អន្តរជាតិ
ប្រមុខការទូតអង់គ្លេសរំឭកអឺរ៉ុប៖ ព្រោះទំនាក់ទំនងល្អជាមួយអាមេរិក ទើបអឺរ៉ុបស្គាល់ភាពរុងរឿង រដ្ឋមន្រ្តីការបរទេសអង់គ្លេស Jeremy Hunt (រូបភាព AFP)
× ទំនាក់ទំនងអាមេរិកជាមួយសម្ព័ន្ធមិត្តនៅតំបន់អឺរ៉ុប កំពុងតែល្អក់កករដោយសារតែខ្វែងគំនិតលើបញ្ហាជាច្រើនចាប់ពីការដំឡើងពន្ធរបស់អាមេរិករហូតដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ផង។ សមាជិកអឺរ៉ុបជាច្រើនមិនពេញចិត្តនយោបាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ឡើយ ដ្បិតបានប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងអន្តរអាត្លង់ទិកដែលធ្លាប់តែល្អូកល្អឺន។ ប៉ុន្តែអង់គ្លេសដែលនៅបន្តទំនាក់ទំនងល្អជាមួយអាមេរិកបានរំឭករដ្ឋអឺរ៉ុបដទៃទៀតថា ភាពរុងរឿងរបស់អឺរ៉ុបក៏បានមកពីអាមេរិកដែរ។
នយោបាយដំឡើងពន្ធរបស់អាមេរិក និងការដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ឆ្នាំ២០១៥ បានធ្វើឲ្យទំនាក់ទំនងចាក់ទឹកមិនលិចរវាងអាមេរិក និងអឺរ៉ុប ប្រែប្រួលទៅជាសោះអង្គើយ។ ប្រទេសអឺរ៉ុបខ្លះ និយាយឲ្យចំបារាំងតែម្ដង ចង់ឲ្យអឺរ៉ុបពង្រឹងសមត្ថភាពខ្លួនឯងឲ្យបានខ្លាំងជាពិសេសបញ្ហាសន្តិសុខ ជាជាងពឹងពាក់លើអាមេរិក។ ប៉ុន្តែអង់គ្លេសវិញបានរំឭកប្រទេសអឺរ៉ុបថា អឺរ៉ុបគួរតែដឹងគុណអាមេរិកចំពោះការរីកចម្រើនរបស់ខ្លួន។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស Jeremy Hunt នៅថ្ងៃទី៣០ ខែសីហា ចង់ឲ្យអឺរ៉ុប និងអាមេរិកមានជំហរដូចដើមវិញ ព្រោះទំនាក់ទំនងល្អរវាងអាមេរិក និងអឺរ៉ុបនាពេលកន្លងមក ធ្វើឲ្យអឺរ៉ុបស្គាល់ភាពថ្កុំថ្កើង។ ពីរដ្ឋធានីវីយែនរបស់អូទ្រីស លោក Hunt និយាយដូច្នេះថា៖ «នៅចក្រភពអង់គ្លេស យើងជឿថា យើងស្គាល់ភាពលូតលាស់នៅអឺរ៉ុប ព្រមទាំងសន្តិភាពមិនធ្លាប់មាន និងសេដ្ឋកិច្ចរីកចម្រើន ព្រោះតែទំនាក់ទំនង និងមិត្តភាពរឹងមាំរបស់អាមេរិក និងអឺរ៉ុប»។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន RT ។
ដោយទទួលស្គាល់ថា ការខ្វែងគំនិតគ្នាតែងកើតឡើយដោយចៀសមិនផុត ប្រមុខការទូតអង់គ្លេសរូបនេះលើកឡើងថា ពេលនេះ គឺជាពេលដែលអ្នករាល់គ្នាគួរចង់ចាំអ្វីគ្រប់យ៉ាងដែលមានរួមគ្នាជាមួយអាមេរិក និងធានាថា អាមេរិក និងអឹរ៉ុបបន្តទំនាក់ទំនងអន្តរអាត្លង់ទិកដ៏រឹងមាំនេះបន្តទៀត។ សម្ដីរបស់លោក Hunt គឺជាការប៉ុនប៉ងរបស់អង់គ្លេសដែលព្យាយាមផ្សះផ្សាការយល់ខុសរវាងអាមេរិក និងអឺរ៉ុប ព្រោះអង់គ្លេសជាមិត្តជិតដិតបំផុតរបស់អាមេរិកនៅអឺរ៉ុប។
ប្រមុខការទូតអង់គ្លេសទៅដល់ទឹកដីអូទ្រីសដើម្បីចូលរួមជំនួបរដ្ឋមន្ត្រីការបរទេសអឺរ៉ុប ដោយផ្ដោតលើការចាកចេញរបស់អង់គ្លេស និងការទំនាក់ទំនងអន្តរអាត្លង់ទិកផង។ យ៉ាងណាមិញ សមាជិកអឺរ៉ុបដទៃទៀត ទំនងជាមិនខ្វល់ខ្វាយសម្ដីរបស់លោក Hunt ឡើយ ដោយពួកគេជឿថា វាដល់ពេលដែលអឺរ៉ុបត្រូវទទួលខុសត្រូវលើអនាគតរបស់ខ្លួន ពង្រឹងសេដ្ឋកិច្ចខ្លួនឯង និងការពារខ្លួនដោយមិនចាំបាច់ជំនួយរបស់អាមេរិក។
តាមពិតទៅ ក្រៅពីរឿងដំឡើងពន្ធហួសហេតុលើដែកថែប និងអាលុយមីញ៉ូមនោះ អឺរ៉ុបក៏មានរឿងមិនរីករាយជាច្រើនទៀតតួយ៉ាងការទាមទាររបស់លោក ដូណាល់ ត្រាំ ឲ្យដំឡើងការចំណាយយោធាឲ្យបានពីរភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួននីមួយៗ។ ចុងក្រោយនេះ ប្រធានធិបតីអាមេរិកបានទាមទារសមាជិកសម្ព័ន្ធយោធាឲ្យបង្កើនដល់ទៅ៤ភាគរយឯណោះ៕
Tag:
អង់គ្លេស
អាមេរិក
អឺរ៉ុប
Jeremy Hunt
© រក្សាសិទ្ធិដោយ thmeythmey.com