ជាតិ
សង្គមជាតិ
ក្រសួងអប់រំ កំណត់ពិន្ទុ៤២៧ សម្រាប់និទ្ទេសA និងពិន្ទុ២៣៧ សម្រាប់និទ្ទេសE
× ភ្នំពេញ៖ នៅប៉ុន្មានថ្ងៃនេះ សមាជិកអនុគណៈកម្មការគ្រប់គ្រងសន្លឹក MCS និងអនុគណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ កំពុងមានភាពមមាញឹកក្នុងការបំពេញភារកិច្ច ស្រង់-បូក និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់ឆ្នាំ២០១៨នេះ។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា។
ការបូកសរុបពិន្ទុបេក្ខជនប្រឡងនេះ ប្រកបដោយការយកចិត្តទុកដាក់ ស្មារតីទទួលខុសត្រូវខ្ពស់ និងរក្សាភាពស្ងប់ស្ងាត់ល្អ ដោយមិនឲ្យបែកធ្លាយអ្វីឡើយ។ ប៉ុន្តែអ្វីដែលក្រសួងអប់រំ អាចបង្ហើបបាននោះ គឺការកំណត់ពិន្ទុបេក្ខជនប្រឡង។ តាមរយៈហ្វេសប៊ុកក្រសួងអប់រំ ពិន្ទុនិទ្ទេសA ត្រូវបានកំណត់៤២៧ពិន្ទុ ដែលស្មើនឹង៩០ភាគរយ ,និទ្ទេសB ត្រូវបានកំណត់៣៨០ពិន្ទុ ដែលស្មើ៨០ភាគរយ ,និទ្ទេសC ត្រូវបានកំណត់៣៣២ពិន្ទុ ដែលស្មើ៧០ភាគរយ ,និទ្ទេសD ត្រូវបានកំណត់២៨៥ពិន្ទុ ដែលស្មើនឹង៦០ភាគរយ និងនិទ្ទេសE ត្រូវបានកំណត់២៣៧ពិន្ទុ ដែលស្មើ៥០ភាគរយ នៃពិន្ទុប្រឡងអតិបរមា៥០០ពិន្ទុ។
តាមពិតពិន្ទុប្រឡងអតិបរមា៥០០ពិន្ទុនេះ តម្រូវឲ្យអ្នកជាប់និទ្ទេសE មាន២៥០ពិន្ទុ ប៉ុន្តែដោយសារមុខវិជ្ជាភាសាបរទេសជាវិញ្ញាសាតាមស្ម័គ្រ ដូច្នេះពិន្ទុប្រឡងជាប់គឺ ៥០០ ដក ២៥ រួចចែកនឹង ២ ស្មើនឹង ២៣៧,៥ពិន្ទុ ទើបសម្រេចយកត្រឹម ២៣៧ពិន្ទុ ជាប់សម្រាប់និទ្ទេសE។ នេះបើតាមក្រសួងអប់រំ។
ការប្រកាសលទ្ធផលប្រឡងនឹងធ្វើឡើង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ចំណែកនៅថ្ងៃទី១២ ខែកញ្ញា សម្រាប់មណ្ឌលប្រឡងតាមបណ្តាខេត្ត។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧កន្លងមក មានសិស្សដែលប្រឡងជាប់៦៣៦៦៨នាក់ ត្រូវជា៦៣,៨៤ភាគរយ ក្នុងចំណោមបេក្ខជនវត្តមានប្រឡង៩៩,៧២៨នាក់ ដោយក្នុងនោះបេក្ខជនជាប់និទ្ទេស A មានចំនួន ៤២៤នាក់ និទ្ទេស B មានចំនួន ២ ៤៦៤នាក់ និទ្ទេស C មានចំនួន ៥០០០នាក់ និទ្ទេស D មានចំនួន ៩១២៣នាក់ និងនិទ្ទេស E មានចំនួន ៤៦ ៦៥៧នាក់ ៕
© រក្សាសិទ្ធិដោយ thmeythmey.com