សៀមរាប៖ គម្រោងអប់រំបេតិកភណ្ឌ ជាគម្រោងសហការរវាងអាជ្ញាធរអប្សរា និងអង្គការគាំពារកេរមរតក ដែលបានចាប់ផ្តើមអនុវត្តនៅក្នុងតំបន់អង្គរក្នុងឆ្នាំ២០១៨នេះ។ គម្រោងនេះបានជ្រើសរើសក្មេងៗនៅតាមសាលាគោលដៅក្នុងតំបន់អង្គរ ឱ្យចូលរៀន នៅថ្នាក់បឋមសិក្សា (ថ្នាក់ទី៥ និង ទី៦) និងនៅកម្រិតវិទ្យាល័យ (ថ្នាក់ទី១០ និងទី១១) ដើម្បីឱ្យពួកគេយល់ពីអ្វីជាបេតិកភណ្ឌ និងស្វែងយល់ពីតម្លៃបេតិកភណ្ឌនៅជុំវិញពួកគេ។ ក្រៅពីនេះ គោលបំណងនៃគម្រោងនេះ គឺដើម្បីឱ្យក្មេងៗដែលជាយុវជនជំនាន់ក្រោយស្រឡាញ់ និងយល់តម្លៃបេតិកភណ្ឌដែលជាមរតកជាតិដ៏មានសារសំខាន់ ក៏ដូចជា បង្ហាញពីលទ្ធផលនៃការស្រាវជ្រាវថ្មីៗដែលអ្នកស្រាវជ្រាវទើបនឹងបានរកឃើញផងដែរ។
សូមស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ពីខេត្តសៀមរាប ដូចតទៅ៖
គម្រោងអប់រំបេតិកភណ្ឌ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងអាជ្ញាធរអប្សរា និងអង្គការគាំពារកេរមរតក ដែលជាស្ថាប័នអន្ដរជាតិ ធ្វើការងារលើកស្ទួយតម្លៃបេតិកភណ្ឌ។ សម្រាប់តំបន់អង្គរ គម្រោងនេះ បានផ្តើមអនុវត្តសាកល្បងនៅឆ្នាំ២០១៨ តាមសាលាគោលដៅមួយចំនួន រួមមានសាលាបឋមសិក្សាស្រះស្រង់ និងវិទ្យាល័យនគរធំ ដែលសុទ្ធសឹងជាសាលាស្ថិតក្នុងបរិវេណរមណីយដ្ឋានអង្គរ។
នៅថ្ងៃទី២៣ សីហាកន្លងទៅថ្មីៗនេះ ពិធីបញ្ចប់វគ្គទី១ សម្រាប់សិស្សថ្នាក់ទី៥ ត្រូវបានប្រារព្ធធ្វើនៅបរិវេណសាលាបឋមសិក្សាស្រះស្រង់។ មានសិស្សចំនួន ៦០នាក់ ដែលទទួលបានការបណ្ដុះបណ្តាលអប់រំបេតិកភណ្ឌតាំងពីខែ ឧសភា រហូតដល់ខែ សីហា។
លោក អ៊ុន មុណីនីតា នាយកអង្គការគាំពារកេរមរតកប្រចាំកម្ពុជា បានឱ្យដឹងថា ពិធីនេះមិនមែនមានន័យថា ការអប់រំត្រូវបានបញ្ចប់ទេ តែជាការផ្តើមយកចំណេះដឹងដែលពួកគេបានរៀនរយៈពេល ៤ខែ យកទៅអនុវត្តក្នុងមូលដ្ឋានពួកគេ។ សិស្សានុសិស្សទាំង៦០នាក់ និងបន្តកម្រិត២ នៅឆ្នាំក្រោយពេលពួកគេចូលរៀនថ្នាក់ទី៦។
កុមារជាអ្នកស្នងមរតកដូនតា ហើយគ្មានអ្នកណាក្រៅពីពួកគេទេ ដូច្នេះចាំបាច់ត្រូវតែបណ្ដុះបណ្តាលពួកគេចាប់ពីតូចៗទៅ។ ពួកគេត្រូវប្រឹងរៀន ប្រឹងស្គាល់ពីមរតកដូនតា ដែលបានបន្សល់ឱ្យពួកគេ ដើម្បីរក្សាតម្លៃដ៏វិសេសវិសាលនេះតទៅកូនចៅជំនាន់ក្រោយៗទៀត។ នេះជាការលើកឡើងរបស់លោក មុណីនីតា។
ដូចបានជម្រាបពីដើមដូច្នោះដែរ សិស្សនៅថ្នាក់បឋមសិក្សានៅថ្នាក់ទី៥ និងទី៦ ទទួលបានការបណ្ដុះបណ្តាលក្នុងគម្រោងអប់រំបេតិកភណ្ឌនេះ ដោយក្នុងមួយសប្ដាហ៍ពួកគេរៀនតែមួយម៉ោងប៉ុណ្ណោនៅថ្ងៃព្រហស្បតិ៍ ពួកគេនឹងបន្តទទួលបានការអប់រំនេះនៅថ្នាក់ទី៦មួយឆ្នាំទៀត។ នេះជាមូលដ្ឋានគ្រឹះផ្នែកបេតិកភណ្ឌ ពេលពួកគេឡើងទៅរៀននៅថ្នាក់អនុវិទ្យាល័យ។ ដោយសារជាឆ្នាំសាកល្បង ដូច្នេះពួកគេទទួលបានការអប់រំនេះត្រឹមរយៈពេល៤ខែប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំក្រោយទៅ ពួកគេនឹងទទួលបានការអប់រំនេះរយៈពេលពី៧ ទៅ៨ខែ ទៅតាមគោលការណ៍នៃគម្រោង។
អនុប្រធានគម្រោងអប់រំបេតិកភណ្ឌ លោក អ៊ឹម សុខរិទ្ធី បានពន្យល់ថា គម្រោងអប់រំបេតិកភណ្ឌក្នុងតំបន់អង្គរនេះ មិនមែនជារឿងថ្មីទេ គឺវាបានចាប់ផ្តើមតាំងពីឆ្នាំ២០០៧មក ដែលដំបូងគេបានដំណើរការនៅសាលាបឋមសិក្សាបន្ទាយឆ្មារ នៅខេត្តបន្ទាយមានជ័យ ហើយឆ្នាំ២០១៨នេះដោយមើលឃើញពីតម្រូវការ និងអត្ថប្រយោជន៍របស់វា គម្រោងនេះបានបង្វែរគោលដៅមកដល់តំបន់អង្គរ។ លោកបានប្រាប់ពីហេតុផលលម្អិត និងគោលបំណងនៃការអប់រំបេតិកភណ្ឌនេះយ៉ាងដូច្នេះថា៖ «ធម្មតាការស្រាវជ្រាវផ្សេងៗគេបានចងក្រងជាឯកសារ ឬការផ្សព្វផ្សាយតាមប្រព័ន្ធផ្សេងៗ តែសម្រាប់យើង ចង់យកការបណ្ដុះបណ្តាលនេះដើម្បីផ្សព្វផ្សាយ»។
បន្ថែមពីនេះ គម្រោងអប់រំបេតិកភណ្ឌក៏ចង់បង្រៀនពីវិធីសាស្ដ្រនៃការស្រាវជ្រាវផ្សេងៗឱ្យទៅក្មេងៗសិស្សានុសិស្សនៅថ្នាក់វិទ្យាល័យ ដោយឱ្យពួកគេចាប់ផ្តើមបន្ដិចម្ដងៗ ឬជាមូលដ្ឋាននៃការសិក្សាស្រាវជ្រាវដោយខ្លួនឯង។ លោក អ៊ឹម សុខរិទ្ធី ពន្យល់ថា ការបង្រៀននេះគឺត្រូវបានគេបង្រៀននៅតាមសាលានៅប្រទេសមួយចំនួនហើយ តែសម្រាប់ការកម្ពុជាជាការបណ្ដុះបណ្តាលមួយផ្នែកដើម្បីកុំឱ្យគំលាតអប់រំឆ្ងាយពីប្រទេសទាំងនោះពេក។
នាយកអង្គការគាំពារកេរមរតក លោកស្រី ជយ ហាណាន់ ក្លាក មានប្រសាសន៍ក្នុងពិធីបិទវគ្គកម្រិត១នៃសិស្សសាលាបឋមសិក្សាស្រះស្រង់ថា អ្វីដែលអង្គការនេះធ្វើមិនមែនត្រឹមតែលើប្រាសាទតែមួយមុខទេ តែទាក់ទងនឹងមរតកវប្បធម៌ទាំងឡាយ ទាំងលើគោក និងក្រោមដី ទាំងព្រៃឈើ ទាំងទឹកជាដើម ក្នុងនោះក៏មានការអប់រំពីកុលាលភាជន៍ផងដែរ ដើម្បីជំរុញឱ្យអ្នកជំនាន់ក្រោយបានដឹង និងស្គាល់។
ទាក់ទងនឹងការងារអប់រំបេតិកភណ្ឌនេះ ជាការងារយូរអង្វែង ហើយមិនមែនជាការងារមួយថ្ងៃអាចធ្វើបាននោះទេ។ លោកស្រីនាយកអង្គការគាំពារកេរមរតក ពន្យល់ថា គេទាមទារធ្វើជាប្រចាំដើម្បីជាគុណប្រយោជន៍ការងារទៅថ្ងៃមុខ។ គេចាំបាច់ត្រូវតែចាប់ដៃគ្នា ដើម្បីថែរក្សាការពារមរតកទាំងនេះ មិនមែនសម្រាប់គ្រួសារយើងទេ តែសម្រាប់សង្គមជាតិទាំងមូល។
ទៅថ្ងៃខាងមុខ គម្រោងអប់រំបេតិកភណ្ឌ គ្រោងពង្រីកវិសាលភាពនៃការអប់រំនេះទៅតំបន់ផ្សេងទៀតក្រៅពីតំបន់ស្រះស្រង់។ នៅឆ្នាំក្រោយ គម្រោងនឹងចាប់ផ្តើមរំកិលខ្លួនទៅកាន់តំបន់រលួស បាគង ដែលជាតំបន់បេតិកភណ្ឌដ៏សំខាន់មួយក្នុងរមណីដ្ឋានអង្គរ៕