ចិន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ជិត​៣០០​កន្លែង​
ជាតិ
សង្គមជាតិ
ចិន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ជិត​៣០០​កន្លែង​
02, Sep 2018 , 5:19 pm        
រូបភាព
​វិទ្យាស្ថាន  Beijing Educaton Institute for international exchanges(BEIIE) នៃ​ប្រទេស​ចិន បានផ្តល់​អាហារូបករណ៍​ចំនួន ២៧៥ កន្លែង សម្រាប់​សិស្ស​-​និស្សិត​កម្ពុជា លើ​ជំនាញ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។ នេះ​បើតាម​សេចក្តីប្រកាស​ជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។


​ក្រសួង​ការងារ បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាសថា ចិន​នឹង​ផ្តល់​អាហារូបករណ៍​ចំនួន ២៧៥​កន្លែង សម្រាប់​សិស្ស​-​និស្សិត សិក្សា​លើ​ជំនាញ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ រយៈពេល​៣​ឆ្នាំ​។ សម្រាប់​ថ្លៃ​ការសិក្សា ចិន​ទទួល​រ៉ាប់រង ។​ចំណែក​ការ​ស្នាក់នៅ និង​ការចំណាយ​ផ្សេងៗ ជា​បន្ទុក​របស់​សាមីខ្លួន​។ 
 
​លក្ខខណ្ឌ​នៃ​ការជ្រើសរើស  បេក្ខជន​ត្រូវមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ មានចំណេះដឹង​ផ្នែក​ភាសា​ចិន និង​អង់គ្លេស ដែល​ក្នុងនោះ​ជា​សិស្ស​ជាប់ ឬ​ធ្លាក់​សញ្ញាបត្រ​ទ​ទុតិយភូមិ​។ ចំពោះ​ឯកសារ​ដែល​ត្រូវបំពេញ​រួមមាន​លិខិតឆ្លងដែន​, ព្រឹត្តិបត្រ​ពិន្ទុ​,​លិខិតបញ្ជាក់​សុខភាព​, លិខិត​ថ្កោលទោស និង​សញ្ញាបត្រ​បាក់​ឌុប​ជា បកប្រែ​ជា​ភាសា​អង់គ្លេស​ផងដែរ​។ 
 
​សម្រាប់​សិស្ស​-​និស្សិត ដែលមាន​បំណង​ចង់ ចូលរួម​កម្មវិធី​អាហារូបករណ៍​នេះ អាច​ទំនាក់ទំនង​មកកាន់​ការិយាល័យ ទំនាក់ទំនង និង​អាហារូបករណ៍ នៃ​គ្រឹះស្ថាន​នាយកដ្ឋាន​គ្រប់គ្រង ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ឲ្យ​បាន​មុន​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨៕ 
 
​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​ទៅ​ទូរស័ព្ទ​លេខ ០១៥ ៦៨៨ ៤៤៧ ឬ ០១៧ ៩៤៣ ៨២៤ និង​តាមរយៈ​សារ​អេឡិចត្រូនិក  [email protected]៕  
 
 

Tag:
 ចិន​
 ​ អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com