ស្ពាន​ឆ្លង​ទន្លេសេកុង​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ បាន​បាក់ស្រុត ដោយសារ​ទឹកជំនន់​
ជាតិ
ស្ពាន​ឆ្លង​ទន្លេសេកុង​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ បាន​បាក់ស្រុត ដោយសារ​ទឹកជំនន់​
03, Sep 2018 , 3:28 pm        
រូបភាព
ប្រភព៖ ហ្វេសប៊ុក លោក Kanharith Khieu
ប្រភព៖ ហ្វេសប៊ុក លោក Kanharith Khieu
 ​ស្ទឹងត្រែង​៖ ស្ពាន​ឆ្លង​ទន្លេសេកុង (​ហៅ​ស្ពាន​អូរ​គួ​ក​) ដែល​ស្ថិតនៅ​ខេត្តស្ទឹងត្រែង បាន​បាក់ស្រុត​ផ្នែក​ខាង​ក្បាលស្ពាន ដោយសារតែ​កម្ពស់​ទឹក​ហក់​ឡើង​។ ស្ពាន​នេះ ទើប​សាងសង​រួច ដោយ​កងកម្លាំង​វិស្វកម្ម សម្រាប់​ឆ្លងទៅ​កាន់​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ​។​



​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ស្ទឹងត្រែង​លោក ម៉ែន គ​ង្ស បាន​និយាយថា ការបាក់​ស្រុត​នៃ​ក្បាលស្ពាន​អូរ​គួ​ក​នេះ បណ្ដាលមកពី​ជំនន់​ទឹកទន្លេ​សេកុង​បាន​ហូរ​មក​ខ្លាំង ធ្វើ​ឲ្យ​បាក់​ដី​ផ្នែក​ខាងក្រោម ហើយ​គួបផ្សំ​និង​ការ​ធ្លាក់ភ្លៀង​ខ្លាំង​ហូរ​ច្រោះ​នៅ​ខាង​ក្បាលស្ពាន​ទៀត​នោះ ទើប​បណ្ដាល​ឲ្យ​បាក់​ដី​ផ្នែក​ខាងលើ ដែល​នាំ​ឲ្យ​ខូចខាត​ស្ពាន​នេះ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ស្ទឹងត្រែង​រូបនេះ បាន​បន្ថែមថា​៖« ស្ពាន​ឆ្លង​ទន្លេសេកុង​ខេត្តស្ទឹងត្រែង​ដែល​បាន​បាក់ស្រុត ពេលនេះ​កម្លាំង​ជំនាញ​វិស្វកម្ម​កំពុងតែ​ពិភាក្សា និង​វាយតម្លៃ​នៅតាម​គ្រឹះ​និង​សសរ​ផ្សេងៗ​ទៀត ដោយ​មិនទាន់បាន​សន្និដ្ឋានបាន​នៅឡើយ​ទេ​ថា នឹងត្រូវ​ជួសជុល​ទាំងស្រុង ឬ​កម្រិត​ណាមួយ​»​។​
 
​ស្ពាន​អូរ​គួ​ក​នេះ ស្ថិតនៅ​ផ្នែក​ខាងលើ​តាម​ខ្សែបណ្ដោយ​ទឹកទន្លេ​សេកុង នៃ​ស្រុក​សៀង​ប៉ាង ជិត​ព្រំដែន​ឡាវ​។ ស្ពាន​នេះ​ទើបតែ​សាងសង​រួចរាល់ ហើយក៏​មិនទាន់​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅឡើយ​ទេ​។ នេះ​បើតាម​លោក ម៉ែន គ​ង្ស​៕
 






Tag:
 ស្ពាន​អូរ​គួ​ក​
 ​ម៉ែន គ​ង្ស
© រក្សាសិទ្ធិដោយ thmeythmey.com