ជាតិ
នយោបាយជាតិ
តុលាការកោះហៅលោក វ៉ន ពៅ ឲ្យចូលបំភ្លឺ ក្នុងករណីលោក កឹម សុខា រូបពីហ្វេសប៊ុកលោក វ៉ន ពៅ
× ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធិ កោះហៅលោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ចូលបំភ្លឺជុំវិញករណីលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងបទចោទសន្និដ្ឋិភាពជាមួយបរទេស នៅថ្ងៃទី១០ កញ្ញាខាងមុខ។ នេះបើតាមដីកាកោះហៅ ចុះថ្ងៃទី២៨ សីហា។
លោក វ៉ន ពៅ ដែលទទួលបានព័ត៌មាននេះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា លោក នឹងចូលទៅបំភ្លឺចំពោះមុខចៅក្រមស៊ើបសួរតាមកាលកំណត់។ «យើងនឹងចូលបំភ្លឺ។ ប៉ុន្តែយើងយល់ឃើញថា ការកោះហៅយើងទៅបំភ្លឺនេះ វាជាការរំខានអារម្មណ៍ និងជាការដាក់សម្ពាធផ្លូវចិត្តមួយដល់យើង ដែលមិនចង់ពាក់ព័ន្ធនឹងករណីនយោបាយទៀត»។ នេះជាការបញ្ជាក់របស់លោក វ៉ន ពៅ។
គិតត្រឹមថ្ងៃទី៣ កញ្ញានេះ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការឃុំខ្លួនរយៈពេល១ឆ្នាំហើយ ពាក់ព័ន្ធនឹងករណីឃុបឃិតជាមួយបរទេស។ បទចោទលោក កឹម សុខា កំពុងស្ថិតនៅក្នុងនីតិវិធីស៊ើបអង្កេតរបស់តុលាការ។
កាលពីពេលថ្មីៗនេះចៅក្រមស៊ើបសួរ ក៏បានសម្រេចពន្យាពេល៦ខែទៀតជាលើកទី២ ដើម្បីបន្តការស៊ើបសួរបន្ថែមពីរឿងក្តីរបស់លោក កឹម សុខា មុននឹងតុលាការអាចធ្វើសេចក្តីសម្រេច ឬចេញដីកាដំណោះស្រាយ។ ជាទូទៅ ដីកាដំណោះស្រាយ តែងមានការសម្រេចពីរយ៉ាង គឺបិទការស៊ើបសួរ ហើយបញ្ជូនសំណុំរឿងទៅជំនុំជម្រះ ឬក៏ដោះលែងជនត្រូវចោទ (លោក កឹម សុខា) ឲ្យនៅក្រៅឃុំ។ នេះបើតាមមេធាវីលោក កឹម សុខា៕
© រក្សាសិទ្ធិដោយ thmeythmey.com