាំទ្រ​របប​ដឹកនាំ​លោក Assad បាន​បើក​យុទ្ធនាការ​ជា​បន្តបន្ទាប់ និង​បាន​ដណ្ដើមបាន​ទឹកដី​ជាច្រើន​ដែល​បាត់បង់​ពេល​ជម្លោះ​ចាប់ផ្ដើម​ដូចជា​នៅ Palmyra, Aleppo និង Ghouta ខាងកើត​ជាដើម​ផង​។ ប្រជាជន​ស៊ី​រី​ដែល​រត់​ភៀសខ្លួន​ពី​កន្លែង​នានា ក៏​ដូច​ជាំ​ក្រុម​ឧទ្ទាម​ដែល​បាក់ទ័ព​នោះ បាន​ប្រមូល​ផ្ដុំគ្នា​នៅ Idlib ។​
 
​យុទ្ធនាការ​របស់​យោធា​ស៊ី​រី ដែល​គាំទ្រ​រុស្ស៊ី​សំដៅ​រំដោះ Idlib អាច​ធ្វើឡើង​ទ្រង់ទ្រាយ​ធំ តែ​ក៏​នឹង​បង្ក​មហន្តរាយ​ដែរ​។ ដូចនេះហើយ​បានជា​យោធា​រុស្ស៊ី​ទម្លាយ​ផែនការ​របស់​ក្រុម​បស្ចិមប្រទេស​ដែល​ចង់​ការពារ​ក្រុម​ឧទ្ទាម​ដែល​ខ្លួន​បាន​ផ្គត់ផ្គង់​ជាច្រើន​ឆ្នាំ​ក្នុង​គោលដៅ​ផ្ដួល​លោក Assad ។ មានន័យថា គម្រោង​វាយប្រហារ​ដោយ​អាវុធ​គីមី គឺ​ដើម្បី​តែ​ទប់ស្កាត់ ឬ​កាត់បន្ថយ​សមត្ថភាពរ​បស់​យោធា​ស៊ី​រី កុំ​ឲ្យ​រុលទៅមុខ​កាន់តែខ្លាំង​ប៉ុណ្ណោះ​។​
 
​លើសពីនោះ ការបាត់បង់ Idlib ក៏​ជា​សញ្ញា​បង្ហាញ​ភាព​ភាពទន់ខ្សោយ​របស់​ក្រុម​ឧទ្ទាម ដែល​ធ្លាប់តែ​ធ្វើ​ឲ្យ​កម្លាំង​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស់​បាក់ស្បាត​កន្លងមក​ដែរ​។ បើ​ក្រុម​ឧទ្ទាម​អស់​កន្លែង​ឈរជើង វា​មានន័យ​ស្មើនឹង​ជ័យជម្នះ​បាន​ទៅ​លោក Assad ដែល​បាន​ប្រឹងប្រែង​ការពារ​អំណាច​របស់ខ្លួន​ក្នុង​វិបត្តិ​ដែល​ផ្ទុះឡើង​តាំងពី​ឆ្នាំ​២០១១ ។ វា​ក៏​មានន័យថា ការព្យាយាម​របស់លោក​ខាងលិច​ក្នុងការ​ផ្លាស់ប្ដូរ​លោក Assad បរាជ័យ​ដែរ​។   
 
​វិបត្តិ​មនុស្សធម៌​ដ៏​ធំ នឹង​ផ្ទុះឡើង បើ​កម្លាំង​រុស្ស៊ី និង​ស៊ី​រី​វាយលុក Idlib 
 
​រឿង​កាន់តែ​ព្រួយបារម្ភ គឺ​វិបត្តិ​មនុស្សធម៌​មួយ នឹង​ផ្ទុះឡើង​មិន​ខាន នៅពេល​កម្លាំងយោធា​ស៊ី​រី ដែល​ជួយ​ពីក្រោយ​ដោយ​រុស្ស៊ី បើក​យុទ្ធនាការ​នៅ Idlib ។ វិបត្តិ​មនុស្សធម៌​នៅ​ស៊ី​រី​បានកើត​ឡើងជា​ញឹកញយ​នៅពេល​មានការ​ប្រយុទ្ធ​ទ្រង់ទ្រាយ​ធំ​ដូចជា​នៅ​ជា Aleppo និង​នៅ Ghouta ខាងកើត​ជាដើម​។ មនុស្ស​ជិត​៣​លាន​នាក់ កំពុង​ជាប់​នៅ​តំបន់​នេះ ដែល​បាន​រត់គេច​ពី​ទីតាំង​ផ្សេងៗ ហើយក៏​គ្មាន​កន្លែង​ផ្សេង​អាច​ទៅទៀត​ដែរ​។​
 
​ក្នុង​សន្និសីទកាសែត​នៅ​ទីក្រុង​មូ​ស្គូ រដ្ឋមន្ត្រីការបរទេស​ស៊ី​រី al-Muallem និយាយថា ខាង​ស៊ី​រីនឹង​បើក​ប្រតិបត្តិការ​ដ៏​ធំ​នៅ Idlib ប៉ុន្តែ​ទាហាន​ស៊ី​រី​ក៏​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​កាត់បន្ថយ​ចំនួន​ជនរងគ្រោះ​។ យ៉ាងណាមិញ វា​ជា​រឿង​ចៀស​មិន​ផុត​ឡើយ​ចំពោះ​យុទ្ធនាការ​យោធា​នោះ ហើយ​សំណួរ​ពេលនេះ គឺ​ការ​វាយ​ប្រយុទ្ធ​កើត​ពេលណា សាហាវ​យ៉ាងណា ហើយ​មនុស្ស​ប៉ុន្មាន​នាក់​ទៀត​នឹងត្រូវ​បាត់បង់​ជីវិត​ក្នុង​ជម្លោះ​មាន​អាយុ​ជាង​៧​ឆ្នាំនេះ​។​
 
​ក្រុម​អ្នកសង្កេតការណ៍​ព្យាករ​ថា មនុស្ស​ជាង​ពីរលាន​នាក់ នឹង​រត់​ភៀសខ្លួន​ទៅកាន់​ព្រំដែន​តួ​ក​គី ដែល​ពេលនោះ នឹង​បង្កើតបាន​វិបត្តិ​ជនភៀសខ្លួន​ថ្មី​ទៀត​។ ប៉ុន្តែ​តួ​ក​គី ដែល​បាន​បិទ​ព្រំដែន​ជាមួយ​ស៊ី​រី​នោះ ទំនងជា​មិន​បន្ត​ទទួលយក​ជនភៀសខ្លួន​ទៀតឡើយ ព្រោះ​ខ្លួន​បានទទួល​ជនជាតិ​ស៊ី​រី​ភៀសខ្លួន​ជាច្រើន​លាន​នាក់​ទៅហើយ​ដែរ​៕
 
 

Tag:
 រុស្ស៊ី​
  អាមេរិក​
  ស៊ី​រី​
© រក្សាសិទ្ធិដោយ thmeythmey.com