អន្តរជាតិ
លោក ឌូ​ទើ​តេ សុំទោស​លោក អូ​បា​ម៉ា ចំពោះ​ការជេរប្រមាថ​កាលពីរ​ឆ្នាំមុន​
03, Sep 2018 , 9:59 pm        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ថ្ងៃទី​២ ខែកញ្ញា បាន​ចេញមុខ​សុំទោស​អតីត​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ជុំវិញ​ការប្រើប្រាស់​ពាក្យ​អសុរោះ​កាលពី​ឆ្នាំ​២០១៦ ។ កាលនោះ លោក អូ​បា​ម៉ា បានបង្ហាញ​ជំហរ​លើកឡើង​ករណី​សិទ្ធិមនុស្ស​នៅ​ហ្វីលីពីន​ដែល​ធ្លាក់ចុះ​ខ្លាំង​ក្នុង​សង្គ្រាម​គ្រឿងញៀន​ក្នុងជំនួប​ជាមួយ​លោក ឌូ​ទើ​តេ នៅ​ឡាវ​។ ការអធិប្បាយ​របស់លោក អូ​បា​ម៉ា ធ្វើ​ឲ្យ​លោក ឌូ​ទើ​តេ ក្ដៅស្លឹកត្រចៀក​ខ្លាំង ហើយក៏​ប្រើពាក្យ​មិន​សមរម្យ​តប​វិញ​តែម្ដង​។​

 
​ចំពោះមុខ​ប្រជាជន​ហ្វីលីពីន​នៅ​ទឹកដី​អ៊ីស្រាអែល លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានប្រកាស​សុំទោស​អតីត​ប្រធាន​ធិបតី​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ជា​សាធារណៈ​។ មិន​ត្រឹម​សុំទោស​ឡើយ លោក ឌូ​ទើ​តេ ថែមទាំង​ប្រកាស​អត់ឱន​ឲ្យ​លោក អូ​បា​ម៉ា ទៀតផង​ជុំវិញ​ការរិះគន់​លោក​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ដែល​សម្លាប់​មនុស្ស​ជាច្រើន​ពាន់​នាក់ ហើយ​ធ្វើ​ឲ្យ​លោក ឌូ​ទើ​តេ រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ទៀតផង​។​
 
​ផ្ដើមចេញពី​សម្ដី​របស់​លោក អូ​បា​ម៉ា នោះ​ហើយ ដែល​ធ្វើ​ឲ្យ​លោក ឌូ​ទើ​តេ ទ្រាំ​មិនបាន ហើយក៏​ពន្លះ​លោក អូ​បា​ម៉ា វិញ​។ គេ​អាច​ចាំបាន​ថា ប្រធានាធិបតី​ដែលមាន​រហស្សនាម​មេដឹកនាំ​មាត់​អត់​គម្រប​របស់​ហ្វីលីពីន បាន​ហៅ​អតីត​ប្រធានាធិបតី​អាមេរិក​ជា កូនស្រី​សំផឹង តែម្ដងទៅ ហើយ​ប្រាប់​ឲ្យ​លោក អូ​បា​ម៉ា គោរព​លោក​ផង​។ ក្រោយ​លោក អូ​បា​ម៉ា ចប់​អាណត្តិ​ទៅ មេដឹកនាំ​ហ្វីលីពីន​រូបនេះ​បាន​សុំទោស​ជា​ចំហ​។​
 
«​វា​ជា​រឿង​សក្តិសម​ដែល​ត្រូវ​និយាយ​ពេលនេះ ព្រោះ​លោក អូ​បា​ម៉ា ក្លាយជា​ជន​ស៊ីវិល​ហើយ​។ ខ្ញុំ​សុំទោស​ចំពោះ​ពាក្យ​មិន​សមរម្យ​ទាំងនោះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ឌូ​ទើ​តេ នៅ​ថ្ងៃទី​២ ខែកញ្ញា នា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​នៅ​អ៊ីស្រាអែល​។ បើតាម​សារព័ត៌មាន Rappler ប្រធានាធិបតី​ហ្វីលីពីន​ដដែល​នេះ ក៏បាន​ស្នើ​ឲ្យ​លោក អូ​បា​ម៉ា លើកលែងទោស​ឲ្យ​លោក​វិញ​ផង បើ​លោក អូ​បា​ម៉ា ពេញចិត្ត​នឹងធ្វើ​បែប​នោះ​។​
 
​តាមពិតទៅ មួយរយៈ​ខ្លី​ក្រោយ​បាន​ជេរ​លោក អូ​បា​ម៉ា លោក ឌូ​ទើ​តេ ក៏បាន​បង្ហាញ​ការសោកស្ដាយ​វិញ​ដែរ​។ លោក​ធ្លាប់បាន​ពន្យល់​វិញ​ថា លោក​គ្រាន់តែ​ខឹង​នៅពេលដែល​សារព័ត៌មាន​លើកឡើងថា​លោក អូ​បា​ម៉ា នឹង​បង្រៀន​លោក​ពី​រឿង​«​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​» ប៉ុណ្ណោះ​។ យ៉ាងណាមិញ លោក​ក៏​មិន​នឹកស្មានថា សម្តី​របស់លោក​ផ្តល់​ឲ្យ​អ្នកសារព័ត៌មាន បែរ​ក្លាយទៅជា​រឿងចម្រូងចម្រាស​ឡើយ​។   
 
​លោក អូ​បា​ម៉ា មិនមែនជា​មេដឹកនាំ​ពិភពលោក​តែ​ម្នាក់​ដែល​ត្រូវ​លោក ឌូ​ទើ​តេ ប្រើប្រាស់​ពាក្យពេជន៍​ធ្ងន់ៗ​ដាក់​ឡើយ​។ ប្រមុខ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ប្រទេស​នៅ​អឺរ៉ុប សុទ្ធតែ​ធ្លាប់​ត្រូវ​លោក ឌូ​ទើ​តេ ពន្លះ​គ្មាន​ប្រណី​មាត់​ឡើយ​។ ឯ​រឿង​វិញ គឺ​ដូចគ្នា​។ មេដឹកនាំ​ទាំងនោះ បាន​រិះគន់​សង្គ្រាម​បោសសម្អាត​គ្រឿងញៀន​របស់លោក ឌូ​ទើ​តេ ដែល​សម្លាប់​មនុស្ស​ជាច្រើន​៕
 

Tag:
 ហ្វីលីពីន​
  អាមេរិក​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  បា​រ៉ា​ក់ អូ​បា​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com