ជាតិ
សង្គមជាតិ
លោក​គៀត ច័ន្ទ​ថា​រិ​ទ្ធ នឹង​ជំនួស​តំណែង​លោក សុខ ផល ឯ​អគ្គនាយក​នៃ​មហាផ្ទៃ​ពីររូប​ទៀត ក៏ត្រូវ​ផ្លាស់ប្តូរ​
31, Aug 2018 , 6:39 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក សុខ ផល, លោក ម៉ៅ ច័ន្ទតារា, លោក ម៉ៅប៊ុនណារិន
ពីឆ្វេងទៅស្តាំ៖ លោក សុខ ផល, លោក ម៉ៅ ច័ន្ទតារា, លោក ម៉ៅប៊ុនណារិន
ដោយ:
ភ្នំពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្វាយ​លិខិត​ទៅ​ព្រះមហាក្សត្រ ដើម្បី​ក្រាបបង្គំ​សុំ​ឲ្យ​ព្រះអង្គ រាជានុញ្ញាត ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ជា​អគ្គនាយក​ចំនួន​៣ នៃ​ក្រសួងមហាផ្ទៃ​។ លិខិត​នោះ ចុះ​នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨​នេះ​។


 
​នាយ​ឧ​ត្ត​ម​សេនីយ៍​បី​រូប ដែល​សម្តេច ហ៊ុន សែន សុំ​រាជានុញ្ញាត​ពី​ព្រះមហាក្សត្រ ដើម្បី​តែងតាំង ឲ្យ​ទៅកាន់​តំណែង​ក្នុង​អគ្គនាយកដ្ឋាន​ទាំងបី​នៃ​ក្រសួងមហាផ្ទៃ គឺ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ពី​អគ្គ​ស្នងការរង​នគរបាលជាតិ ទៅជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​, លោក កង សុខន ពី​អគ្គ​ស្នងការរង​នគរបាលជាតិ ទៅជា​អគ្គនាយក អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​, និង​លោក សេង យូ​អ៊ា​ន់ ពី​អគ្គនាយករង ទៅជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​។
 
​បច្ចុប្បន្ន នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​, នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​តារា  ជា​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​, និង​នាយ​ឧ​ត្ត​ម​សេនីយ៍  ម៉ៅ ប៊ុន​ណារិន ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​។ យ៉ាងណាក៏ដោយ លិខិត​ដែល​សម្តេច ហ៊ុន សែន ថ្វាយទៅ​ព្រះមហាក្សត្រ ពុំបាន​បញ្ជាក់ថា នាយ​ឧ​ត្ត​ម​សេនីយ៍​ទាំងបី​នាក់​នេះ នឹងត្រូវ​ផ្តេ​រ​ទៅ​ឲ្យ​កាន់តំណែង​អ្វី​ឡើយ​។
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបំភ្លឺ​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បានទេ  ដោយសារតែ​លោក​ទាំងពីរ ពុំ​លើក​ទូរ​សព្ទ​៕  
 

Tag:
 ហ៊ុន សែន​
  ព្រះមហាក្សត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com