ពីនេះ ពីនោះ
«​ត្រី​ឆ្តោ​ស៊ី​កូន​ឯង​» តើ​នេះ​ជាការ​ពិត​ទេ​?
01, Sep 2018 , 4:19 pm        
រូបភាព
រូបភាពផ្នែកខាងឆ្វេងគឺកូនត្រីឆ្ពោអាយុប្រហែល ២-៣ សប្តាហ៍ និងរូបភាពខាងស្តាំគឺត្រីឆ្តោពេញវ័យ។ រូបភាព៖ ឈុត ឈាណា និង ថាច់ ផាណារ៉ា
រូបភាពផ្នែកខាងឆ្វេងគឺកូនត្រីឆ្ពោអាយុប្រហែល ២-៣ សប្តាហ៍ និងរូបភាពខាងស្តាំគឺត្រីឆ្តោពេញវ័យ។ រូបភាព៖ ឈុត ឈាណា និង ថាច់ ផាណារ៉ា
ដោយ:
​ត្រី​ឆ្តោ ជា​ត្រី​ទឹកសាប ប្រភេទ​មំសាសី ពោលគឺ​ស៊ីសាច់​ជា​អាហារ​។ ក្នុង​វ័យ​ជំទង់​គេ​ហៅថា ត្រី​ដៀប ពេល​ធំ​ពេញវ័យ​ហៅ​ត្រី​ឆ្តោ មានឈ្មោះ​វិទ្យាសាស្ត្រ (Channa micropeltes) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Giant snakehead​។ ត្រី​ប្រភេទ​នេះ មាន​រស់នៅ​ពាសពេញ​តំបន់​អាស៊ីអាគ្នេយ៍ ចាប់ពី​ទន្លេមេគង្គ​ភាគ​ខាងក្រោម​ក្នុងប្រទេស​ឡាវ «​ព្រមទាំង​ដៃទន្លេ​ផ្សេងៗ របស់​វា ដូចជា​ទន្លេ សេ​បាំង​ហ្វៃ​» នៅ​អាង​ទន្លេ​ចៅ​ប្រា​យ៉ា និង​ទន្លេ​មេ​ក្លង ក្នុងប្រទេស​ថៃ នៅ​បឹង​ទន្លេសាប និង​តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ដូច​ខេត្តព្រៃវែង និង​ខេត្តតាកែវ ក្នុងប្រទេស​កម្ពុជា និង​នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ ក្នុងប្រទេស​វៀតណាម ។ ត្រី​ដៀប​/​ឆ្តោ មាន​ប្រវែង​ដងខ្លួន​អតិបរមា ១៣០ ស​.​ម វា​ចាប់កំណើត​ឡើង​នៅតាម​ទន្លេ​រាក់ៗ  វាលទំនាប តាម​ស្ទឹង ប្រឡាយ បឹង​ធំៗ ដែលមាន​ទឹកនឹង ឬ​ហូរ​យឺតៗ​។ អាហារ​ចម្បង​របស់​ត្រី​ដៀប​/​ឆ្តោ គឺ​ស៊ី​ត្រី​ផ្សេងៗ ប៉ុន្តែ​វា​ក៏​ស៊ី​ពពួក​ចៃ​ទឹក ឬ​សត្វល្អិត​ដែល​រស់ក្នុង​ទឹក​ផងដែរ​។

 
​នៅក្នុង​សង្គម​ខ្មែរ មាន​ពាក្យ​ដំណៀល​មួយ​ពោលថា​៖ «​ត្រី​ឆ្តោ​ស៊ី​កូន​ឯង​» តើ​នេះ​ជា​ការពិត​ដែរឬទេ​? បើ​យោងទៅលើ​លក្ខណៈ​ជីវសាស្ត្រ​ខាងលើ ពុំមាន​ចំណុច​ត្រង់ណា​ដែលថា​ត្រី​ឆ្តោ​ស៊ី​កូន​វា​នោះទេ​។ នៅក្នុង​ធម្មជាតិ បើ​យើង​ពិនិត្យ​តាមដាន​សកម្មភាព​រប​ស់ត្រី​ឆ្តោ​បណ្តើរកូន នោះ​យើង​នឹង​បាន​ឃើញថា ពេល​មាន​ឧបសគ្គ​អ្វី​មក​យាយី ត្រី​ឆ្តោ​នឹង​ហាមាត់​ឲ្យ​កូនតូចៗ​របស់​វា​ចូល​ដើម្បី​លាក់ខ្លួន​។ ពេល​ឧបសគ្គ​ទៅ​ផុត វា​នឹង​ហាមាត់​ឲ្យ​កូន​វា​ចេញមក​វិញ​។ ដូច្នេះ ពាក្យ​ដំណៀល​ថា «​ត្រី​ឆ្តោ​ស៊ី​កូន​ឯង​» នោះ ហាក់​មិន​ច្បាស់លាស់ ជា​ការណ៍​ពិត ឬ​យ៉ាងណា​នោះទេ​។ 
 
​ប៉ុន្តែ បើ​យើង​ធ្វើការ​អង្ក​តទៅ​លើ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ឆ្តោ គេ​និយម​ប្រមូល​ទិញ​កូន​ត្រី​គ្រប់​ប្រភេទ ដែល​គេ​ហៅថា «​ត្រី​នុយ​» ពី​អ្នកនេសាទ ដែល​ប្រើប្រាស់​ឧបករណ៍​លូ​ស្បៃ​មុង​ខុស ច្បាប់​ដើម្បី​ចាប់​កូន​ត្រី​គ្រប់​ប្រភេទ មិន​ថា​ជា​កូន​របស់​ត្រី​ប្រភេទ​ណា តូច ឬ​ធំ​ទេ ពោលគឺ​កូន​ត្រី​ចម្រុះ បួ​ក​រួមទាំង​កូន​ត្រី​ឆ្តោ​ខ្លួនឯង​ផងដែរ​។ មិនតែប៉ុណ្ណោះ កូនតូចៗ​របស់​ត្រី​ប្រភេទ​កម្រ​ជិត​ផុត​ពូជ ដូចជា​ត្រី​គល់រាំង ដែលជា​អត្តសញ្ញាណ​ជាតិខ្មែរ និង​ត្រី​រាជ ដែល​ស្ទើរតែ​បាត់​វត្តមាន​ទាំងស្រុង​ក្នុង​ទន្លេមេគង្គ​កម្ពុជា​ទៅហើយនោះ ក៏មាន​វាសនា​ក្លាយជា «​ត្រី​នុយ​» នឹង​គេ​ដែរ​។ 
 ឧបករណ៍​លូ​ស្បៃ​មុង​សម្រាប់​ចាប់​កូន​ត្រី​គ្រប់​ប្រភេទ​។ រូបភាព​៖ ឈុត ឈា​ណា​
 
​ក្នុង​រដូវវស្សា​ចាប់ពី​ខែមិថុនា ដល់​ខែតុលា ជា​រៀងរាល់ឆ្នាំ កូន​ត្រី​រាប់រយ​ប្រភេទ និង​រាប់ពាន់​លាន​ក្បាល បានធ្វើ​ចរាចរ​ចុះមក​ខ្សែទឹក​ខាងក្រោម​នៃ​ទន្លេមេគង្គ​។ កូន​ត្រី​ទាំងនោះ បាន​បន្ត​ចូលទៅក្នុង​តំបន់​វាលទំនាប​លិច​ទឹក ជាពិសេស ចូលទៅក្នុង​បឹង​ទន្លេសាប ដើម្បី​លូតលាស់​ធំធាត់​នៅ​ទីនោះ​។ តែ​ជា​អកុសល កូន​ត្រី​ក្នុង​ចំនួន​ដ៏​ច្រើន​លើសលប់ មិនបាន​ទៅដល់​គោលដៅ និង​កូន​ត្រី​ខ្លះ​បាន​ទៅដល់​គោលដៅ​ដែរ តែ​មិនទាន់​នឹង​បាន​ធំធាត់​ផង ក៏ត្រូវ​អ្នកនេសាទ​ចាប់យក​ធ្វើជា «​ត្រី​នុយ​» យ៉ាង​គួរ​ឲ្យ​សោកស្តាយ​ជាទីបំផុត​។ មិនដឹងថា កូន​ត្រី​ចំនួន​ប៉ុន្មាន​សិប​តោន​ក្នុង​មួយថ្ងៃ ដែល​ត្រូវ​ចាប់​ធ្វើជា «​ត្រី​នុយ​» នៅ​ទូទាំងប្រទេស​នោះទេ​។ ប្រសិនបើ​មិនត្រូវ​បាន​ចាប់​ទេ កូន​ត្រី​ទាំងនោះ អាច​នឹង​ក្លាយទៅជា​ត្រី​ពេញវ័យ​តូច​-​ធំ​គ្រប់​ប្រភេទ​តាម​លក្ខណៈ​ធម្មជាតិ​រប​ស់វា​។ បើ​យើង​ធ្វើការ​ប្រៀបធៀប​តម្លៃ «​ត្រី​នុយ​» និង​ត្រី​ធំ​ពេញវ័យ នោះ​រិត​តែ​ធ្វើ​ឲ្យ​យើង​មានការ​សោកស្តាយ​យ៉ាងខ្លាំង​ជាទីបំផុត​។ កូន «​ត្រី​នុយ​» មួយ​គីឡូក្រាម ដែលមាន​កូន​ត្រី​ចម្រុះ​ចំនួន​រាប់ពាន់​ក្បាល ថ្លៃ​តែ ១.០០០ (​មួយ​ពាន់​) ទៅ ១.៥០០ (​មួយ​ពាន់​ប្រាំ​រយ​) រៀល​ប៉ុណ្ណោះ​។ ខណៈ​បើ​ទុក​ឲ្យ​វា​ធំ​ពេញវ័យ តម្លៃ​របស់​វា​នឹង​កើនឡើង​រាប់សិប​ដង ទៅតាម​ប្រភេទ​ត្រី​តូច​-​ធំ​។ 
 

 ​រូបភាព​ខាង​ធ្វេ​ង គឺ​កូន​ត្រី​គល់រាំង ដែល​អ្នកនេសាទ​ចាប់​ដោយ​លូ​ស្បៃ​មុង​សម្រាប់ធ្វើ​ត្រី​នុយ និង​រូបភាព​ខាងស្តាំ គឺ​ត្រី​គល់រាំង​ពេញវ័យ​។ រូបភាព​៖ រូបភាព​៖ ឈុត ឈា​ណា និង បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន​
 
​ដូច្នេះ ប្រសិនបើ​មានការ​ចូលរួម​ពី​អ្នកនេសាទ​ទូទាំងប្រទេស លប់បំបាត់​ឲ្យ​អស់​រាល់​បទល្មើស​នេសាទ​គ្រប់​ប្រភេទ ជាពិសេស ការនេសាទ​ត្រី​កូន​ត្រី​ធ្វើជា «​ត្រី​នុយ​» នោះ​ប្រទេស​កម្ពុជា នឹងមិន​ខ្វះ​ត្រី​ទេ សម្បូរ​ខ្លាំងណាស់​។ ដូច្នេះ ជាការ​ជាក់ស្តែង មនុស្ស​ទេ​ដែល​ចាប់​កូន​ត្រី​ឆ្តោ ឲ្យ​ត្រី​ឆ្តោ​ស៊ី តាមរយៈ «​ត្រី​នុយ​» នេះ​។ តាមពិត ទឡ្ហី​ករ​ខាងលើ មិន​គ្រប់​ជ្រុងជ្រោយ​ទាំងស្រុង​នោះទេ គ្រាន់តែ​ចង់បង្ហាញ​ថា ភាគច្រើន មនុស្ស​ទេ​ដែលជា​អ្នក​ចាប់​កូន​ត្រី​ឆ្តោ​ឲ្យ​ត្រី​ឆ្តោ​ស៊ី ច្រើនជាង​ត្រី​ឆ្តោ​ស៊ី​កូន​របស់​វា​ដោយ​ខ្លួនឯង​។ 


 កូន​ត្រី​ចម្រុះ​គ្រប់​ប្រភេទ ចាប់​ដោយ​ឧបករណ៍​លូ​ស្បៃ​មុង ដែល​នឹង​ក្លាយទៅជា «​ត្រី​នុយ​»​។  ​រូបភាព​៖ ឈុត ឈា​ណា​
 
​ក្នុង​ប្រ​ភ​ទេស​កម្ពុជា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយមាន​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ ការទន្ទ្រាន​កាប់ឆ្ការ ដុតបំផ្លាញ​ព្រៃ​លិច​ទឹក ដើម្បី​យក​ធ្វើជា​ដី​កសិកម្ម ការនេសាទ​ហួស​កម្រិត ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​គ្រប់​ប្រភេទ​នៅក្នុង​បឹង​ទន្លេសាប ជាពិសេស​ក្នុង​រដូវ​ត្រី​ពង​-​កូន និង​ធំធាត់ បានធ្វើ​ឲ្យ​មច្ឆជាតិ​គ្រប់​ប្រភេទ មាន​និន្នាការ​ធ្លាក់​យ៉ាងខ្លាំង និង​មាន​ប្រភេទ​ខ្លះ ឈានទៅ​ផុត​ពូជ​តែម្តង​៕


 

 

 

© រក្សាសិទ្ធិដោយ thmeythmey.com