ជាតិ
សង្គមជាតិ
ជាង​២​ឆ្នាំ​ក្នុង​ពន្ធនាគារ អ្នកស្រី ទេព វ​ន្នី ចាក់​កន្សែង អាវ និង​កាបូបដៃ ដើម្បី​បន្លប់​ការ​នឹក​គ្រួសារ​
01, Sep 2018 , 9:30 pm        
រូបភាព
Front រូបពីហ្វេសប៊ុកអ្នកស្រី ទេព វន្នី ដែលបង្ហាញពីការចាក់កាបូប មួក និងអាវ
Front រូបពីហ្វេសប៊ុកអ្នកស្រី ទេព វន្នី ដែលបង្ហាញពីការចាក់កាបូប មួក និងអាវ
ដោយ:
ភ្នំពេញ​៖ ក្រោយ​ជាប់ពន្ធនាគារ​ជាង​២​ឆ្នាំ អ្នកស្រី ទេព វ​ន្នី បាន​បន្សល់​នូវ វត្ថុ​អនុស្សាវរីយ៍​ជាច្រើន ដែល​ធ្វើ​ចេញពី​អំបោះ និង​ចាក់​ដោយ​ដៃ​។ សម្ភារ​ទាំងនោះ​មានដូចជា កាបូប មួក កន្សែង​បង់ករ កន្សែង​ពានា និង​អាវ​ជាដើម​។ អ្នកស្រី គ្រោងទុក​សម្រាប់​ជូន​ដល់​បុគ្គល​សំខាន់ៗ ដែល​អ្នកស្រី​គោរព ស្រលាញ់ ហើយក៏​ដើម្បី​ទុក​សម្រាប់​រំឭក​ដល់ រឿងរ៉ាវ​ដែល​កញ្ញា​បាន​ជួបប្រទះ​នៅក្នុង​ពន្ធនាគារ​។​

 
​រស់នៅ​ជាង​២​ឆ្នាំ ក្នុង​បន្ទប់​ដែលមាន​ទំហំ​ប្រមាណ ៥​គុណ​១៦​ម៉ែត្រ មាន​គ្នា​១៣២​នាក់ អ្នកស្រី ទេព វ​ន្នី បានសម្រេច​ចិត្ត​ជ្រើសរើស​ការចាក់​សម្ភារ​ប្រើប្រាស់​ដើម្បី​បំភ្លេច​នូវ​ទុក្ខ​កង្វល់ និង​ការ​នឹករឭក ដល់​ឪពុក ម្ដាយ​ចាស់ ព្រមទាំង​កូន​។ សម្ភារ​ដែល​អ្នកស្រី​ចាក់​ចេញពី​អំបោះ​ដែល​លក់​ក្នុង​ពន្ធនាគារ​មានដូចជា កាបូប មួក កន្សែង​បង់ក កន្សែង​ពានារ និង​អាវ​ជាដើម​។​
 
 
​រាល់​សម្ភារ​ទាំងនេះ គឺ​អ្នកស្រី ទេព វ​ន្នី មិន​ចង់​យកទៅលក់​នៅទីណា​ឡើយ តែ​អ្នកស្រី​ចង់ទុក​ធ្វើជា​វត្ថុ​អនុស្សាវរីយ៍ និង​សម្រាប់​ជូនទៅ​បុគ្គល​ដែល​អ្នកស្រី​គោរព ស្រលាញ់​។ ការចាក់​អំបោះ​ប្រភេទ​ម្ជុល​មួយ​នេះ អ្នកស្រី​ចំណាយពេល​ទាំងស្រុង​ដើម្បី​ចាក់ លើកលែងតែ​ពេលបាយ និង​ពេលយប់​តែប៉ុណ្ណោះ​។​
 
​អ្នកស្រី ទេព វ​ន្នី បញ្ជាក់ថា​៖ «​ពេញ​មួយថ្ងៃ​ខ្ញុំ​មិន​ចេញទៅ​ណា​ទេ ខ្ញុំ​នៅតែ​ក្នុង​បន្ទប់​ពន្ធនាគារ អង្គុយ​ចាក់​កាបូប អាវ​កន្សែង​។ ខ្ញុំ​សម្រាក​តែ​ពេលបាយ បាយ​ហើយ​ខ្ញុំ​ក៏​អង្គុយ​ចាក់​វិញ​ភ្លាម ហើយ​យប់​ខ្លះ​ខ្ញុំ​ចាក់​ដល់​ម៉ោង​១២ ឬ​ម៉ោង​១​អី​ណោះ ពេលខ្លះ​ក៏​ភ្ជា​ក់​តាំងពី​ម៉ោង​៥ ហើយ​អង្គុយ​ចាក់​ទៅ​»​។​
 
 
​អ្នកស្រី ទេព វ​ន្នី បានចាត់ទុក​ការចាក់​សម្ភារ​ប្រើប្រាស់​នេះ ដូចជា​ការធ្វើ​សមាធិ ដែល​អាចធ្វើ​ឲ្យ​អ្នកស្រី មិនសូវ​គិត​ច្រើន និង​កាត់បន្ថយ​ការព្រួយបារម្ភ​ពី​អ្នកផ្ទះ​។ មិនតែប៉ុណ្ណោះ​អ្នកស្រី​ក៏បាន​ជួយ​បង្រៀន​អ្នកទោស​មួយចំនួន​ដែល​ចង់​ចេះ​ចាក់​អំបោះ​នេះ ឲ្យ​បាន​ចេះ​ដូច​អ្នកស្រី​ដែរ​។​
 
​អ្នកស្រី ទេព វ​ន្នី ត្រូវបាន​ឃុំខ្លួន​កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦ និង​ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​ឲ្យ​លើកលែងទោស នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨​។ បន្ទាប់ពី​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ ៥​ថ្ងៃ ពីបទ​ហិង្សារ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​លើ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាលាខណ្ឌ​ដូនពេញ កាលពី​ឆ្នាំ​២០១៣​។ អ្នកស្រី​ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំកន្លះ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៥​លាន​រៀល​ចូល​រដ្ឋ និង​៩​លាន​រៀល​សង​ទៅកាន់​អាជ្ញាធរ​រងរបួស​៕
















Tag:
 សង្គម​
 ​ ទំនាស់​ដីធ្លី​
 ​ ទេព​វ​ន្នី
© រក្សាសិទ្ធិដោយ thmeythmey.com