ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បះ
របាំសហសម័យរឿង”ក្មេងឃ្វាលក្របី
× របាំសហសម័យមានចំណងជើងថា “ក្មេងឃ្វាលក្របី” បានរៀបរាប់ពីដំណើរជីវិតរបស់ក្មេងប្រុសខ្សោយប្រព័ន្ធបញ្ជាខួរក្បាលមួយរូប ដែលរស់នៅឯកោ គ្មានអ្នកយកចិត្តទុកដាក់។ ដោយសារតែពិការភាព ធឿន យល់ថា មានតែសត្វក្របីតែមួយគត់ដែលជាមិត្តយល់ចិត្តរបស់គេ។ ពន្លឺជីវិតថ្មីមួយ បានចូលក្នុងគំនិតរបស់សិល្បករ សឿន ធឿន ក្រោយពីបានរៀនសិល្បៈនៅអង្គការ Epicarts។
សូមលោក លោកស្រីអញ្ជើញស្ដាប់បទយកការណ៍ដែលរៀបរៀង ដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
រឿង«ក្មេងឃ្វាលក្របី» និយាយពីក្មេងប្រុសម្នាក់ខ្សោយប្រព័ន្ធបញ្ជាខួរក្បាល ដែលខ្វះអារម្មណ៍ស្និទ្ធស្នាលនឹងមនុស្សជុំវិញខ្លួន សូម្បីតែគ្រួសាររបស់គេ។ មិត្តដែលយល់ចិត្តគេបំផុតគឺក្របី ព្រោះវាមិនដែលសម្ដែងការភ្ញាក់ផ្អើលពេលឃើញរូបរាងរបស់គេ ដូចជាមនុស្សទូទៅឡើយ។
ពីក្មេងឃ្វាលក្របី ដែលគ្មានសេចក្ដីក្លាហានប្រឈមមុខនឹងមនុស្សទូទៅ ព្រោះតែពិការភាពពេលនេះ សឿន ធឿន បានក្លាយជាសិល្បករសហសម័យដែលមានទំនុកចិត្តលើខ្លួនឯង និងហ៊ានបង្ហាញពីអតីតកាលរបស់ខ្លួន។ ការណ៍នេះបានស្ដែងចេញតាមរយៈ ទស្សនីយភាពរបាំសហសម័យមួយមានចំណងជើងថា “ក្មេងឃ្វាលក្របី”។ រឿងនេះ មានតួសម្ដែង២រូបគឺ សឿន ធឿន (ជនខ្សោយប្រព័ន្ធបញ្ជាខួរក្បាល) ជាតួអង្គឯក និង ឡាយ ណូត (ជនមានពិការភាពផ្នែកគថ្លង់) ដើរតួជាក្របី។
សរសៃចេះតែទាញដៃ ក្បាល និងមាត់ ពេលដែលនិយាយម្ដងៗ នេះជាអាការៈរបស់មនុស្សខ្សោយប្រព័ន្ធបញ្ជាខួរក្បាល ដែល ធឿន កំពុងមានសព្វថ្ងៃ។ អាចនិយាយបានតិចតួច តែប្រហែលជាមនុស្សធម្មតាមិនអាចស្ដាប់ពាក្យដែល ធឿន ចង់និយាយបានទេ ព្រោះគេស្ទើរតែនិយាយដូចជាមនុស្សគទៅហើយ។ ឆ្លើយប្រាប់សារព័ត៌មានថ្មីៗ ដោយមានអ្នកជួយប្រែសម្រួលផងនោះ ធឿន បានបញ្ជាក់ថា មុនស្គាល់អង្គការ Epicarts ខ្លួនមិនចង់ចាកចេញពីផ្ទះជួបមនុស្សដទៃ ក្រៅពីក្របីរបស់គេទេ ហើយក៏មិនចង់មករៀននៅ Epicarts ដែរ។
ក្រោយពីមានការជំរុញពីម្ដាយ និងពូរបស់ខ្លួន ក្នុងឆ្នាំ២០១៥ ធឿន បានមករៀននៅអង្គការ Epicarts ដែលជាអង្គការមួយបង្កើតជំនាញដល់ជនមានពិការភាព។ ធឿន មករៀននៅទីនេះផ្នែករបាំសហសម័យ។ ការពត់ដៃពត់ជើងមិនមែនជារឿងសាមញ្ញឡើយ សម្រាប់ ធឿន ក្នុងវ័យបច្ចុប្បន្ន៣០ឆ្នាំ។ កុំថាឡើយមនុស្សដែលខ្សោយប្រព័ន្ធបញ្ជាខួរក្បាលដូចជាគេ សូម្បីមនុស្សធម្មតាក៏ពិបាកធ្វើកិច្ចការដែលត្រូវបញ្ចេញកម្លាំងខ្លាំងនេះដែរ។ ការឈឺចុកចាប់តាមសាច់ដុំ សរសៃ ដៃជើង តែងកើតមានរាល់ថ្ងៃទៅលើសិល្បកររូបនេះ។ ទោះមានការលំបាកយ៉ាងណាក៏ដោយ បុរសមកពីខេត្តកំពតរូបនេះ មិនចង់ត្រឡប់ទៅផ្ទះរបស់ខ្លួនវិញឡើយ ព្រោះមនុស្សនៅទីនេះល្អជាងមិត្តក្របីរបស់គេទៅទៀត។ លោក សឿង ធឿន បញ្ជាក់៖ «ដំបូងមិនចង់មកទេព្រោះមិនស្គាល់គេមកតែម្នាក់ឯង។ ពេលបានមករៀនហើយមិនចង់ទៅផ្ទះវិញទេ ព្រោះនៅទីនេះមានអ្នកយល់ចិត្តច្រើន»។
ងាកមក ឡាយ ណូត ជាជនមានពិការភាពគថ្លង់ ដែលសម្ដែងក្នុងរឿង”ក្មេងឃ្វាលក្របី”នេះដែរ។ មិនអាចនិយាយបាន ស្ដាប់ក៏មិនឭ ណូត ត្រូវទៅរៀននៅសាលាជាមួយមនុស្សធម្មតា ហើយគ្រូនៅទីនោះក៏មិនចេះសញ្ញាគថ្លង់ដែរ។ ការណ៍នេះបានធ្វើឱ្យ ណូត ពិបាកចិត្តយ៉ាងខ្លាំង នឹងបានឈប់រៀននៅថ្នាក់ទី៤។ ក្រោយពីបានទៅរៀននៅអង្គការកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ ក្នុងឆ្នាំ២០០៦ និងបានរៀនសញ្ញា គ ថ្លង់ ណូត ក៏បានមកធ្វើការនៅក្នុងអង្គការ Epicarts ជាអ្នករាំ និងជាអ្នកបង្រៀនចលនាហាត់រាំ។ ភ្នែកមើលទៅអ្នកបកប្រែភាសាគថ្លង់មិនប្រិច ណូត ត្រូវមើលគ្រប់កាយវិការរបស់អ្នកបកប្រែ ដើម្បីអាចឆ្លើយសំណួររបស់អ្នកការសែតបាន។ តាមរយៈអ្នកបកប្រែ ណូត បាននិយាយថា ទោះបីជាគេមិនមានកាយសម្បទាគ្រប់គ្រាន់ ដូចជាមនុស្សទូទៅ តែគេនៅតែបន្តរស់ដោយស្នាមញញឹម និងលើកទឹកចិត្តខ្លួនឯងជានិច្ច។ «ពេលមិនទាន់បានរៀនសញ្ញាគថ្លង់ ពិបាកចិត្តណាស់។ នៅផ្ទះប្រើកាយវិកាជាមួយសមាជិកគ្រួសារ។ ពេលបានរៀនសញ្ញាគថ្លង់ ពីមួយថ្ងៃទៅមួយថ្ងៃរស់ដោយស្នាមញញឹម និងមានទោទកភាពនិងខ្លួនឯងព្រោះមានការងារធ្វើ និងបានបញ្ចេញសមត្ថភាពឱ្យគេឃើញ»។ នេះជាការបញ្ជាក់របស់ ឡាយ ណូត តាមរយៈអ្នកបកប្រែ។
លោក អ៊ូ ប៊ុនថេង ប្រធានផ្នែកប្រតិបត្តិ និងអ្នកដឹកនាំក្រុមសម្ដែង នៅអង្គការ Epicarts បានលើកឡើងថារឿង “ក្មេងឃ្វាលក្របី” និពន្ធឡើងដើម្បីជាសារមួយផ្ញើទៅកាន់ជនមានពិការភាពទាំងអស់ឱ្យមានក្ដីសង្ឃឹមក្នុងជីវិត។ សាច់រឿងនេះនិពន្ធឡើងដោយ Epicarts ហើយជនជាតិអង់គ្លេសពីររូបជាអ្នកដំឡើងជារបាំសហសម័យ។ លោក ប៊ុនថេង ថា ការហាត់របាំនេះមានការលំបាកច្រើន ដោយ ធឿន ពិបាកក្នុងការប្រើកាយវិការ ហើយ ណូត វិញ មិនអាចស្ដាប់សំឡេងបាន ដូច្នេះការផ្ដល់និងទទួលព័ត៌មានត្រឡប់វិញ គឺជាបញ្ហា។ រឿង “ក្មេងឃ្វាលក្របី” នេះ ទើបតែដំឡើងបានពាក់កណ្ដាលសាច់រឿងតែប៉ុណ្ណោះ នៅវគ្គបន្ត ធឿន ហើយនឹង ណូត ត្រូវទៅហាត់បញ្ចប់ស្នាដៃនៅប្រទេសអង់គ្លេស និងសម្ដែងនៅទីនោះផងនៅថ្ងៃខាងមុខ។ លោក អ៊ូ ប៊ុនថេង បញ្ជាក់៖«ធឿន គាត់ ពិបាកធ្វើកាយវិការដូចយើងអ្នកធម្មតា ព្រោះប្រព័ន្ធបញ្ជាខួរក្បាលរបស់គាត់មិនអាចបញ្ជាកាយវិការបានដូចយើង។ ណូត វិញគាត់ស្ដាប់មិនឭដូច្នេះ ពេលហាត់ម្ដងៗយើងត្រូវដាក់ឧបករណ៍បំពងសំឡេងនៅជាប់កម្រាល ហើយបើកឭៗ ដើម្បីឱ្យគាត់ញ័រទ្រូង ទើបគាត់អាចដឹងចង្វាក់។ ពួកគាត់ត្រូវទៅហាត់ស្នាដៃនេះនៅវគ្គបញ្ចប់នៅប្រទេសអង់គ្លេសនៅថ្ងៃខាងមុខដែរ»។
ប្រធានផ្នែកប្រតិបត្តិ នៃអង្គការដែលមានបេសកម្មជួយជនពិការនៅកម្ពុជា ប្រើប្រាស់ការសម្ដែងដើម្បីបង្កើនការយល់ដឹងពីពិការភាព និងចង់ឱ្យសង្គមមួយផ្នែកធំ ឃើញពីតម្លៃរបស់ពួកគេ បានលើកទឹកចិត្តដល់ជនមានពិការភាពទាំងអស់ ឱ្យមានការស្រឡាញ់ ឱ្យតម្លៃ និងជឿលើខ្លួនឯងថាអាចធ្វើបាន។ លោកថាជាដំបូងពួកគេត្រូវមើលឱ្យឃើញពីចំណុចខ្លាំងរបស់ខ្លួន ហើយព្យាយាមបង្ហាញវាទៅកាន់អ្នកដទៃ។ « ជនមានពិការភាពភាគច្រើនមិនត្រូវបានសង្គមយកចិត្តទុកដាក់ដូច្នេះពួកគាត់ត្រូវរស់ដាច់ពីគេ។ ខ្ញុំចង់ឱ្យអ្នកដែលមានពិការភាពទាំងអស់ត្រូវមើលឱ្យឃើញពីចំណុចខ្លាំងរបស់ខ្លួន ហើយបង្ហាញវាទៅកាន់អ្នកដទៃ។ អ្វីដែលសំខាន់សូមឱ្យគាត់ស្រឡាញ់ខ្លួនឯង ឱ្យតម្លៃ និងជឿលើខ្លួនឯងថាអាចធ្វើបាន៕
Tag:
របាំសហសម័យ
សិល្បៈ
របាំ
© រក្សាសិទ្ធិដោយ thmeythmey.com