ជាតិ
សង្គមជាតិ
របាយការណ៍៖ កំណើនប្រជាពលរដ្ឋកម្ពុជានឹងកើនឡើងដល់២២លាននាក់គិតត្រឹមឆ្នាំ២០៥០
× ភ្នំពេញ៖ របាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ PRB បានព្យាករណ៍ថា នៅពាក់កណ្តាលឆ្នាំ២០៣០ ចំនួនប្រជាពលរដ្ឋកម្ពុជាសរុបនឹងកើនឡើង ដល់១៨.៨លាននាក់ និងនៅឆ្នាំ២០៥០ នឹងមានចំនួន២២លាននាក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិ AKP។
តាមការប៉ាន់ស្មាននៅឆ្នាំ២០៥០ ប្រជាពលកម្ពុជាដែលមានអាយុក្រោមអាយុ១៥ឆ្នាំ មាន២២ភាគរយ និងប្រជាជនដែលមានអាយុចាប់ពី៦៥ឆ្នាំ មានចំនួន១២ភាគរយ។ លោកស្រី Charlotte Greenbaum អ្នកវិភាគគោលនយោបាយរបស់ PRB បានផ្ដល់បទសម្ភាសដល់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)ថា ៖«សម្រាប់ប្រទេសកម្ពុជា អត្រាសមាមាត្រកុមារនៅឆ្នាំ ២០៥០ មានចំនួន ៣៣ភាគរយ ហើយអត្រា សមាមាត្រមនុស្សពេញវ័យ មានចំនួន១៨ភាគរយ»។
បច្ចុប្បន្ននេះ ប្រជាពលកម្ពុជាសរុបមានប្រមាណ ១៦លាននាក់ ដែលមានអត្រាកំណើតថ្មីចំនួន២៣នាក់ និងអត្រាស្លាប់ចំនួន៦នាក់ ក្នុង ចំណោមប្រជាជន១.០០០នាក់។ ចំណែកអត្រាមរណភាពទារកមានចំនួន២៤ នាក់ និងអត្រានៃការ មានកូនសរុបមាន ២.៦នាក់។
ប្រជាពលរដ្ឋនៅលើពិភពលោកនឹងកើនឡើងដល់ ៩.៩ពាន់ លាននាក់ គិតត្រឹមឆ្នាំ ២០៥០ ពោលគឺកើនឡើង ២.៣ពាន់លាននាក់ ឬស្មើនឹង២៩ភាគរយ នៃ ចំនួនប្រជាជនប្រមាណ៧.៦ពាន់លាននាក់ នាពេលបច្ចុប្បន្ននេះ។
ក្នុងរបាយការណ៍ដដែលបានបន្ដទៀតថា ប្រទេសព្រុយណេ នៅពាក់កណ្តាលឆ្នាំ២០៣០ និងឆ្នាំ២០៥០ ប្រជាជននឹងមានអត្រាថេរ ០.៥លាននាក់។ ប្រទេសឥណ្ឌូណេស៊ីមានចំនួន២៩៣.៩លាននាក់ ទៅ៣១៩.៧លាននាក់, ប្រទេសឡាវ មានចំនួន៨លាននាក់ ទៅ៩.២លាននាក់, ប្រទេសម៉ាឡេស៊ីមានចំនួន៣៦.៨លាននាក់ ទៅ៤១.៧ លាននាក់ ,ប្រទេសមីយ៉ាន់ម៉ាមានចំនួន ៥៨.៩លាននាក់ ទៅ៦២.៤លាននាក់ ,ប្រទេសហ្វីលីពីន មានចំនួន១២៦លាននាក់ ទៅ១៥២លាននាក់, ប្រទេសសិង្ហបុរីមានចំនួន ៦.១លាននាក់ ឬ៦លាននាក់, ប្រទេសថៃ មានចំនួន៦៦.៧លាននាក់ ឬ៦២.៦លាននាក់ និងប្រទេសវៀតណាមមានចំនួន ១០៣.២លាននាក់ ទៅ១០៨.២លាននាក់។ នេះបើតាមAKP៕
Tag:
កំណើនប្រជាជន
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com