អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ មិន​មក​ប្រជុំ​អាស៊ាន​នៅ​សិង្ហ​បុរី និង APEC នៅ​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ​ឡើយ​
01, Sep 2018 , 1:11 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹង​មិនមាន​វត្តមាន​ចូលរួម​ក្នុងជំនួប​ធំ​ចំនួន​ពីរ​នៅ​តំបន់​ប៉ាស៊ីហ្វិក ដែល​ត្រូវ​រៀបចំ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​។ តំណាង​ឲ្យ​លោក ត្រាំ គឺ​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន នឹងចូលរួម​ក្នុងជំនួប​សំខាន់​នៅ​សិង្ហ​បុរី និង​នៅ​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ​។ សេត​វិមាន​បានប្រកាស​នៅ​ថ្ងៃទី​៣១ ខែសីហា ថា លោក ផេ​ន នឹង​លើកឡើង​ជំហរ​របស់​អាមេរិក​ចំពោះ​ទស្សនវិស័យ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ដែល​លោក ត្រាំ បានដាក់​ចេញ​។​

 
​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន នឹង​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​សំខាន់​ចំនួន​ពីរ​នៅ​តំបន់​អាស៊ី​ក្នុង​ខែវិច្ឆិកា ជំនួស​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ នេះ​ជា​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សេត​វិមាន​នៅ​ថ្ងៃទី​៣១ ខែសីហា​។ សេត​វិមាន​អាមេរិក​មិនបាន​បង្ហាញ​មូលហេតុ​ច្បាស់​ពី​ការលុបចោល​ដំណើរ​ទស្សនកិច្ច​របស់​លោក ត្រាំ តែ​ទំនងជា​លោក​មាន​គម្រោង​ធ្វើដំណើរ​ទៅកាន់​អឺរ៉ុប និង​តំបន់​អាមេរិក​ឡាទីន​ក្នុង​ខែវិច្ឆិកា​ដដែល​។​
 
​កាលពី​ឆ្នាំមុន លោក ត្រាំ បាន​ចូលរួម​ប្រជុំ​អាស៊ាន​នៅ​ហ្វីលីពីន និង​ជំនួប APEC នៅ​វៀតណាម​។ លោក​ក៏​ត្រូវបាន​អញ្ជើញ​ឲ្យ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​សិង្ហ​បុរី​នៅ​ខែវិច្ឆិកា​ផង ហើយ​លោក​ក៏បាន​ទទួលយក​ការអញ្ជើញ​នេះដែរ​។ យ៉ាងណាក្ដី លោក ត្រាំ នឹង​មិនមាន​វត្តមាន​នៅ​អាស៊ីអាគ្នេយ៍​នៅ​ចុងឆ្នាំ​នេះឡើយ​។​
 
​តាម​ការប្រកាស​ខាងលើ លោក ផេ​ន នឹងចូលរួម​ប្រជុំ​ជាមួយ​បណ្ដា​មេដឹកនាំ​មហាអំណាច​ដទៃទៀត​អំឡុងពេល​កិច្ចប្រជុំ​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ដែល​សិង្ហ​បុរី​ធ្វើជា​ម្ចាស់ផ្ទះ​។ បន្ទាប់មក អនុ​ប្រធានាធិបតី​អាមេរិក ត្រូវ​បន្តដំណើរ​ទៅកាន់​ប្រទេស​កោះ​ប៉ាស៊ីហ្វិក​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ​ដើម្បី​ចូលរួម​ប្រជុំ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC)​។ 
 
​យោងតាម​សេចក្ដីប្រកាស​ដដែល ក្នុង​ដំណើរ​ទស​ក្សន​កិច្ច​នៅ​អាស៊ី អនុ​ប្រធានាធិបតី​អាមេរិក នឹង​គូសបញ្ជាក់​ពី​យុទ្ធសាស្ត្រ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ដែល​បើកចំហ និង​មាន​សេរីភាព ដោយ​ពឹង​ផ្អែកលើ​ការគោរព​អធិបតេយ្យ នីតិរដ្ឋ ក៏ដូចជា​គោលការណ៍​សេរី យុត្តិធម៌ និង​ពាណិជ្ជកម្ម​ផ្ដល់​ចំណេញ​ទៅមក​។ សេត​វិមាន​បន្តថា លោក ផេ​ន ទន្ទឹង​ចាំ​ជួប​សម្ព័ន្ធមិត្ត​អាមេរិក និង​ដៃគូ​ក្នុង​តំបន់​ដើម្បី​ជំរុញ​សន្តិសុខ វិបុលភាព និង​សេរីភាព​។​
 
​ព្រម​គ្នា​នឹង​ការប្រកាស​ដំណើរ​ទស្សនកិច្ច​របស់​លោក ផេ​ន សេត​វិមាន​ក៏​បញ្ចេញ​ផែនការ​ទស្សនកិច្ច​នៅ​បរទេស​របស់លោក ត្រាំ ក្នុង​ខែវិច្ឆិកា​ដដែល​។ លោក ត្រាំ នឹងធ្វើ​ដំណើរ​ទៅកាន់​បារាំង ដើម្បី​ចូលរួម​ពិធី​ខួប​ទី​១០០​ឆ្នាំ​នៃ​ថ្ងៃ​បញ្ចប់​សង្គ្រាមលោកលើកទី​១ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា រួច​បន្តដំណើរ​ទស្សន​កិច្ច​នៅ​អៀរ​ឡង់​ដើម្បី​រឹតចំណង​មិត្តភាព​។ នៅ​ចុងខែ លោក​នឹង​ទៅកាន់​អា​ហ្ស​ង់​ទីន​ដើម្បី​ចូលរួម​ជំនួប​មេដឹកនាំ G-20 និង​ធ្វើ​ទស្ស​និច្ច​នៅ​កូ​ឡុំ​ប៊ី​ផង​៕
 
 
 

Tag:
 អាមេរិក​
  ASEAN
  ដូ​ណា​ល់ ត្រាំ​
  ម៉ៃ ផេ​ន
© រក្សាសិទ្ធិដោយ thmeythmey.com