ជាតិ
សង្គមជាតិ
សុ​ផានិត អាយុ​១៥​ឆ្នាំ​ចាប់អារម្មណ៍​ជំនាញ​គូរគំនូរ​
01, Sep 2018 , 8:30 pm        
រូបភាព
​សៀមរាប​៖​គង់ សុ​ផានិត ជា​កុមារា​មួយរូប ដែល​ស្រឡាញ់ និង​មាន​និស្ស័យ នឹង​ការ​គូរគំនូរ​។ បច្ចុប្បន្ន សុ​ផានិត មានលទ្ធភាព​គូរគំនូរ ដែល​អាចដាក់​លក់​លើ​ទីផ្សារ និង​អាច​រក​ចំណូល សម្រាប់​ផ្គត់ផ្គង់​ការសិក្សា​ដោយ​ខ្លួនឯងបាន​ផងដែរ​។​

 
​សុ​ផានិត ជាជាង​គំនូរ​មួយរូប​ដែល​គូរ​លក់​នៅក្នុង​ផ្សារ ផលិតផល​កម្ពុជា ដែល​ស្ថិតក្នុង​បរិវេណ ឃី​ង​ស៍​រ៉ូ​ដ អង្គរ​។ សុ​ផានិត ប្រាប់ថា​គេ​ទើប​រៀន​គូរគំនូរ​នេះ​រយៈពេល​៣​ខែ ហើយក៏​បាន​ចេះ​គូរគំនូរ​ខ្នាតតូចៗ មានដូចជា​រូប​ដំរី ផ្ទះ​លិច​ទឹក និង​រូប​អង្គរវត្ត​។​
 
 
​បច្ចុប្បន្ន សុ​ផានិត អាយុ​១៥​ឆ្នាំ និង​រៀន​ថ្នាក់​ទី​១០ មាន​និស្ស័យ​ផ្នែក​គំនូរ​នេះ​តាំងពី​នៅ​អាយុ​១០​ឆ្នាំ​មក​ម្លេះ​។ កុមារា​នេះ​បាន​បញ្ជាក់ថា ក្នុង​មួយថ្ងៃ​គេ​អាច​គូរគំនូរ​ទំហំ​២០​គុណ​២៥ បាន​ចំនួន ៤​ទៅ​៥​ផ្ទាំង ដែល​អាច​លក់បាន​ក្នុងតម្លៃ​មួយ​ផ្ទាំង​ចំនួន ៧​ដុល្លារ​។ ឳ​ពុក​ម្តាយ​របស់ សុ​ផានិត ជា​អ្នកលក់ដូរ និង​គ្មាន​ចំណេះដឹង​ផ្នែក​គំនូរ​ឡើយ គឺ​មានតែ​រូបគេ និង​ប្អូនស្រី​ម្នាក់​តែប៉ុណ្ណោះ​ដែល​ចាប់អារម្មណ៍​នឹង​ការងារ​នេះ​។​
 
​ទៅ​ថ្ងៃ​ខាងមុខ សុ​ផានិត ចង់​ក្លាយជា​ជាងគំនូរ​មួយរូប ប៉ុន្តែ​បញ្ជាក់ថា​ចង់​រៀន​ផ្នែក វិស្វកម្ម​សំណង់​ស៊ីវិល ដែលជា​ក្ដី​ស្រ​ម៉ៃ​របស់គេ​៕
 






© រក្សាសិទ្ធិដោយ thmeythmey.com